សម្រេច​មិន​ឃុំខ្លួន​ស្ត្រីជន​ជាតិចិន ជា​ថៅកែ​អាជីវកម្ម​ហ្គេម​ខុសច្បាប់​

869
ចែករម្លែក

​ភ្នំពេញ ៖ ស្ត្រីជន​ជាតិចិន​ម្នាក់​ជា​ថៅកែ​អាជីវកម្ម​ហ្គេម​ខុសច្បាប់ មាន​ទីតាំងនៅ​អតីត​រោងភាពយន្ត​ព្រហ្ម​បាយ័ន បាន​ត្រូវ​លោក សេង លាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​មិន​ឃុំខ្លួន​រួច​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ កាលពី​រសៀល​ថ្ងៃទី​១ ខែសីហា ដោយ​សំអាង​លើ​ហេតុផល​សុខភាព​។ ប៉ុន្តែ​ដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ។

​ស្ត្រីជន​ជាតិចិន​រូបនេះ​ឈ្មោះ ឡាង ឡាន អាយុ​៥៦​ឆ្នាំ បាន​ត្រូវ​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ពីបទ “ បើក​កន្លែង​លេងល្បែង​ស៊ីសង​ខុសច្បាប់ “ ។
​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៧ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ចុះ​ប្រតិបត្តិ​ការឆែកឆេរ​ទីតាំង បើក​អាជីវកម្ម​ហ្គេម​ខុសច្បាប់ នៅ​អតីត​រោងភាពយន្ត​ព្រហ្ម​បាយ័ន ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ។​

​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៤​នាក់ ជា​ម្ចាស់​ទីតាំង​និង​បុគ្គលិក​ហ្គេម ព្រមទាំង​ជនជាតិខ្មែរ​១០​នាក់​ទៀត ដែលជា​អ្នកលេង រួច​បញ្ជូនទៅ​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដើម្បី​ធ្វើការ​សាកសួរ ។

​ក្រោយ​ការសាកសួរ​រួចហើយ នៅ​ថ្ងៃទី​៣១ ខែកក្កដា សមត្ថកិច្ច​បាន​ដោះលែង​ជនជាតិ​ចិន​៣​នាក់​ឲ្យ​មាន​សេរីភាព​វិញ និង បញ្ជូន ស្ត្រីជន​ជាតិចិន​ម្នាក់ ព្រមទាំង​អ្នកលេង​ហ្គេម​១០​នាក់មក​តុលាការ នៅ​ថ្ងៃទី​១​ខែសីហា​ដើម្បី​ចាត់ការ​តាមច្បាប់​។ នៅ​រសៀល​ថ្ងៃ​ដដែល តុលាការ​បានសម្រេច​ឲ្យ​អ្នកលេង​ហ្គេម​១០​នាក់ ទៅផ្ទះ​វិញ ។ ដោយឡែក​ស្ត្រីជន​ជាតិចិន ត្រូវបាន​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ “​បើក​កន្លែង​លេងល្បែង​ស៊ីសង​ខុសច្បាប់​“ រួច​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ ចាត់ការ​បន្ត​តាម​នីតិវិធី​៕ ដោយ​៖ ស​រិ​ទ្ធ​

#