សម្ព័ន្ធភាព​រវាង​បងប្អូន​ផង គូសត្រូវ​ផង​!

125
ចែករម្លែក

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​សព្វថ្ងៃ​ដឹកនាំ​ដោយ ព្រះ​បុត្រា​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ដឹកនាំ​ដោយ លោក ញឹក ប៊ុនឆៃ បានប្រកាស​ពី​ការត្រៀម​ច្របាច់​បញ្ចូល​គ្នា ជា​គណបក្ស​តែមួយ​ឡើងវិញ នាពេលខាងមុខ​នេះ​ដោយ ដើមឡើយ លោក ញឹក ប៊ុនឆៃ មនុស្ស​ជំនិត និង​ជា​ថ្នាក់ដឹកនាំ ជាន់ខ្ពស់​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​បែក​គ្នា​ជាមួយ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពី​ឆ្នាំ​២០០៦​។
​ ​
​សេចក្តីប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដែលមាន​លោក ញឹក ប៊ុនឆៃ ជា​ប្រធាន ចុះ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ បង្ហាញថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ នឹងធ្វើ​សមាជ​វិសាមញ្ញ នៅពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ធ្វើកំណែទម្រង់​រចនាសម្ព័ន្ធ ដឹកនាំ គណបក្ស មុននឹង​ធ្វើ​សមាជ​រួមបញ្ចូល​គ្នា​រវាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម ជាតិ ឲ្យ​ទៅជា​គណបក្ស​តែមួយ នឹង​ប្រព្រឹត្តទៅ​នាពេល​សមស្រប​ណាមួយ​។

​ជាការ​កត់សម្គាល់ ក្រោយពេល​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ ស​ហ្វ៊ុន ស៊ិនប៉ិច ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ផ្លូវជាតិ​លេខ​៤ កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ សម្តេចក្រុមព្រះ ដែល​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ បានសម្រេច​តែងតាំង​ព្រះ​បុត្រា​ច្បង​របស់​ព្រះអង្គ គឺ​ព្រះអង្គ ម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ​ជា​ប្រធាន ស្តីទី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បន្ត​ដល់​សព្វថ្ងៃ ខណៈ ដែល​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះជន្ម​ជិត ៧៦​ព្រះវស្សា មាន​ព្រះ​សុខភាព​ទ្រុឌទ្រោម គង់​លើ​រទេះរុញ​។​

​ក្នុងពេល​ថ្មីៗ​នេះ លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ចូលគាល់​សម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​ញឹកញាប់ ដើម្បី​ជជែក​ពី​ការ​ចងសម្ព័ន្ធភាព និង​ឈានទៅ​ច្របាច់ បញ្ចូល​គ្នា ជា​គណបក្ស​តែមួយ​ឡើងវិញ រវាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួប រួម​ជាតិ​។​
​ ​
​ឯកសារ​បង្ហាញថា សម្តេចព្រះ នរោត្តម សីហនុ បាន​បង្កើត ហ្វ៊ុនស៊ិនប៉ិច នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្នុង​ខែកុម្ភៈ ឆ្នាំ​១៩៨១ ជា​ចលនា​តស៊ូ ដើម្បី​ប្រឆាំងនឹង​កងទ័ព​វៀតណាម នៅ​កម្ពុជា ក្រោយ​ការផ្តួលរំលំ​របប​ខ្មែរក្រហម​។ ចលនា​ហ្វ៊ុនស៊ិនប៉ិច បាន​តស៊ូ​ដោយ​ប្រដាប់ អាវុធ នៅ​ជាយដែន​កម្ពុជា​-​ថៃ ដែលមាន​ក្រុម​ចលនា​តស៊ូ ២​ក្រុម​ទៀត គឺ​ខ្មែរក្រហម និង​ក្រុម​របស់​លោកតា​សឺ​ន​សាន​។​

