សម្រុក​សង់​ខឿន​ច្រាំងទន្លេ​ក្រុង​កំពង់ចាម​ដើម្បី​បញ្ចៀស​បម្រែបម្រួល​របប​ទឹកទន្លេ​

618
ចែករម្លែក

ដោយ​: គង់​ហេង​
​កំពង់ចាម​:
ក្រុម​ជាងសំណង់​ខឿន​ច្រាំង​ទន្លេមេគង្គ នៅ​ក្រុង​កំពង់ចាម​បាន និង​កំពុង​មមាញឹក​សម្រុក​សាងសង់​ខឿន​ផ្នែក​ខាងក្រោម​ច្រាំង​បំផុត នៃ​សំណង់​នេះ​ដើម្បី​ធ្វើយ៉ាងណា​បញ្ចៀស​ឲ្យ​បានគេច​ផុតពី​ការ​បម្រែបម្រួល នៃ​របប​ទឹកទន្លេ​មួយ​នេះ ហក់​ជន់​ឡើងជា​យថាហេតុ​ណាមួយ​នោះ​។​

​លោក អ៊ុ វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១០ មិថុនា ២០១៩​នេះ​ថា ខណៈ​នេះ​យើង​បាន​ផ្អាក​ការសាងសង់​ខួង​សសរ​គ្រឹះ​ច្រាំងទន្លេ នៅ​ជាន់​លើ​បង្អស់​ទី​៤ ជា​បណ្តោះអាសន្ន​សិន ដើម្បី​ឲ្យ​ក្រុម​ជាង​សម្រុក​សង់​ខឿន​ជើងទេរ​ផ្នែក​ខាងក្រោម​របស់​សំណង់​ច្រាំងទន្លេ​នេះ​។​

​លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​នោះបាន​បន្ថែម​គ្រឿងចក្រ​ជា​អ៊ិ​ច​ស្កា​វ៉ា​ទ័​រ​ចំនួន ពីរ គ្រឿង​ទៀត គឺ​សរុប​ចំនួន បួន គ្រឿង​។ ដើម្បី​ព​ន្លឿ​ន​សំណង់​ជើងទេរ​ជាប់​នឹង​មាត់ទឹក ឃ្លាត​រួចរាល់​មក​ខាងលើ​ច្រាំង​ប្រវែង​ជាង ២ ម៉ែត្រ​។ ដោយមាន​ការងារ​នៅ​ចំពោះមុខ​ដូចជា សំណង់​ចាក់​ធ្នឹម រៀប​ប្រព័ន្ធ​ចម្រោះ​ទឹក​ក្រោម​ដី ចាក់​លុប​បង្ហាប់ដី ដើម្បី​ក្រាល​ក្រណាត់​ជម្រាប​ទឹក និង​ចាក់​បេតុង​ជើងទេរ​សម្រេច​ជា​សំណង់​យកតែ​ម្តង​។​

​លោក វិបុល បាន​បន្ថែមថា បច្ចុប្បន្ន​សំណង់​ខឿន​ច្រាំងទន្លេ​ក្រុង​កំពង់ចាម មិនមាន​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ទេ ដោយ​គ្រាន់​ជួប​បញ្ហា​ពេល​ភ្លៀង​ធ្លាក់​ខាង​ក្រុម​ជាង មិនអាច​ដំណើរការ​សាងសង់​បាន​ប៉ុណ្ណោះ​។ ប៉ុន្តែ​ទឹកទន្លេ​មេគង្គ​បាន​អំណោយផល​វិញ រយៈពេល​ដូចគ្នា​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩​មាន​កម្ពស់ ៤,៤០ ម៉ែត្រ គឺ​ទាប​ជាង ១,២ ម៉ែត្រ បើ​ធៀប​កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៨ មាន​កម្ពស់ ៥,៦០​ម៉ែត្រ​នោះ​។

​លោក​បាន​បន្តថា មានន័យថា បើ​ស្ថានភាព​កម្ពស់​ទន្លេមេគង្គ​ខ្ពស់​ដូច​កាលពី​ឆ្នាំ​២០១៨​នោះ ទំនងជា​យើង​ជួប​ឧបសគ្គ​ច្រើន ពិបាក​ក្នុងការ​ស្ថាបនា​ច្រាំងទន្លេ​នេះ​ពុំខាន​។ ប៉ុន្តែ​កម្ពស់​ទឹកទន្លេ​សម្រាប់​ព្រឹក​ថ្ងៃទី ១០ មិថុនា ២០១៩ ខ្ពស់ជាង​ថ្ងៃទី ៩ មិថុនា​ម្សិលមិញ ០,១៦​ម៉ែត្រ គឺ​ការឡើង​បែបនេះ​ជាការ​បម្រែបម្រួល​ពីរ​ប​ប​ទឹកភ្លៀង​ធម្មតា មិនជា​ការ​ជន់​ឡើង​គំរាម​គំហែង​ពី​ទឹកជំនន់​ទន្លេមេគង្គ​ត្រូវ​ភ្ញាក់ផ្អើល​ឡើយ​។​

​សូម​រំលឹកថា គិត​ត្រឹម​ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ​២០១៩ នេះ​សំណង់​ខឿន​ច្រាំង​ទន្លេមេគង្គ​ក្រុង​កំពង់ចាម​ខាងលើ បាន​ដំណើរការ​ស្ថាបនា​បាន​ចំនួន​ជាង ៧០​ថ្ងៃ គឺ​បានសម្រេច​ប្រមាណ​ជាង ២០​ភាគរយ​។ ដោយ​នៅសល់​រយ​:​ពេល ២០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​ចូល​ខែកក្កដា ជា​រដូវ​ទឹកទន្លេ​មេគង្គ​នឹងត្រូវ​ជន់​ឡើង​ហើយ​៕ ល​