សម្លឹងមើល​ខ្លឹមសារ​នៃ​ដំណើរ​ទស្សនកិច្ច​ប្រធាន​រដ្ឋ​វៀតណាម នៅ​កម្ពុជា​

535
ចែករម្លែក
  • 1
    Share

លោក ង្វៀន ហ្វ៊ូ​ជុង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត និង​ជា​ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​វៀតណាម​អញ្ជើញ មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​នៅពេល​លោក ង្វៀន ហ្វ៊ូ​ជុង បញ្ចប់​ដំណើរ​ទស្សនកិច្ច នៅ​ល្ងាច​ថ្ងៃទី​២៦ ខែកុម្ភៈ ក្រសួង​ការ បរទេស​កម្ពុជា បាន​ផ្សព្វផ្សាយ​នូវ​សេចក្តីថ្លែងការណ៍​រួម ដែលមាន ១០ ចំណុច​។ ក្នុងនោះ រួមមាន ការចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​ប្រាំ​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ស្តីពី ការដឹកជញ្ជូន​ផ្លូវទឹក ការដឹក ជញ្ជូន​ផ្លូវគោក ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​វៀតណាម​ចំនួន ២៥​លាន​ដុល្លារ​អាមេរិក សម្រាប់​សាងសង់​អគារ​រដ្ឋបាល របស់​រដ្ឋសភា​កម្ពុជា កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍ សម្រាប់​ឆ្នាំ​២០១៩-២០២១ រវាង​ក្រសួងទេសចរណ៍​កម្ពុជា និង​ក្រុមហ៊ុន អាកាសចរណ៍ អ៊ែ​រឡាញ​វៀតណាម​។​

​ក្រៅពីនោះ ក្នុងចំណោម​លទ្ធផល​ទាំង ១០​ចំណុច សំខាន់ៗ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ រដ្ឋ​វៀតណាម​មក​កម្ពុជា នាពេលនេះ ភាគី​ទាំងពីរ​ក៏បាន​បន្ត​ផ្តល់​សារសំខាន់​លើ​ការរក្សា​សន្តិភាព ស្ថិរភាព សន្តិសុខ និង​សុវត្ថិភាព​នាវាចរណ៍ និង​ការហោះហើរ​នៅលើ​សមុទ្រ​ចិន​ខាងត្បូង​។

​តាម​សេចក្តីថ្លែងការណ៍​រួម ភាគី​ទាំងពីរ បាន​ឯកភាព​ជំរុញ​ការដោះស្រាយ​ជម្លោះ នៅ​សមុទ្រ​ចិន ខាងត្បូង​ដោយ​សន្តិវិធី រក្សា​ភាព​អត់ធ្មត់ ដោយ​មិន​ធ្វើ​គំរាមកំហែង ឬ​ប្រើប្រាស់​កម្លាំង ស្របតាម ច្បាប់​អន្តរជាតិ និង​គោលការណ៍ ដែល​ត្រូវបាន​ទទួលស្គាល់​ជា​សាកល រួមទាំង​អនុសញ្ញា​អង្គការ សហប្រជាជាតិ ស្តីពី ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ (UNCLOS) និង​បាន​ប្តេជ្ញា​រួមគ្នា​ជាមួយ​ភាគី ពាក់ព័ន្ធ អនុវត្តន៍​ឱ្យបាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព​នូវ​សេចក្តីថ្លែងការណ៍​ស្ដីពី​ការប្រតិបត្តិ របស់​បណ្ដា​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង (DOC) ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​ជំរុញ​ការបញ្ចប់ ឱ្យបាន​ឆាប់​នូវ​ក្រម​ប្រតិបត្តិ នៅ​សមុទ្រ​ចិន​ខាងត្បូង (COC) មួយ ប្រកបដោយ​ខ្លឹមសារ និង​លម្អិត សំដៅ​រួមចំណែក ក្នុងការ​ថែរក្សា​សន្តិភាព សន្តិសុខ ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​នៅក្នុង​តំបន់ និង​ពិភពលោក​។​

