សម្ពោធ “​សប្ដាហ៍​ភាពយន្ត​ចិន​” និង “​ដំណើរ​ភាពយន្ត​ចល័ត​ខ្មែរ​-​ចិន​ដ៏​ឆ្នើម​លើក​ទី ៣”

1649
ចែករម្លែក
  • 8
    Shares

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: ពិធី​សម្ពោធ “​សប្ដាហ៍​ភាពយន្ត​ចិន​” និង “​ដំណើរ​ភាពយន្ត​ចល័ត​ខ្មែរ​-​ចិន​ដ៏​ឆ្នើម​លើក​ទី​៣” បាន​ប្រារព្ធ​ធ្វើឡើង​នៅ​សាល​មហោស្រព​ចតុម្មុខ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១០ ខែកក្កដា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ជំទាវ​ក​ត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច លោក ស្យុ​ង ប៉រ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លោក ឯក សំអុល ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​-​ចិន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា តំណាង​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​តំណាង​ស្ថ​ប័ន​ផ្សេងៗ​ទៀត ព្រមទាំង​ទស្សនិកជន​សរុប​ចំនួន​ជិត​មួយ​ពាន់​នាក់​បាន​ចូលរួម​។

​អ្នកចូលរួម​ក្នុង​កម្មវិធី​ទាំងអស់នេះ ក៏បាន​ទស្សនា​ខ្សែភាពយន្ត​ដំបូង​គេ​ដែល​បាន​បញ្ចូល​សំឡេង​ជា​ភាសា​ខ្មែរ គឺ​រឿង ក្រុម​នារី​ខ្យល់​គួច ។

​លោក​ស្យុ​ង ប៉រ បាន​គូសបញ្ជាក់ថា ខ្សែភាពយន្ត​គឺជា​ស្ពាន​មួយ​ដ៏​សំខាន់ ក្នុងការ​ពង្រឹង​ការស្វែងយល់​ពីគ្នា​ទៅវិញទៅមក​រវាង​ប្រជាជន​និង​ប្រជាជន ព្រមទាំង​ជួយ​ជំរុញ​ការផ្លាស់ប្ដូរ ទំនាក់ទំនង​ផ្នែក​វប្បធម៌​ផងដែរ​។ ជាមួយគ្នានេះដែរ​កម្មវិធី “ ដំណើរ​ភាពយន្ត​ចល័ត​ខ្មែរ​-​ចិន​ដ៏​ឆ្នើម​” បាន​ប្រារព្ធ​ធ្វើឡើង​ចំនួន​ពីរលើក​រួចមកហើយ​។

​ពីរ​ឆ្នាំ​កន្លងទៅនេះ ក្រុម​បញ្ចាំងភាពយន្ត​នៃ​ប្រទេស​ទាំងពីរ​បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​ទីជនបទ​ដាច់ស្រយាល សហគមន៍ សាលារៀន ទីបញ្ជាការដ្ឋាន​កងទ័ព និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាដើម នៅក្នុង​១៤​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា ហើយ​បាន​ចាក់​បញ្ចាំងភាពយន្ត​ចិន​ដ៏​ឆ្នើម​ជិត​១០​រឿង និង​ភាពយន្ត​ខ្មែរ​ជាច្រើន​រឿង​ទៀត ដែលមាន​ចំនួន​២៤​លើក​ចាក់​ជូន​ប្រជាជន​កម្ពុជា​ទស្សនា ដែល​រស់​នៅតាម​បណ្ដា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប និង​តាម​តំបន់​ផ្សេងៗ​ទៀត ដែលមាន​ចំនួន​ជិត​៤​ម៉ឺន​នាក់ ព្រមទាំង​បានផ្ដល់​នូវ​ច្រក​ថ្មី​មួយ​សម្រាប់​ឱ្យ​ប្រជាជន​កម្ពុជា​នៅតាម​តំបន់ សាធារណៈ​និង​ទីជនបទ​ក្នុងប្រទេស​កម្ពុជា​យល់ដឹង​អំពី​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ស្ថានភាព​បច្ចុប្បន្ន​របស់ ប្រទេស​ចិន​ផងដែរ ហើយ​បាន​ក្លាយទៅជា​ស្លាក​សញ្ញា​ដ៏​សំខាន់​សម្រាប់​ការផ្លាស់ប្ដូរ​វប្បធម៌​មនុស្សជាតិ រវាង​ប្រជាជន​នៃ​ប្រទេស​យើង​ទាំងពីរ ។​

​ក្នុងឱកាស​ដ៏​ឧត្តុង្គឧត្តម​នេះដែរ លោកជំទាវ​ក​ត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​មានប្រសាសន៍ថា តាមរយៈ សប្ដាហ៍​ភាពយន្ត​ចិន​នេះ នឹងធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​យល់​កាន់តែច្បាស់​អំពី​វប្បធម៌​ចិន និង​មិត្តភាព​កម្ពុជា​ចិន ស្រប​ពេលដែល​ព្រឹត្តិការណ៍​លើកទីមួយ​គឺ “​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​ខ្មែរ​ជុំវិញ​បឹង​ទន្លេសាប​” នៅ​ឆ្នាំ​២០១៦ និង​លើក​ទី​ពីរ​គឺ ”​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​ខ្មែរ​ដ៏​ឆ្នើម​លើក​ទី​២”​នៅ​ឆ្នាំ​២០១៧ បាន​បង្កើតឡើង ហើយ​ដែល​ព្រឹត្តិការណ៍​ទាំងពីរ​លើក​នេះ សុទ្ធតែ​ទទួលបាន​នូវ​ភាពជោគជ័យ និង​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​នៅតាម​តំបន់​ដែល​បាន​ចុះទៅ​ចាក់​បញ្ចាំង ហើយ​សម្រាប់​លើក​ទី​៣​នេះ យើង​សង្ឃឹមថានឹង​កាន់តែ​ទទួលបាន​ជោគជ័យ​ខ្លាំងក្លា​បន្ថែមទៀត​។​

