សម្ភាស​, សម្ភព​, សម្ភារ​, សម្ពោធ​, សម្ពាធ​, សន្ថវៈ​, អតីត​, អភិសេក​, អកុសល​, អគារ​, ឧទ្ធរណ៍

924
ចែករម្លែក

​សម្ភាស សំ​-​ភាស បា​.; សំ​. ( ន​. ) (​ឬ​–​សន​; សម្ភា​ឞ ឬ​–​ឞ​ណ​) ការនិយាយ​បំភ្លឺ​, ការនិយាយ​រកគ្នា​, ការ​រាក់ទាក់​រកគ្នា​; ពាក្យ​សសោះអន្ទង​;​សម្ដី​ឆ្លើយឆ្លង​ឬ​សាសង ដោយ​លំអុត​; សល្លាបកថា​, សង្កថា ។ សព្វថ្ងៃ​ប្រើ​សំដៅយក​ការសុំ​ចួប​នឹង​ជន​ណាមួយ ដើម្បី​សន្ទនា​សាកសួរ​អំពី​កិច្ចការ​, អំពី​យោបល់​ឬ​គោលបំណង​ជាដើម​របស់​ជន​នោះ : ធ្វើ​សម្ភាស​, ស្ដាប់​សម្ភាសន៍ ។ សម្ភាសបត្រ ឬ​–​បណ្ណ (​សំ​-​ភាសៈ​ប័ត ឬ​–​ប័ន​) សំបុត្រ ឆ្លើយតប​ទៅវិញទៅមក​ដោយ​សេចក្ដី​រាប់អាន​គ្នា​។ សម្ភាសសិក្សា (​សំ​-​ភាសៈ​សិ​ក​-​សា​) ការហាត់​និយាយ​ឲ្យ​ត្រូវ​បែបបទ ។​ល​។ សម្ភាសន៍​

​សម្ភព សំ​-​ភប់ សំ​. បា​. ( ន​. ) (​ស​ម្ភ​វ​) ការកើត​ព្រម​, ការកើត​ដោយ​ល្អ​, ការកើត ដោយ​ស្រួល​; ការរួបរួម​គ្នា (​ច្រើន​ប្រើ​ចំពោះតែ​អរូបនាម​ឬ​អរូបធម៌​) : បដិច្ចសមុប្បាទ ធម៌​ទាំង ១២ មាន​សម្ភព​តៗ​គ្នា​ពីមួយ​ទៅមួយ ។ ខ្មែរ​ប្រើពាក្យ​សម្ភព​នេះ​ជា កិ​. “​កើត​, សម្រាល​, ឆ្លងទន្លេ​” ប្រើ​ចំពោះតែ​ព្រះរាជបុត្រ​ឬ​ព្រះរាជ​ធីតា ដែលមាន​ព្រះបិតា​ជា ក្សត្រិយ៍​ទ្រង់​រាជ្យ ព្រះ​មាតា​ជា​រាស្ត្រ ពុំមែន​ព្រះ​អគ្គមហេសី : … ទ្រង់​សម្ភព​នៅ​ថ្ងៃ​… ខែ​… ឆ្នាំ​… ព​. ស​. … នៅ​ទី​… ។ បើ​ព្រះ​មាតា​ជា​ក្សត្រិយានី​ឬ​ជា​រាស្ត្រ ប៉ុន្តែ​មាន​ឋានៈ​ជា ព្រះ​អគ្គមហេសី​ឬ​ជា​ព្រះ​មហេសី ត្រូវ​ប្រើពាក្យ​ថា “​ប្រសូត​” : … ទ្រង់​ប្រសូត​នៅ​ថ្ងៃ​… ខែ​… ឆ្នាំ​… ព​. ស​. … នៅ​ទី​… ។​

​សម្ភារ សំ​-​ភា សំ​. បា​. ( ន​. ) ការ​សន្សំ​, ការ​សាង​សន្សំ​កុសល​; ការ​សាង​សន្សំ​បន្ទុំ បារមី (​របស់​ពោធិសត្វ​); តេជះ​, អំណាច​; សេចក្ដី​ទំនុកបម្រុង​; ការ​ស្រោចស្រង់​, សេចក្ដី​សង្គ្រោះ​; ការរួបរួម​; របស់​ដែល​ត្រូវ​រួបរួម​, ដែល​ត្រូវ​ផ្សំ​ជាមួយគ្នា​; គ្រឿងផ្សំ​; គ្រឿង​ផ្គុំ​; អង្គ​; ចំណែក​; ពួក​; ទ្រព្យ​; របស់​ដែល​ត្រូវតែមាន​ខាន​ពុំបាន​, គ្រឿង​ប្រើ ប្រាស់​;… ។ គ្រឿង​សម្ភារ គ្រឿងផ្សំ​; គ្រឿង​ប្រើប្រាស់ ។ ដោយសារ​សម្ភារ​ដោយសារ អំណាច​ឬ​សេចក្ដី​ទំនុកបម្រុង : យើងខ្ញុំ​បាន​សេចក្ដីសុខ ដោយសារ​សម្ភារ​ព្រះ តេជ​ព្រះ​គុណ ។​