​ឯកសារ បង្ហាញថា សមុទ្រ​ចិន​ខាងត្បូង គឺជា​ផ្នែក​មួយ​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដែល​លាតសន្ធឹង ពី​សិង្ហ​បុរី ទៅ​ច្រក​តៃវ៉ាន់ គ្របដណ្តប់​លើ​ផ្ទៃ​ទឹក ៣,៥ លាន​គីឡូ​ម៉ែត្រការ៉េ​។ សមុទ្រ​ចិន​ខាងត្បូង ជា​សមុទ្រ​ធំជាងគេ បន្ទាប់ពី​មហាសមុទ្រ​ទាំង​ប្រាំ​។
​ ​
អំពី​ភូមិសាស្ត្រ​វិញ ឯកសារ​បង្ហាញថា សមុទ្រ​ចិន​ខាងត្បូង បាន​លាតសន្ធឹង​ពី​និរតី​ទៅ​ឦសាន ដែល​ព្រំដែន​ភាគខាងត្បូង ស្ថិតនៅ​ចន្លោះ​រវាង​កោះ​ស៊ូ​ម៉ា​ត្រា​ខាងត្បូង និង​កាលី​ម៉ាន់​តាន់ ( ច្រក​កាលី​ម៉ា​តា ) ហើយ​ព្រំដែន​ភាគ​ខាងជើង គឺ​ច្រក​តៃវ៉ាន់ ពី​ចុង​ខាងជើង​កោះ​តៃវ៉ាន់ ទៅ​ឆ្នេរ ហ្វុ​ចៀន​របស់​ចិនដីគោក​។ ឈូង​សមុទ្រ​ថៃ គឺជា​ចំណែក​ភាគ​ខាងលិច​របស់​សមុទ្រ​ចិន ខាងត្បូង​។
​ ​
ឯកសារ​ដដែល ក៏បាន​បង្ហាញ​ពីរ​ដ្ឋ និង​ដែនដី ដែលមាន​ព្រំដែន​ជាប់​សមុទ្រ​ចិន​ខាងត្បូង រួមមានៈ​ចិន ម៉ា​កាវ ហុងកុង តៃវ៉ាន់ ហ្វីលីពីន ម៉ាឡេស៊ី ព្រុយ​ណេ ឥណ្ឌូនេស៊ី សិង្ហ​បុរី ថៃ កម្ពុជា និង​វៀតណាម​។
​ ​
ចំពោះ​ធនធាន នៅ​សមុទ្រ​ចិន​ខាងត្បូង ត្រូវបាន​ឯកសារ លើក​បង្ហាញថា សមុទ្រ​ចិន​ខាងត្បូង ជា​ដែនទឹក​ដ៏​សំខាន់​។ ជា​ដែនទឹក​ដ៏​មមាញឹក​ទី​២ លើ​ពិភពលោក​។ តំបន់​នេះ មាន​ប្រេងកាត​ឆៅ ប្រមាណ ១,២ គ​.​ម​៣ ( ៧៧០០ លាន​បារ៉ែល ) និង​ឧស្ម័ន​ធម្មជាតិ​ប្រមាណ ៧៥០០ គ​.​ម​៣​។
​ ​
គួរ​រម្លឹក​ជូន​ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដែលជា​ការទាមទារ​សិទ្ធិ​កាន់កាប់​ដែនសមុទ្រ រវាង​ប្រទេស​ចិន និង​បណ្តា​ប្រទេស​មួយចំនួន នៅ​អាស៊ាន ក្នុងនោះ ក៏មាន​ប្រទេស​វៀតណាម មួយ​ដែរ ដែល​បានទាមទារ​សិទ្ធិ​គ្រប់គ្រង​ដែនសមុទ្រ នៅ​សមុទ្រ​ចិន​ខាងត្បូង​។​
​ ​
កម្ពុជា បាន​ដើរតួនាទី​យ៉ាងសំខាន់​យូរ​ឆ្នាំ​ណាស់​មកហើយ នៅក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ពោលគឺ​នៅពេលដែល​កម្ពុជា ធ្វើ​ម្ចាស់ផ្ទះ ក្នុងនាម​ជា​ប្រធាន​អាស៊ាន ដើម្បី​រៀបចំ​កិច្ចប្រជុំ​កំពូល អាស៊ាន លើក​ទី​១ នៅក្នុង​ឆ្នាំ​២០០២ និង​លើក​ទី​២ នៅក្នុង​ឆ្នាំ​២០១២ កម្ពុជា​បាន​ចូលរួមចំណែក ក្នុងការ​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​មួយចំនួន ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន ខាងត្បូង​ដោយ​សន្តិវិធី ក្នុងនោះ រួមមាន សេចក្តីថ្លែងការណ៍ ស្តីពី​ការប្រតិបត្តិ​របស់​ភាគី នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ហៅ​កាត់​ថា DOC​។
​ ​
យ៉ាងណាក៏ដោយ ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រធាន​រដ្ឋ​វៀតណាម នៅ​កម្ពុជា​ពេលនេះ គឺ​បាន​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុនពេល​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ ត្រូវធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​វៀតណាម ដើម្បី​ជួបប្រជុំ​ចរចា​ជា​លើក​ទី​២ ជាមួយ​លោក គឹម ជុង​អ៊ុន ប្រធានាធិបតី​កូរ៉េខាងជើង នៅ​ថ្ងៃទី​២៧-២៨ ខែកុម្ភៈ នៅ​ទីក្រុង​ហាណូយ​។​

