សម្លឹង​តំណែង​នាយករដ្ឋមន្ត្រី មេបក្ស​ថ្មី​មួយ​របស់​ថៃ​ចង់​កែ​រដ្ឋធម្មនុញ្ញ​តែ​មេ​យោធា​ព្រមាន​ភ្លាម​

1339
ចែករម្លែក
  • 554
    Shares

​ប្រធាន​គណបក្ស​”​គោលដៅ​អនាគត​”​ទើប​បង្កើត​ថ្មី​ដែលជា​មហាសេដ្ឋី​វ័យក្មេង​ម្នាក់​នៅ​ក្រុង​បាងកក លោក​ថា​ណា​ថន ហ្សឿ​ង​រុងរឿង​គិត​(Thanathorn Juangroongruangkit)​បាន​អះអាងថា​លោក​មានបំណង​អង្គុយ​នៅ​កៅអី​នាយករដ្ឋមន្ត្រី​បន្ទាប់ពី​ការបោះឆ្នោត​សកល​នាពេលខាងមុខ ហើយ​ថែមទាំង​សន្យា​​ស្នើ​ធ្វើការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ដែល​តាក់តែងឡើង​ដោយ​ក្រុម​យោធា​នា​ឆ្នាំ​២០១៧ ព្រមទាំង​ផ្តល់​ការលើកលែងទោស​ដល់​អ្ន​ក​ទោស​នយោបាយ​ដែល​ជាប់គុក​​ក្រោម​ការគ្រប់គ្រង​រប​ស់​ក្រុម​យោធា​។​

​អ្នក​ស្នង​តំណែង​ពី​ក្រុមហ៊ុន​គ្រឿងបន្លាស់​រថយន្ត​ដ៏​ធំ​នៅ​ថៃ​រូបនេះ បានធ្វើ​ការប្រកាស​ដូចខាងលើ​នៅ​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃអាទិត្យ​ទី​២៧​ឧសភា​។​

​តែ​ពួក​មេដឹកនាំ​យោធា កាលពី​ថ្ងៃ​អង្គារ​ទី​២៩​ឧសភា បាន​ព្រមាន​គណបក្ស​”​គោលដៅ​អនាគត​”​អោយ​គិត​២​ដង​អំពី​ផែនការ​លុបចោល​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០១៧​និង​បាន​​ព្រមាន​អំពី​ផលវិបាក​ប្រសិនបើ​គណបក្ស​នេះ​មិន​គោរព​ច្បាប់​។​

​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​សំរាប់​សន្តិភាព​និង​សណ្តាប់ធ្នាប់ និង​ជា​នាយករដ្ឋមន្ត្រី លោក​ប្រា​យុទ្ធ ចាន​អូ​ចា

​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​សំរាប់​សន្តិភាព​និង​សណ្តាប់ធ្នាប់ និង​ជា​នាយករដ្ឋមន្ត្រី លោក​ប្រា​យុទ្ធ ចាន​អូ​ចា បាន​និយាយថា រដ្ឋាភិបាល​នឹង​តាមដាន​មើល​បណ្តា​បក្ស​ន​យោ​​បាយ​ដើម្បី​ធានាថា​ពួកគេ​គោរព​ច្បាប់​។​ចំណែក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ លោក​ប្រា​វីត វង់​ស៊ូ​វ៉ាន់ បាន​និយាយថា​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត​​គួរ​សិក្សា​អំពី​សេចក្តីថ្លែងការណ៍​របស់​គណបក្ស និង​ពិនិត្យ​មើលថា​តើ​វា​រំលោភច្បាប់​ឬ​អត់​។​

​ទោះជា​យ៉ាងណា លោក​ប្រា​វីត​បាន​និយាយថា​លោក​មិន​បារម្ភ​អំពី​គណបក្ស​”​គោលដៅ​អនាគត​” ព្រោះ​វា​អាស្រ័យ​លើ​ប្រជាជន​ជ្រើសរើស​នរណា​ដែល​ពួកគេ​គាំទ្រ​។​

​គណបក្ស​”​គោលដៅ​អនាគត​”​ជា​បក្ស​ទើប​បង្កើត​ថ្មី​មួយ និង​ត្រូវបាន​គេ​គិតថា​មាន​និន្នាការ​សេរី​និង​ប្រឆាំង​របប​បន្តុប​ឡើង​ដោយ​រដ្ឋប្រហារ​និង​កេ​រ្តី​ដំណែល​របស់​វា​។​

