សម្រេច​ឱ្យ​ខាង​មន្ត្រី​ធនធានទឹក​យក​ម៉ាស៊ីនបូមទឹក​ចេញពី​ក្នុង​ព្រែក​កៀន​ជ្រៃ​សង្គ្រោះ​ស្រូវ​ខ្វះ​ទឹក​

238
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​បានសម្រេច​ឱ្យ​ខាង​មន្ត្រី​ធនធានទឹក​និង​ឧតុនិយម​យក​ម៉ាស៊ីន​ដែលជា​មធ្យោបាយ​បូមទឹក​ទៅកាន់​ព្រែក​កៀន​ជ្រៃ​នៅ​តំបន់​ស្រែប្រាំង​ស្ថិតក្នុង​ភូមិ​បឹង​បបោស​និង​ភូមិ​ស្ពាន​ថ្មី​ឃុំ​កៀន​ជ្រៃ​ស្រុក​កំពង់សៀម​។​ខណៈ​ស្រែ​ដែល​កំពុង​ប្រឈម​ខ្វះ​ទឹក​ស្រោចស្រព​គឺ​ចំពេល​ដើមស្រូវ​កំពុង​ធ្វើខ្លួន​ចេញ​ផ្កា​ហើយ​ទឹក​បឹង​ជា​ប្រភព​អាងទឹក​ដ៏​សំខាន់​បាន​រីងស្ងួត​អស់​។​


​លោក​អភិបាលខេត្ត​បានសម្រេច​យ៉ាង​ដូច្នេះ​បន្ទាប់ពី​លោក​បាន​ដឹកនាំ​មន្ត្រី​ធនធានទឹក​និង​មន្ត្រី​កសិកម្ម​ចុះ​ពិនិត្យ​ជាក់ស្តែង​ជាមួយ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ស្រែ​ចំនួន​ជាង​៨០​គ្រួសារ​ស្មើនឹង​ផ្ទៃដី​ស្រែ​ទំហំ​ចំនួន ៣៦ ហិកតា​កាលពី​រសៀល​ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ​២០១៩​។​
​លោក​អ៊ុន​ចាន់​ដា​បាន​មានប្រសាសន៍ថា​សូមឱ្យ​ខាង​មន្ទីរ​ធនធានទឹក​និង​ខាង​មន្ទីរ​កសិកម្ម​សហការ​ជាមួយ​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ស្រែ​កំពុង​ខ្វះ​ទឹក​រៀបចំ​តម្លើង​គ្រឿងចក្រ​ជា​ម៉ាស៊ីនបូមទឹក​នៅ​មាត់​ព្រែក​កៀន​ជ្រៃ ហើយ​ត​ភ្ជាប់​បណ្តាញ​តាម​ដំណាក់​នីមួយៗ យក​ទឹក​ចូល​ស្រែ​ខ្វះ​ទឹក​ទាំងអស់​។​

​លោក​បាន​បន្តថា​ការជួយ​សង្គ្រោះ​នេះ​ក្រោម​ការជួយ​គាំទ្រ​និង​យកចិត្តទុកដាក់​ពី​សំណាក់​លោក​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​សហការ​ជាមួយ​អាជ្ញាធរខេត្ត​ជា​ក្រុមការងារ​ចុះជួយ​ស្រុក​កំពង់សៀម​។​ដោយ​យើង​មិន​បណ្តោយឱ្យ​ប្រជាពលរដ្ឋ​លោក​ប្រឈម​បញ្ហា​នេះ​បន្តទៀត​ទេ គឺ​យើង​ប្រឹងប្រែង​អស់​លទ្ធភាព​មធ្យោបាយ​ធនធាន​ដែលមាន​នេះ​។​

