សម្ព័ន្ធមិត្ត​ស្មោះត្រង់​បំផុត​របស់​លោកស្រី ស៊ូ​ជី ត្រូវបាន​សភា​បោះឆ្នោត​ជា​ប្រធានាធិបតី

1028
ចែករម្លែក

​កាលពី​ថ្ងៃ​ពុធ​ទី​២៨​មីនា រដ្ឋសភា​មី​យ៉ាន់​ម៉ា​បានជ្រើសតាំង​សម្ព័ន្ធមិត្ត​ដ៏​ស្មោះត្រង់​បំផុត​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី ធ្វើជា​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​នេះ ដោយ​អនុញ្ញាតឱ្យ​លោកស្រី​រក្សា​កណ្តាប់ដៃ​ដ៏​ណែន​លើ​ការធ្វើ​សេចក្តីសម្រេចចិត្ត​នៅ​ថ្នាក់​កំពូល​។​

​លោក វីន ម្យីន (Win Myint) អាយុ ៦៦ ឆ្នាំ ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ​ទស្សន៍ទាយ​ថា​នឹង​បន្ត​តំណែង​នេះ បន្ទាប់ពី​អតីត​ប្រធានាធិបតី​លោក ធិ​ន ក្យ បាន​លាលែង​ពី​តំណែង​កាលពី​សប្តាហ៍​មុន ដោយ​លើកឡើងថា​ចង់​មាន​ពេល​សម្រាក​។​

​លោកស្រី អ៊ុង​សាន ស៊ូ​ជី ត្រូវបាន​ហាមឃាត់​ដោយ​រដ្ឋធម្មនុញ្ញ​របស់​យោធា មិនឱ្យ​កាន់តំណែង​ប្រធានាធិបតី​ទេ ដោយសារតែ​លោកស្រី​បាន​រៀបការ​ជាមួយ​ជនបរទេស ហើយ​មានកូន​ប្រុស​២​នាក់​ជា​ពលរដ្ឋ​អង់គ្លេស​។ ជំនួស​មកវិញ លោកស្រី​បាន​កាន់តំណែង​ជាទី​ប្រឹក្សា​រដ្ឋ ចាប់តាំងពី​គណបក្ស​របស់លោក​ស្រី​បានឈ្នះ​ឆ្នោត​ភ្លូកទឹកភ្លូកដី​ក្នុង​ឆ្នាំ ២០១៥ ហើយ​បានប្រកាសថា​លោកស្រី​នឹងធ្វើ​ការងារ “​លើ​” ប្រធានាធិបតី​ទៅទៀត​។​

​ប៉ុន្តែ​តំណែង​របស់​លោកស្រី​គឺ​គ្មាន​តួនាទី​តាម​រដ្ឋធម្មនុញ្ញ​ជា​ផ្លូវការ​ទេ​។​

​វា​ពិតជា​សំខាន់​ខ្លាំងណាស់​សម្រាប់​លោកស្រី​ដែលមាន​មិត្ត​ស្មោះត្រង់​ជា​ប្រធានាធិបតី ខណៈដែល​លោកស្រី​បានធ្វើ​កិច្ចព្រមព្រៀង​ចែករំលែក​អំណាច​ជាមួយ​យោធា​ដែល​នៅតែ​មានអំណាច​ខ្លាំងក្លា និង​ដែល​បាន​គ្រប់គ្រង​ប្រទេស​អស់​រយៈពេល​ជិត​កន្លះ​សតវត្សរ៍​។​

​ប្រធានសភា លោក​ម៉ាន់ វីន​ខែង​ថន និយាយថា “​ខ្ញុំ​សូម​ប្រកាសថា លោក វីន ម្យីន ដែល​ទទួលបាន​សំឡេងឆ្នោត​ភាគច្រើន ត្រូវបាន​ជ្រើសតាំង​ជា​ប្រធានាធិបតី​របស់​រដ្ឋ​”​។​

​លោក វីន ម្យីន ដែល​បាន​លាលែង​ពី​តំណែង​ជា​ប្រធានសភា​ជាន់​ទាប​កាលពី​សប្ដាហ៍​មុន បានទទួល​សំឡេងឆ្នោត​គាំទ្រ​ជិត​២​ភាគ​៣​នៅក្នុង​សភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD) របស់លោក​ស្រី​ស៊ូ​ជី​។​

​គាត់​បាន​ផ្តួល​គូប្រជែង​២​រូប​ផ្សេងទៀត ដែល​រួមទាំង​ប្រធានាធិបតី​ស្តីទី​គាំទ្រ​ដោយ​យោធា លោក មីន ស្វេ​។​

​អតីត​មេធាវី​រូបនេះ​នៅតែ​ជា​រង្វង់​ដឹកនាំ​ខាងក្នុង​ដ៏​រឹងមាំ​របស់លោក​ស្រី​ស៊ូ​ជី​។ អ្នក​ទាំង​២​ធ្លាប់​ពួតដៃគ្នា​តស៊ូ​អំឡុង​ចលនា​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ឆ្នាំ ១៩៨៨ ដែល​ត្រូវបាន​បង្ក្រាប​ដោយ​របប​យោធា និង​បណ្តាលឱ្យ​លោក​វីន មីន រួមជាមួយ​មនុស្ស​ជាច្រើន​ទៀត ត្រូវគេ​ចាប់ខ្លួន​ជា​អ្នកទោសនយោបាយ​។​

​នៅពេល​មី​យ៉ាន់​ម៉ា​ចាក​ផុតពី​ការគ្រប់គ្រង​ដោយ​យោធា​ទាំងស្រុង លោក​វីន ម្យីន បានឈ្នះ​អាសនៈ​របស់គាត់​ក្នុងការ​បោះឆ្នោត​បំពេញបន្ថែម​ក្នុង​ឆ្នាំ ២០១២ ដែលជា​ការបោះឆ្នោត​ដូចគ្នា​ដែល​នាំ​លោកស្រី​ស៊ូ​ជី​ទៅកាន់​សភា បន្ទាប់ពី​ជាប់ឃុំ​ក្នុងផ្ទះ ១៥ ឆ្នាំ​៕ ដោយ៖ កញ្ញាដាលីស

លោក វីន ម្យីន ត្រូវបាន​បោះឆ្នោត​ជា​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃ​ពុធ​នេះ