​សម្ពោធ សំ​-​ពោត សំ​. បា​. ( ន​. ) (​សម្ពោធ ឬ​–​ធន​) ការ​រំឭក​; ការ​ថ្លែងសេចក្ដី​ដោយ ច្បាស់លាស់​; ការ​ពោល​ពាក្យ​ប្រាស្រ័យ​រកគ្នា​; ការហៅ​គ្នា​ចំពោះមុខ​;… ។ ខ្មែរ​ប្រើ សម្ពោធ ជា កិ​. សំដៅ​សេចក្ដី​ថា “​ថ្លែងសេចក្ដី​រៀបរាប់​ឬ​រាយការណ៍​ក្នុង​ទីប្រជុំ​ឆ្លង ឬ​ឡើង​មន្ទីរ​ថ្មី​ជាដើម​” : សម្ពោធ​សាលារៀន (​ម​. ព​. សម្ភោជ និង សម្ភោទ្យ ផង​) ។ សម្ពោធន៍​

​សម្ពាធ សំ​-​ពាត សំ​. បា​. ( គុ​. ) ចង្អៀត​; ដែល​ជ្រៀត​បៀត​; ដែល​ញាត់​ញៀត​ថ្តែ​ថ្តុ​ក : ទី​សម្ពាធ ទី​ចង្អៀត ។ បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ អ​. ថ​. សំ​-​ពា​ធៈ​, ដូចជា សម្ពាធកោដ្ឋ កោដ្ឋ​, ជង្រុក​, បន្ទប់​ចង្អៀត ។ សម្ពាធគ្រឹះ ផ្ទះ​ចង្អៀត ។ សម្ពាធចិត្ត ចិត្តចង្អៀត​ចង្អល់​; ចិត្ត​ដែល​គិត​ជ្រៀត​បៀត​គេ ។ សម្ពាធដ្ឋាន ទី​ចង្អៀត​; អវយវៈ​កំបាំង ។

​សន្ថវៈ សន់​-​ថៈ​វ៉ៈ បា​. ;​សំ​. ( ន​. ) (​សន្ថវ​; សំ​ស្ដ​វ​) ដំណើរ​ជិត​ដឹ​ត​នឹង​គ្នា​, ការ​ស្និទ្ធជិត នឹង​គ្នា ។ ការរួម​សុខទុក្ខ​, ការធ្វើ​មេថុនសេវនកិច្ច : ធ្វើ​សន្ថវៈ​, សេពសន្ថវៈ ។ សន្ថវកិច្ច មេថុនសេវនកិច្ច ។ សន្ថវមិត្ត ឬ –​មិត្រ មិត្រ​ដែលមាន​សេចក្ដី​ស្និទ្ធ​ជិតដិត​យ៉ាង​មាំ ។ សន្ថវរតិ (–​រៈតិ​) តម្រេក​ក្នុង​ការធ្វើ​សន្ថវកិច្ច ។​ល​។

​អតីត អៈ​ដិត សំ​. បា​. ( គុ​. ) ដែល​កន្លង​ទៅហើយ​, ដែល​ហួស​ទៅហើយ​; ដែលមាន ពី​ក្នុង​កាល​ព្រេងនាយ​; ដែល​ស្លាប់​ហើយ : រឿង​អតីត ។ ប្រើ​ជា ន​. ក៏បាន​ខ្លះ : ក្នុង​អតីត​, ពី​អតីត​, ដឹង​អតីត​អនាគត ។ បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ​ត្រូវ​អាន​ថា អៈ​តី​តៈ ដូចជា អតីតកាល កាលដែល​កន្លង​ទៅហើយ ។ កាល​ប្រាប់​ដំណើរ​ដែល​កន្លង​ទៅហើយ​, ដែល​រួចហើយ (​ខ្មែរ​ប្រើពាក្យ ហើយ ពី​ខាងចុង ឬ​ប្រើពាក្យ បាន ពី​ខាងដើម​ជា​គ្រឿង​សម្គាល់​) : ទៅហើយ​, ឲ្យ​ហើយ​, បាន​ឲ្យ​, បាន​ឲ្យ​ហើយ (​ព​. វ​.) ។​