​អ្នកស្រី​នៃ​ឆៃ​ហ៊ា​ត​វ័យ​៥២​ឆ្នាំ​ជា​ម្ចាស់​ស្រែប្រាំង​កំពុង​ខ្វះ​ទឹក​នៅ​ភូមិ​បឹង​បបោស​បានឱ្យដឹងថា​គ្រួសារ​អ្នកស្រី​មាន​ស្រែ​ចំនួន​ពីរ​កន្លែង​គឺ​មួយកន្លែង​នៅ​ចំណុច​តា​ឡៅ​ខាងចុង​ព្រែ​កមាន​ចំនួន​ប្រាំបី​ស្រែ​និង​ចំនួន ប្រាំ​ស្រែ​ទៀត​នៅ​តំបន់​បឹង​វែង ជា​អាងទឹក​កំពុង​រីង​ហួត​អស់​ទឹក​នេះ​។​ម្ចាស់​ស្រែ​បានឱ្យដឹង​ទៀតថា ឆ្នាំនេះ​ចម្លែក​ពី​រាល់​ឆ្នាំ​គឺ​ប្រើ​ម៉ាស៊ីន​កម្លាំង​១៥​សេសមួយ​គ្រឿង​បូម​ដាក់​ទឹក​ពេញ​ក្នុង​ស្រែ​ព្រៀប​អស់ពី​ល្ងាច ពេលព្រឹក​ទៅ​មើល​ទឹក​ក្នុង​ស្រែ​រីង​អស់​គ្មាន​សល់​។​ខណ​:​ដើមស្រូវ​ក្នុង​ស្រែ​កំពុង​ធ្វើខ្លួន​ចេញ​ផ្កា​។

បញ្ហា​នេះ​បង្ក​ឱ្យ​គ្រួសារ​អ្នកស្រី​មិន​សង្ឃឹមថា ចំនួន​១៣ ស្រែ​ខាងលើ​នឹង​ផ្តល់​ទិន្នផល​ដូច​រាល់​ឆ្នាំ​បាន​ពី ៤០ ទៅ ៥០​បេ​(​មួយ​បេ​ទម្ងន់​ពី ៧០ ទៅ ៨០ គីឡូក្រាម​)​នោះ​។​អ្នកស្រី ឆៃ​ហ៊ា​ត បាន​បន្តថា អាស្រ័យហេតុនេះ​គ្រួសារ​អ្នកស្រី​ក៏​ដូច​គ្រួសារ​អ្នកមាន​ស្រែ​នៅ​តំបន់​នេះ​ទាំងអស់​សូម​សំណូមពរ​ដល់​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​មេត្តាជួយ​សង្គ្រោះ​ដំណាំ​ស្រូវ​ដែល​ប្រឈម​ខ្វះ​ទឹក​ហើយ​ពុំមាន​លទ្ធភាព​បូមទឹក​ដាក់​ឱ្យបាន​ប្រមូល​ផល​បាន​ខ្លះ អាចជួយ​សម្រាល​ជីវភាព​ក្នុង​គ្រួសារ​។​

​អ្នកស្រី អ៊ា ចាន់ថុល មេឃុំ​កៀន​ជ្រៃ​បាន​ឲ្យ​ដឹងថា ដំណាំ​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​ចំនួន​៨៦​គ្រួសារ ដែល​កំពុង​ប្រឈម​ខ្វះ​ទឹក​ស្រោចស្រព​ខាងលើ​សរុប​ចំនួន ៣៦ ហិកតា​ស្ថិត​ក្នុងភូមិ​បឹង​បបោស និង​ភូមិ​ស្ពាន​ថ្មី​។​អ្នកស្រី​មេឃុំ​បាន​បន្តថា​នៅ​ព្រឹក​ថ្ងៃទី​៧​ខែធ្នូ​នេះ​យើង​នៅ​មិនទាន់បាន​បូមទឹក​ចេញពី​ក្នុង​ព្រែក​ដើម្បី​ចែកចាយ​ស្រោចស្រព​ជូន​ប្រជាពលរដ្ឋ​នៅឡើយ​ទេ​។​ដោយនៅ​ជួប​បញ្ហា​ទីតាំង​មាត់​ព្រែក​សម្រាប់​ដាក់​ម៉ាស៊ីន​បូម​គឺ​ដី​តាម​មាត់​ព្រែក​ជ្រាយ​ប្រឈម​ការបាក់​ស្រុត​និង​ខ្វះ​ប្រព័ន្ធ​ទុយោ​បូម​ប​ញ្ជួ​ន​ទឹក​ដល់​ស្រែ​៕S/​