​ពួក​អ្នកសង្កេតការណ៍​នយោបាយ​និង​អ្នកគាំទ្រ​បក្ស​បាន​សម្តែង​ការព្រួយបារម្ភ​ថា មនោគមវិជ្ជា​របស់​ប​ក្ស​”​គោលដៅ​អនាគត​”​នឹងធ្វើ​អោយ​វា​ក្លាយជា​គោលដៅ​មួយ​​របស់​របប​យោធា​និង​ថា​វា​ប្រហែល​មិនអាច​មានជីវិត​យូរ​ទេ​ទោះជា​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​សកល​នាពេលខាងមុខ​ក្តី​។​

​ឧបនាយករដ្ឋមន្ត្រី វី​សា​នុ គ្រី​-​ង៉ា​ម បាន​និយាយថា ការប្តេជ្ញាចិត្ត​របស់​ថា​ណា​ថន​វា “​ធ្ងន់ធ្ងរ​និង​អាច​បង្កបញ្ហា​។​គេ​មិនគួរ​និយាយ​អ្វីដែល​បង្កជម្លោះ​។​ពួកគេ​នឹង​ទទួល​​ខុសត្រូវ​ចំពោះ​អ្វីដែល​ពួកគេ​បាន​និយាយ​។​ពួកគេ​មាន​សិទ្ធិ​និង​សេរីភាព​ក្នុងការ​និយាយ​ដូច្នោះ តែ​រឿង​អនុវត្ត​ជា​រឿង​មួយ​ផ្សេង​”​។​

លោក​ថា​ណា​ថន ហ្សឿ​ង​រុងរឿង​គិត

​ចាប់តាំងពី​ការបង្កើត​គណបក្ស​មក លោក​ថា​ណា​ថន ជួប​ទាំង​ការស្រឡាញ់​និង​ការរិះគន់​ហូរ​ចូល​ដូច​ទឹកជំនន់ តែ​មហាសេដ្ឋី​វ័យ​៣៩​ឆ្នាំ​រូបនេះ​បាន​និយាយថា​” ​ខ្ញុំ​មានជីវិត​ដ៏​រីករាយ​មួយ​។​ខ្ញុំ​មានមុខ​ជំនួញ​ដ៏​ជោគជ័យ​ខ្លាំង​មួយ និង​មានគ្រួសារ​ដ៏​ល្អ​ណាស់​មួយ តែ​ខ្ញុំ​គ្មាន​សុភមង្គល​។​ខ្ញុំ​មើលឃើញ​ការបែកបាក់​សង្គម​យ៉ាង​​ជ្រៅ​ដែល​បែងចែក​ប្រជាជន​នៃ​ប្រទេស​នេះ​ម្ខាង​ពាក់កណ្តាល​ហើយ​ខ្ញុំ​ចង់​ជា​ផ្នែក​នៃ​ដំណោះស្រាយ​។​ខ្ញុំ​សំរេច​ចូលប្រឡូក​ក្នុង​នយោបាយ​ថៃ ដែល​ល្បី​ខាង​ពុករលួយ​ រំលោភ​អំណាច​និង​កិច្ច​ការមិន​ត្រឹមត្រូវ​”​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០០៦ ការបែកបាក់​សង្គម​ថៃ​បាន​បណ្តាលអោយ​ផ្ទុះ​អំពើហិង្សា​ដោយ​បាតុកម្ម​តវ៉ា​តាម​ដងផ្លូវ​ដោយ​ក្រុមប្រឆាំង​និង​គាំទ្រ​រដ្ឋាភិបាល​បាន​​ដល់​ការប្រឈមមុខ និង​ការសម្លាប់​មនុស្ស​។​នៅ​ឆ្នាំ​២០១៤ ភាព​តានតឹង​ខ្លាំង​បាន​បើកផ្លូវ​អោយ​យោធា​ធ្វើ​រដ្ឋប្រហារ​មួយ​ដឹកនាំ​ដោយ​លោក​ប្រា​យុទ្ធ ចាន​អូ​ចា​៕​ដោយ​៖​វាសនា​