​អភិសេក អៈភិ​សែក បា​.; សំ​. ( ន​. ) (​អភិ​ឞេ​ក​) ការ​ស្រោច​ទឹកក្លស់ទឹកស័ង្ខ (​លើ​ព្រះ សិរ្ស៍​លោកអ្នក​មាន​បុញ្ញាភិនីហារ​) សន្មត​ឲ្យ​ឡើង​ពេញទី​ជា​ក្សត្រិយ៍​ទ្រង់​រាជ្យ (​ម​. ព​. មុទ្ធាភិសេក ផង​) ។ ការ​ប្រោះព្រំ​បាចសាច​គ្រឿង​គន្ធពិដោរ​ថ្វាយ​ពរ​ថ្វាយ​ជ័យ​ចំពោះ ព្រះពុទ្ធ​រូប​ដែល​កសាង​ថ្មី ក៏​ហៅ អភិសេក ដែរ : អភិសេកព្រះ (​ធ្វើតាម​ដំណើររឿង កាលដែល​ព្រះ​សក្យមុនី​គោតម ទ្រង់​បាន​ត្រាស់​ជា​ព្រះពុទ្ធ​រួចស្រេច​ហើយ​, ក្នុង​វេលា ភ្លាមៗ​នោះ​, ពួក​ទេវតា​នាំគ្នា​មក​ប្រោះព្រំ​បាចសាច​គ្រឿង​គន្ធពិដោរ​ទិព្វ​ថ្វាយ​ពរ សព្ទសាធុការ​ថា “​ព្រះពុទ្ធ​ឈ្នះ​មារ​ហើយ ! មារ​មានចិត្ត​បាប​ចាញ់​ព្រះអង្គ​ហើយ !” ។

​អកុសល អៈ​កុ​-​សល់ បា​.; សំ​. ( ន​. ) (​អ​កុ​ឝ​ល​) សេចក្ដី​អាក្រក់​, បាប​, អពមង្គល : អកុសល​តាម​មក​ផ្តល់ គឺ​បាប​តាម​មក​ផ្តល់​, បាប​ចេញមុខ​ឲ្យ​ផល ។ គុ​. អាក្រក់​, ដែលជា​បាប​; ដែល​មិន​ឈ្លាស : អំពើ​អកុសល ។ (​ព​. កា​.) : រី​អកុសល ជា​កម្ម​តែង​ផ្តល់ ក្តី​ទុក្ខលំបាក ឲ្យ​ដល់​អ្នកធ្វើ មិន​ឈប់​មិន​ស្រាក កម្ម​នោះ​ស្រកាក គួរ​ជន​ផង​ខ្លាច ។ ផ្ទុយ​ពី​កុសល ដែល​តែងតែ​ផ្តល់ ក្តី​សុខ​មិន​កាច កម្មនេះ​ល្អ​លន់ ជា​បុណ្យ​អង់អាច បានជា​អ្នកប្រាជ្ញ ពេញចិត្ត​ចង់​ធ្វើ ។ ជន​ជឿ​ផលកម្ម មាន​ស្មារតី​ចាំ ប្រព្រឹត្ត​អំពើ កុសល​កល្យាណ ក្សេមក្សាន្ត​ឥតបើ មាន​មោះហ្មង​លើ មនោទ្វារ​ឡើយ ។

​អគារ អៈគា សំ​. បា​. ( ន​. ) មន្ទីរ​, ផ្ទះ​; រោង ។ អគារដ្ឋាន ឬ –​ស្ថាន ទី​ផ្ទះ ។ អគារភូមិ (–​រៈ​ភូម​) ជាន់​ឬ​ថ្នាក់​នៃ​ផ្ទះ ។ អគារសិក្សា (–​រៈសិក​-​សា​) មន្ទីរ​សម្រាប់​រៀនសូត្រ​, សាលារៀន ។​ល​។

​ឧទ្ធរណ៍ អ៊ុត​-​ធ សំ​. បា​. ( ន​. ) (​ឧទ្ធរណ​) ការ​រើ​ឡើង​; ការ​រើសើ​, ការ​រើ​ធ្វើ​ជាថ្មីទៀត ។ ខ្មែរ​ប្រើពាក្យ​នេះ​ជា​ឈ្មោះ​សាលា​ឬ​សាល​តុលាការ​ទី ២ សម្រាប់​រើ​ជំនុំជម្រះ អធិករណ៍​ដែល​គូក្តី​ម្ខាង​ពុំ​សុខ​ចិត្តនឹង​សេចក្ដី​វិនិច្ឆ័យ​នៃ​ចៅក្រម​សាលាដំបូង ហើយ​ប្តឹង សុំ​ឲ្យ​រើ​ជំនុំ​កាត់សេចក្ដី​ម្តងទៀត : សាលាឧទ្ធរណ៍​, ប្តឹង​ឧទ្ធរណ៍ ។ ប្រើ​ជា កិ​. ក៏មាន “​សើរើ​, រើ​ប្តឹង​ជាថ្មីទៀត​” : សុំ​ឧទ្ធរណ៍​ទៀត ។ (​ព​. កា​.) : សាលាដំបូង​វិនិច្ឆ័យ កាត់ក្តី ត្រឹមត្រូវ​ដោយ​យុត្តិធម៌ ប៉ុន្តែ​អ្នកចាញ់​ឡើង​ឧទ្ធរណ៍ នាំ​វរ​ឲ្យ​ខូច​ឈ្មោះ​ចៅក្រម ។ ឧទ្ធរណ៍​រើសើ​ជម្រះ​ទៅ ឃើញ​នៅ​ដូច​មុន​ឥត​ច្រឡំ ប៉ុន្តែ​អ្នកក្តី​ថា​ពុំ​សម​ក៏​ខំ​ឡើង​សាល វិនិច្ឆ័យ ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​