សម្ពោធ «​គម្រោង​រចនា​ច្រក​ដើរ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​»

118
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: «​រួមគ្នា​ឆ្ពោះទៅ អភិវឌ្ឍ​ដោយ​ចីរភាព​» នេះ​ជា​ពាក្យ​មួយ​ឃ្លា​សរសេរ​ធំៗ​នៅលើ​ជញ្ជាំង​លើផ្លូវ​ដើរ​មួយកន្លែង​ប្រសិទ្ធ​នាម​ថា​«​គម្រោង​រចនា​ច្រក​ដើរ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​» នា​ទីស្តីការ​ក្រសួងបរិស្ថាន ដែល​បានដាក់​សម្ពោធ​ជា​ផ្លូវការ នា​ថ្ងៃទី​២៧ ខែ​កុ​ម្ភះ ឆ្នាំ​២០២០ ក្រោម​អធិបតី​តី​ភាព ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រួ​ង​បរិស្ថាន រួមជាមួយ តំណាង​ក្រសួង​ស្ថាប័ន​មួយចំនួន និង ដៃគូ​អភិវឌ្ឍន៍ ជាច្រើន​នាក់​។

​លោក ទិន ពន្លក អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍ​ដោយ​ចីរភាព បានឱ្យដឹងថា គម្រោង​នេះ​រៀបចំឡើង​ដើម្បី​ផ្សព្វផ្សាយ​លើកកម្ពស់​ការយល់ដឹង​ដល់​សាធារណជន​អំពី​តួនាទី​និង​ភារកិច្ច​របស់​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍ​ដោយ​ចីរភាព ការពង្រឹង​ស្មារតី​មន្ត្រីរាជការ​ឱ្យ​ចេះ​ស្រឡាញ់​បរិស្ថាន និង​ទាក់ទាញ​សិស្ស និស្សិត​និង​សាធារណជន អំពី​ការអភិវឌ្ឍន៍​ដោយ​ចីរភាព​នៅ​កម្ពុជា​។​

​លោក Nick Beresford ប្រធាន​កម្មវិធី​អភិវឌ្ឍ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា (UNDP) បាន​បញ្ជាក់ថា ក្រសួងបរិស្ថាន បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ផ្សព្វផ្សាយ និង​ផ្តល់​ចំណេះដឹង​ដល់​សាធារណជន ជាពិសេស​ផ្តល់​ការអប់រំ​បរិស្ថាន​ទាំង​ក្នុង​ប្រព័ន្ធ និង​នៅក្រៅ​ប្រព័ន្ធ ព្រោះ​ថាបើ​កុមារ​មានការ​យល់ដឹង​ពី​ធនធានធម្មជាតិ និង​បរិស្ថាន គេ​ចូលរួម​ការពារ និង​អភិរក្ស​។ លោក​សូម​ចូលរួម​អបអរសាទរ​ចំពោះ​ការរៀបចំ​ឱ្យមាន​គម្រោង​នេះ​ឡើង ដោយមាន​រូបភាព និង​ការ​រចនា​យ៉ាង​ល្អ ដែលមាន​អត្ថន័យ​នៃ​ការទទួលខុសត្រូវ និង​ក្តី​ស្រឡាញ់​ចំពោះ​ការងារ​របស់​មន្ត្រីរាជកា​រទាំង​អស់​។​

​ក្នុងឱកាស​នោះ​សាយ សំ​អាល់ បានបង្ហាញ​នូវ​មនោសញ្ចេតនា​រីករាយ​ជាមួយ​ការបង្កើតបាន​សមិទ្ធផល​ថ្មី​នៅថ្ងៃនេះ ដែល​ប្រៀបប្រដូច​នឹង​«​វិថី​សិ​ល្បះ​បរិស្ថាន​ក្នុង​អគារ​មតក​តេ​ជោ​»​។ លោក​បាន​បន្តថា នេះ​ជា​មោទនភាព​សម្រាប់​ទាំងអស់គ្នា ដែល​យើង​បាននិងកំពុង​អនុវត្ត​ការរៀបចំ​គោលនយោបាយ​សាធារណៈ​លើ​វិស័យ​បរិស្ថាន​បានល្អ និង​មាន​អត្ថន័យ​ដ៏​ធំធេង ជា​វិថី​មួយ​ដែល​កម្ពុជា​កំពុង​ដើរ​លើផ្លូវ​ដ៏​ត្រឹមត្រូវ​បំផុត​។

​លោក​បាន​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ពី​សិស្ស និស្សិត ទស្សនា​ផ្ទាំងទស្សនីយភាព​គំរូ ដែល​បង្កប់​នូវ​ខ្លឹមសារ ព័ត៌មាន និង​រូបភាព​ប្រទាក់ក្រឡា និង​មាន​អត្ថន័យ​ជ្រាលជ្រៅ បង្ហាញ​ពី​គោលដៅ​ឆ្ពោះទៅ​ការអភិវឌ្ឍន៍​ដោយ​ចីរភាព​នៅ​កម្ពុជា និង​លើកទឹកចិត្ត​ឱ្យ​មន្ត្រីរាជការ​ក្រសួងបរិស្ថាន​បន្ត​ការខិតខំ​ប្រឹងប្រែង ចូល​រូ​ម​ក្នុង​បុព្វហេតុ​បរិស្ថាន​ដើម្បី​អនាគត​កម្ពុជា​រុងរឿង​៕