​កម្មវិធី “​សប្ដាហ៍​ភាពយន្ត​ចិន​” និង “​ដំណើរ​ភាពយន្ត​ចល័ត​ខ្មែរ​-​ចិន​ដ៏​ឆ្នើម​លើក​ទី ៣”​នេះ មានការ​សហការ​ចូល​រួម​ពី​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​កម្ពុជា និង​រៀបចំ​ផ្ទាល់​ដោយ​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន​នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន និង​ក្រុមហ៊ុន​ភាពយន្ត​ចិន​គ្រុប​។

​កម្មវិធី​“​សប្ដាហ៍​ភាពយន្ត​ចិន​”​នេះ មាន​រយៈពេល​៥​ថ្ងៃ ហើយក៏​ជា​កម្មវិធី​ដ៏​សំខាន់​មួយ​សម្រាប់​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ចិន ផងដែរ ក្នុង​គោលបំណង​ដើម្បី​ជំរុញ​និង​ពង្រឹង​ការផ្លាស់ប្ដូរ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ សិល្បៈ និង​ភាពយន្ត​របស់​ប្រទេស​ទាំងពីរ​ឱ្យបាន​ស៊ីជម្រៅ​ថែម​មួយកម្រិត​ទៀត​។
​ក្នុងអំឡុងពេល​នៃ​ព្រឹត្តិការណ៍​”​សប្ដាហ៍​ភាពយន្ត​ចិន​”​នេះ ក៏មាន​ការចាក់​បញ្ចាំង​ភាពយន្ត​ដ៏​ឆ្នើម​របស់​ចិន​ដែល​បញ្ចូល​សម្លេង​ជា​ភាសា​ខ្មែរ​ជូន​ប្រជាជន​កម្ពុជា​ទស្សនា​ដោយ​ឥតគិតថ្លៃ រួមមាន​រឿង ក្រុម​នារី​ខ្យល់​គួច រឿង ប្រតិបត្តិការ​សមុទ្រ​ក្រហម រឿង អ្នក​ចម្បាំង​ចចក ជាដើម​។ ម្យ៉ាងវិញទៀត​ភាពយន្ត​ទាំងនេះ​នឹងធ្វើ​ដំណើរ​ទៅកាន់​អគ្គ​ទីបញ្ជាការដ្ឋាន​កងទ័ព​ជើង​ទឹក​កម្ពុជា កង​យោធា​ឆ័​ត្រ​យោង …​ព្រមទាំង​យកទៅ​កាន់​តំបន់​មួយចំនួន​ក្នុង​ខេត្តរតនគិរី មណ្ឌលគិរី និង​ខេត្ត​ដែលជា​តំបន់​ដាច់ស្រយាល​ផ្សេងៗ​ទៀត​ក្នុងប្រទេស​កម្ពុជា ដើម្បី​ចាក់​បញ្ចាំង​ជូន​ប្រជាជន​នៅ​ទីនោះ​ទស្សនា​ដោយ​ឥតគិតថ្លៃ ។
​ពិធី​សម្ពោធ​នេះ​ផងដែរ
​ ​
​ជា​ឱកាស​ដ៏​ប្រពៃ​មួយ​ដែល​ស្រប​នឹង​ខួប​អនុស្សាវរីយ៍​១០​ឆ្នាំ នៃ​ដំណើរការ​ផ្សាយ​របស់​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន​នៃ​ស្ថានីយ៍​វិទ្យុ​អន្តរ​ជាតិចិន​ផងដែរ ដែល​ក្នុង​រយៈពេល​១០​ឆ្នាំនេះ វិទ្យុ​មិត្តភាព​កម្ពុជា​ទទួលបាន​ការពេញនិយម​យ៉ាងខ្លាំង​ពី​ប្រិយមិត្ត​អ្នក​ស្ដាប់​កម្ពុជា ហើយ​ថ្ងៃនេះ​អ្នក​ស្ដាប់​មួយចំនួន​ក៏បាន​មក​ចូលរួម​ក្នុង​កម្មវិធី​នា​ថ្ងៃនេះ​ផងដែរ​។ វិទ្យុ​មិត្តភាព​កម្ពុជា​ចិន បានចាប់ផ្ដើម​ចាក់ផ្សាយ​នៅ​ពីថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០០៨ ដែល​បច្ចុប្បន្ននេះ​មាន​ទីស្នាក់ការ​នៅ​រាជធានី​ភ្នំពេញ និង​ផ្សាយ​ក្នុង​រលកអាកាស FM96.5 MHz នៅ​រាជធានី​ភ្នំពេញ និង​សៀមរាប FM105 MHz ។ វិទ្យុ​មិត្តភាព​កម្ពុជា ផ្សព្វផ្សាយ​នូវ​សម្លេង​មិត្តភាព​នៃ​ប្រជាជន​ចិន​ជូន​ប្រជាជន​កម្ពុជា​៕ ល​

#