សម្ពោធ​ស្ពានបេតុង​សរសៃដែក​នៃ​គម្រោង KUSANONE Grant ជប៉ុន​នៅ​ឃុំ​គយ​ម៉ែង​ស្រុក​មង្គល​បូរី

434
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ​
​បន្ទាយមានជ័យ​:
ស្ពានបេតុង​ប្រវែង ២៤​ម៉ែត្រ​ទទឹង ៤,៥​ម៉ែត្រ ឋិត​ក្នុងភូមិ​កសាង​ថ្មី​ឃុំ​គយ​ម៉ែង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ដែលជា​គម្រោង​អំណោយ​របស់​ប្រជាជន​ជប៉ុន និង​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ជំនួយ​ឧបត្ថម្ភ​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ ( KUSANONE Grant ) កាលពី​ថ្ងៃទី​១២​ខែកក្កដា​ឆ្នាំ​២០១៩ ត្រូវបាន​សម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់​។​

​លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​និយាយថា ស្ពានបេតុង​សរសៃដែក​នេះ មាន​ចម្ងាយ ១០​គីឡូម៉ែត្រ​ពី​ទីប្រជុំជន​ស្រុក​មង្គលបុរី – បំបែក​ផ្លូវជាតិ​លេខ ១៥៦​ដេ​និង​ស្ថិតក្នុង​ភូមិ​កសាង​ថ្មី​ឃុំ​គយ​ម៉ែង​ស្រុក​មង្គលបុរី​។​

​តាមរយៈ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​ខណៈ​ពេលដែល​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ចុះ​ពិនិត្យ​គម្រោង​ស្ដារឡើងវិញ​ផ្លូវ​ខេត្ត​លេខ​១៥៦​ដេ ក្នុងស្រុក​មង្គលបុរី​ដ​ល់​ព្រះនេត្រព្រះ​ប្រវែង​២៤.២ គីឡូម៉ែត្រ​ទទឹង​៦​ម៉ែត្រ​ស្រោច​កៅស៊ូ​បែប​ថ្ម​ពីរ​ជាន់​ប្រភេទ​DBST ក្រោម​ឥណទាន​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB) និង​បន្ទាប់ពី​ការឆ្លង​ពី​ថ្នាក់ដឹកនាំ​ក្រសួង​មក មន្ទីរ​ក៏បាន​ដាក់​ពាក្យសុំ​គម្រោង​ទៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ចំនួន​៣​គម្រោង​កាលពី​ឆ្នាំ ២០១៥​។​

​ក្រុមការងារ​ស្ថានទូត​បាន​ចុះ​ពិនិត្យ​គម្រោង​តាម​ការស្នើសុំ ។ រហូតដល់​ខែមិថុនា​ឆ្នាំ​២០១៨ បាន​យល់ព្រម ហើយ​អនុវត្ត​នីតិវិធី​ដេញថ្លៃ​។ ដោយមាន​ការយល់ព្រម​ពី​ស្ថានទូត​ជប៉ុន មន្ទីរ​បានជ្រើសរើស​ក្រុមហ៊ុន​សាងសង់​ឈ្មោះ Solution E&C Co.,Ltd ដើម្បី​សាងសង់​គម្រោង​ស្ពាន​នេះ​។ ដំណាក់កាល​នៃ​ការចុះកិច្ចសន្យា​និង​ការសាងសង់​បានចាប់ផ្តើម​ពីថ្ងៃ​ទី ៦​ខែវិច្ឆិកា​ឆ្នាំ​២០១៨. រហូតដល់​ថ្ងៃទី​១០​ខែឧសភា​ឆ្នាំ​២០១៩ ការងារ​សាងសង់​បានបញ្ចប់​១០០ % តាម​កិច្ចសន្យា​។​

​លោក តូ​មី​ហ៊ី​រ៉ូ ខា​ណា​តាក លេខា​ទី​១​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា ខណៈពេលដែល​សំណង់​អគារ​ត្រូវបាន​ក្លាយជា​អាទិភាព​នៅ​ក្នុង​ជំនួយ​ឧបត្ថម្ភ ដើម្បី​អភិវឌ្ឍន៍​របស់​ប្រទេស​ជប៉ុន សម្រាប់​ប្រទេស​កម្ពុជា​គម្រោង​ជាច្រើន ត្រូវបាន​ធ្វើអោយ​ប្រសើរឡើង និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ត្រូវបាន​ចាប់ផ្ដើម ក្នុងនោះ​រួមមាន​ទាំង​នៅក្នុង​តំបន់​ជនបទ​ផងដែរ​។​

​លោក​សង្ឃឹមថា ស្ពាន​ជំនួយ​ឧបត្ថម្ភ​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ (​ជំនួយ​គូ​សាណូ​ណិ​) នេះ​នឹង​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាជន​ទូទៅ​ជាង ៧,២០០​នាក់ ដែល​រស់នៅក្នុង​មូលដ្ឋាន​នេះ ។ ស្ពាន​នេះ​គឺ​នឹង​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទូទៅ​។ ហើយ​កាន់តែ​ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល សម្រាប់​ពួកគេ​ធ្វើដំណើរ​ទៅកាន់​សាលារៀន មន្ទីរពេទ្យ ផ្សារ ព្រមទាំង​ជួយ​ជំរុញ​ដល់​ការដឹកជញ្ជូន​ផលិតផល​កសិកម្ម​នានា​ទៅកាន់​ទីផ្សារ​ឲ្យ​កាន់តែ​ប្រសើរឡើង​។​

​លោក ង៉ៅ ម៉េង​ជ្រួ​ន អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​មានប្រសាសន៍ថា ក្នុងនាម​ថ្នាក់ដឹកនាំ​ខេត្ត លោក​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​រាជរដ្ឋាភិបាល​ជប៉ុន និង​ប្រជាជន​ជប៉ុន​ដែល​ផ្តល់ជំនួយ​កសាង​ស្ពាន​ដ៏​សំខាន់​នេះ​។​

​រដ្ឋបាលខេត្ត​សូម​ប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​ថា​នឹង​ខិតខំ​ថែរក្សា​សមិទ្ធផល​នេះ​អោយបាន​ឋិតថេរ​និង​ប្រើប្រាស់​អោយចំ​គោលដៅ​។ ហើយ​តប​តាម​តម្រូវការ នៃ​ការធ្វើ​ចរាចរណ៍​ដឹកជញ្ជូន​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​សង្គម លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ក៏ដូចជា​នៅ​ឃុំ​គយ​ម៉ែង​ក្នុងស្រុក​មង្គល​បូរី​ទាំងមូល​៕ ល​

#