​ភូមិសាស្ត្រ​នយោបាយ ដែល​វិវឌ្ឍន៍​ថ្មីៗ​នេះ បង្ហាញថា វៀតណាម កំពុងតែ​ស្និទ្ធ​នឹង​អាមេរិក ដើម្បី​យក​អាម៉េរិក​ជា​ខ្នងបង្អែក ទប់ទល់​នឹង​ចិន ខណៈដែល​ចិន និង​អាម៉េរិក​ក៏​កំពុង​តែមាន​បញ្ហា សង្គ្រាម​ពាណិជ្ជកម្ម មិនទាន់​ដោះស្រាយបាន​នៅឡើយ​។​

​យ៉ាងណា​ក៏ដោយចុះ នៅ​រាល់​វេទិកា​អន្តរជាតិ ជា​ទ្វេភាគី ឬក៏​ពហុភាគី ពិសេស​ក្នុង​កិច្ចប្រជុំ​កំពូល អាស៊ាន និង​ដៃគូ​ពាក់ព័ន្ធ​នានា កម្ពុជា​តាមរយៈ​សម្តេច​តេ​ជោ ហ៊ុន សែន​តែងតែ​ជំរុញ​ឲ្យ​ភាគី ពាក់ព័ន្ធ​ទាំងអស់ ដោះស្រាយ​ជម្លោះ នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយ​សន្តិវិធី រក្សា​ភាព​អត់ធ្មត់ ដោយ​មិន​ធ្វើ​គំរាមកំហែង ឬ​ប្រើប្រាស់​កម្លាំង ស្របតាម​ច្បាប់​អន្តរជាតិ​នានា​ពិសេស​គ្រប់ភាគី ទាំងអស់ ត្រូវ​អនុវត្តន៍​ឱ្យបាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព​នូវ​សេចក្តីថ្លែងការណ៍ ស្ដីពី ការប្រតិបត្តិ​របស់​ប​ណ្ដា​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង (DOC)​។​

​នៅពេលនេះ​ទៀត ថ្នាក់ដឹកនាំ​កំពូល​របស់​កម្ពុជា ក៏បាន​បញ្ជាក់​ជាថ្មីទៀត​ជាមួយ​ភាគី​វៀតណាម ដែលជា​ភាគី​មួយ នៅក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ឈានដល់​ការឯកភាព​ជំរុញ​ការដោះស្រាយ ជម្លោះ នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយ​សន្តិវិធី​៕ ដោយ​: ម៉េង​ឆៃ​