​ក្រោយមក ក៏មាន​ការចរចា​រវាង​សម្តេចព្រះ នរោត្តម សីហនុ និង​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ប្រទេស​បារាំង ក្នុង​ឆ្នាំ​១៩៨៧ រហូត​ឈានដល់​ការចរចា​ចម្រុះ និង​ចុះ​កិច្ចព្រមព្រៀង សន្តិភាព​នៅ​កម្ពុជា នាទី​ក្រុងប៉ារីស ថ្ងៃ​២៣ ខែតុលា ឆ្នាំ​១៩៩១​។​

​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ ចលនា​ហ្វ៊ុនស៊ិនប៉ិច​បានប្រែ ក្លាយ​ជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែលមាន​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះរាជ បុត្រ​សម្តេចព្រះ នរោត្តម សីហនុ ជា​ប្រធាន ហើយ​ចូលរួម​ការបោះឆ្នោត នៅ​ឆ្នាំ​១៩៩៣​។

​បន្ទាប់ពី​ការបោះឆ្នោត​រៀបចំ​ដោយ​អ៊ុនតាក់ នៅ​ឆ្នាំ​១៩៩៣ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែល​ឈ្នះ ការបោះឆ្នោត តែ​មិនមាន​សំឡេង​គ្រប់ ២ ភាគ ៣ នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​សរុប​ក៏បាន​បង្កើត រាជរដ្ឋាភិបាលចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ នៅ​ថ្ងៃទី​៥-៦ ខែកក្កដា ឆ្នាំ​១៩៩៧ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ផ្ទុះអាវុធ​ដាក់គ្នា​។ តែ​ក្រោយ​ហេតុ ការណ៍​បាញ់ប្រហារ​នោះ គណបក្ស​ទាំងពីរ ក៏​បន្ត​សម្ព័ន្ធភាព ក្នុង​រាជរដ្ឋាភិបាលចម្រុះ​នៅក្នុង រាជរដ្ឋាភិបាល អាណត្តិ​ទី​១ ពី​ឆ្នាំ​១៩៩៣-១៩៩៨ និង​នៅ​អាណត្តិ​ទី​២ ពី​ឆ្នាំ​១៩៩៨-២០០៣ ព្រមទាំង​នៅ​អាណត្តិ​ទី​៣ ពី​ឆ្នាំ​២០០៤-២០០៨ ( ក្រោយ​ការបោះឆ្នោត នៅ​ខែកក្កដា ឆ្នាំ​២០០៣ ក៏​ជាប់គាំង​នយោបាយ ១​ឆ្នាំ រហូតដល់​ឆ្នាំ​២០០៤ ទើប​បង្កើត​រាជរដ្ឋាភិបាល​ចម្រុះ​រវាង​ហ្វ៊ុន ស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា )​។
​ ​
​ប៉ុន្តែ​អំឡុង​ពាក់កណ្តាល​អាណត្តិ​ទី​៣ ពោលគឺ​នៅ​ឆ្នាំ​២០០៦ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​រង នូវ​ការ​រង្គោះរង្គើ បែកបាក់​ផ្ទៃក្នុង​ទ្រង់ទ្រាយ​ធំ​។ កាលណោះ គឺ​នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០០៦ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានធ្វើ​សមាជ​បក្ស ហើយ​បានសម្រេច​បណ្តេញ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចេញពី​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ សមាជ​បក្ស​ហ្វ៊ុនស៊ិនប៉ិច កាលណោះ ដឹកនាំ​ដោយ​លោក ញឹក ប៊ុនឆៃ លោក លឺ ឡាយស្រេង​រួមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស ហ្វ៊ុនស៊ិនប៉ិច ជាច្រើនរូប​ផ្សេងទៀត​។​

​ក្រោយ​សមាជ​ថ្ងៃ​១៨​តុលា ឆ្នាំ​២០០៦ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​ដែល​ទើបតែ​បាត់បង់ តួនាទី​ជា​ប្រធានរដ្ឋសភា ក៏បាន​ដឹកនាំ​អ្នក​ស្មោះស្ម័គ្រ​នឹង​ព្រះអង្គ ទៅ​បង្កើត​គណបក្ស​ថ្មី ឈ្មោះថា គណបក្ស​ជាតិនិយម​។ រីឯ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក៏បាន​ជ្រើសតាំង​លោក កែវ ពុទ្ធរស្មី ជា​ប្រធាន​។ លោក កែវ ពុទ្ធរស្មី ជា​ស្វាមី​សម្តេចព្រះ អនុជ នរោត្តម អរុណរស្មី ដែលជា​ព្រះអនុជ មាតា​ទីទៃ​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​។​

​ចាប់តាំងពី​បែកបាក់​គ្នា នៅ​ឆ្នាំ​២០០៦ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ជាតិនិយម​ដែល ក្រោយមក​បាន​ប្តូរ​ឈ្មោះ​ជា​គណបក្ស នរោត្តម រណឫទ្ធិ បាន​ក្លាយជា​គូប្រជែង​ក្នុងនាម​ជា គណបក្ស​រាជានិយម​ដូចគ្នា​។​

​ក៏ប៉ុន្តែ​នៅក្នុង​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០០៧ គណបក្ស​ទាំងពីរ​ទទួលបាន​សំឡេង គាំទ្រ និង​អាសនៈ តិចតួច​រៀងៗ​ខ្លួន​។ រីឯ​នៅក្នុង​បោះឆ្នោតជាតិ នៅ​ឆ្នាំ​២០០៨​គណបក្ស​ហ្វ៊ុន ស៊ិនប៉ិច និង​គណបក្ស​ជាតិនិយម ទទួលបាន​អាសនៈ​នៅ​រដ្ឋសភា​តែ ២​ម្នាក់​ប៉ុណ្ណោះ​។​
​ ​
ដោយសារតែ​លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០០៧ និង​ការបោះឆ្នោតជាតិ​នៅ​ឆ្នាំ២០០៨ ដូច្នេះហើយ បានជា​នៅ​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១០ គណបក្ស​ហ្វ៊ុន ស៊ិនប៉ិច​ដែល ក្រោយពី​លោក កែវ ពុទ្ធរស្មី ធ្វើជា​ប្រធាន ក៏ត្រូវ​ផ្លាស់ប្តូរ ថ្វាយ​សម្តេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឡើងជា​ប្រធាន ដោយមាន​លោក ញឹក ប៊ុនឆៃ នៅ​ពីក្រោយ​និង​គណបក្ស ជាតិនិយម របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ចងសម្ព័ន្ធ​ភាពជា​លើកដំបូង ជាមួយគ្នា​។ ការ​ចងសម្ព័ន្ធភាពរ​វាង​គណបក្ស​រាជានិយម បងប្អូន​គូប្រជែង​ទាំងពីរ កាលណោះ ដើម្បី​ប្រមូល​សំឡេងគាំទ្រ សម្រាប់​ចូលរួម​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០១២ និង​ការ បោះឆ្នោតជាតិ នៅ​ឆ្នាំ​២០១៣​។​
​ ​
ប៉ុន្តែ​សម្ព័ន្ធភាព​នេះ មិន​ស្ថិត​ថេរ​ទេ​។ ពេលខ្លះ​ចង ហើយ​ពេលខ្លះ​ផ្តាច់​ជា​ញឹកញាប់​។ ក្នុងនោះ ក្រោយ​ការបោះឆ្នោតជាតិ នៅ​ឆ្នាំ​២០១៣ នៅពេលដែល​គណបក្ស​ហ្វ៊ុន ស៊ិនប៉ិច របស់លោក ញឹក ប៊ុនឆៃ និង​គណបក្ស នរោត្តម រណឫទ្ធិ របស់​សម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ​មិន​ទទួល បាន​មួយ​អាសនៈ​សោះ នៅក្នុង​រដ្ឋសភា ទើប​លោក ញឹក ប៊ុនឆៃ​បានសម្រេច​យាង​សម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ ឲ្យ​ឡើងកាន់ តំណែង​ជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឡើងវិញ នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៥​។​
​ ​
យ៉ាងណាក៏ដោយ ក្រោយ​ការរួបរួម​ក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជាង ១​ឆ្នាំ ពោលគឺ​នៅ​ឆ្នាំ​២០១៦ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក៏បាន​បែកបាក់​ម្តងទៀត ដោយ​លោក ញឹក ប៊ុនឆៃ បាន​ដឹកនាំ​មនុស្ស ជំនិត​ជាច្រើន ចេញពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទៅ​បង្កើត​គណបក្ស​ថ្មី​មួយ មាន​ឈ្មោះថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។
​ ​
​គណបក្ស​ខ្មែរ​រួបរួម​ជាតិ របស់លោក ញឹក ប៊ុនឆៃ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច របស់​សម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ប្រជែង​គ្នា​ជាថ្មី ដើម្បី​ទាក់ទាញ​សំឡេង​អ្នករាជានិយម​នៅក្នុង ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០១៧ និង​ការបោះឆ្នោតជាតិ ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ឆ្នាំ​២០១៨​។ តែ​លទ្ធផល គឺ​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០១៧ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន ២៨​អាសនៈ ក្នុងចំណោម​អាសនៈ​ឃុំ​សង្កាត់​សរុប ១១.៥៧២ នាក់​ហើយ​គណបក្ស ខ្មែរ​រួបរួម​ជាតិ ទទួលបាន ២៤​អាសនៈ ។ រីឯ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ ២០១៨ គឺ​គណបក្ស​ទាំងពីរ មិន​ទទួលបាន​អាសនៈ​ឡើយ​។​
​ ​
សរុបមកនៅពេលនេះ នៅពេល​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មាន​ព្រះ​សុខភាព​ទ្រុឌ ទ្រោម ហើយ​ព្រះ​បុត្រា ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ ឡើងជា​ប្រធាន​ស្ត្រី​ទី​គណបក្សហ្វ៊ុនស៊ិនប៉ិច គឺអាច​នឹង​លោក ញឹក ប៊ុនឆៃ ដឹកនាំ​អ្នករាជានិយម វិល​ត្រឡប់ មក​គណបក្ស ដើម​វិញ ហើយ​រួមគ្នា ជ្រោមជ្រែង​ព្រះអង្គម្ចាស់ ព្រះ​បុត្រា នរោត្តម ច​ក្រា​វុ​ឌ្ឍ​ក្នុង​បំណង​ថែរក្សា កេរ្តិ៍ដំណែល​សម្តេច​តា នរោត្តម សីហនុ និង​ថែរក្សា​គណបក្ស​រាជានិយម​តែមួយគត់ នៅ​កម្ពុជា បើទោះបីជា​លទ្ធផល​បោះឆ្នោត នៅ​ឆ្នាំ​២០២២ និង​ការបោះឆ្នោត នៅ​ឆ្នាំ​២០២៣​គណបក្ស ហ្វ៊ុនស៊ិនប៉ិច មិនអាច​សម្រេច​លទ្ធផល ដូច​កាលពី​ឆ្នាំ​១៩៩៣ ក៏ដោយចុះ​។​

​សំខាន់​មួយទៀត ដើម្បី​រួបរួម​រវាង​ហ្វ៊ុនស៊ិនប៉ិច និង​ខ្មែរ​រួបរួម​ជាតិ ជា​គណបក្ស​តែមួយ​ក្រោម ស្លាក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ឡើងវិញ គឺ​ពេលនេះ ហ្វ៊ុនស៊ិនប៉ិច ត្រូវ​ដោះស្រាយ​វិបត្តិ​ផ្ទៃក្នុង ដែល​នាំ​ដល់​ការបែកបាក់ ហើយ​នៅពេល​រួមគ្នា ជា​គណបក្ស​តែមួយ​ហើយ​នោះ ក៏​រឹតតែ​គិតគូរ ដើម្បី​បង្ការ​ជម្លោះផ្ទៃក្នុង នៅក្នុង​គណបក្ស ដែល​ស្ទើរតែ​សល់​តែ​ឈ្មោះ​មួយ​នេះ​៕ ដោយ​៖ ម៉េង​ឆៃ​