សម រង្ស៊ី បរាជ័យ​ទាំងស្រុង​និង​កំពុង​គេចវេះ មិន​ទទួលខុសត្រូវ​ចំពោះមុខ​អ្នកគាំទ្រ​!

643
ចែករម្លែក

​ក្រុម​ឧទ្ទាម ដែល​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី បានកំណត់​យក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ​ចំ​ថ្ងៃនៃ​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍ លើក​ទី​៦៦ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ដើម្បី​អនុវត្ត​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល និង​របបរាជានិយមនៅ​កម្ពុជា​។​
​ ​
ក៏ប៉ុន្តែ​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​របស់​ក្រុម​ឧទ្ទាម ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី នៅ​ថ្ងៃ​៩​វិច្ឆិកា បានទទួល​បរាជ័យ​ទាំងស្រុង​។ នោះ​គឺ​នៅ​ថ្ងៃ​៩​វិច្ឆិកា សន្តិសុខ សណ្តាប់ ធ្នាប់​សាធារណៈ​ត្រូវបានធានា​យ៉ាងរឹងមាំជា​ប្រក្រតី​នៅ​ទូទាំងប្រទេស​។ ក្នុងនោះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​បងប្អូន​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស​បាន​ចូលរួម​អបអរសាទរ ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍ លើក​ទី​៦៦ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ក្រោម​ព្រះរាជាធិបតីភាព​ដ៏ ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី​។​
​ ​
​ក្រៅពីនេះ ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន​នៅ​ទូទាំងប្រទេស​ក៏បាន​រួមសហការ​គ្នា​យ៉ាង សកម្ម ផុលផុស​ក្នុងការ​រៀបចំ​ពិធី​ហូប​អំបុក ដែល​បង្ហាញ​អំពី​សាមគ្គីភាព ឯកភាព​យ៉ាងរឹងមាំ​ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ សំដៅ​បន្ត​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​សណ្តាប់ធ្នាប់សង្គម បង្កលក្ខណៈ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ជួបជុំ​ក្រុមគ្រួសារ​និង​ធ្វើដំណើរ​កម្សាន្ត​ក្នុង​ថ្ងៃឈប់សម្រាក ទៅ​គ្រប់ទិសទី​ទូទាំងប្រទេស​។​
​ ​
​ទន្ទឹមនេះ ប្រជាជន​កម្ពុជា ក៏បាន​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២​វិច្ឆិកា ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ ដោយមាន​អ្នកចូលរួម​យ៉ាងច្រើន​កុះករ រហ​តូ​ដល់​ជាង ៤.៧៥០.០០០ នាក់​ ខណៈដែល​តួលេខអ្នកដើរ​កម្សាន្ត​នៅ​ទូទាំងប្រទេស មាន​ដល់​ជាង ៥,៨​លាន​នាក់​។​
​ ​
​ជោគជ័យ​ដ៏​ត្រចះត្រចង់​ក្នុងការ​បំផ្លាញចោល​ទាំងស្រុង​នូវ​ផែនការ​របស់​ក្រុម​ឧទ្ទាម ដឹកនាំ​ដោយទណ្ឌិត សម រង្ស៊ី ដែល​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃទី​០៩​វិច្ឆិកា ត្រូវបាន​រាជរដ្ឋាភិបាល​លើកឡើង ក្នុង​សេចក្តីថ្លែងការណ៍ ចុះ​ថ្ងៃទី​១៣​វិច្ឆិកា ឆ្នាំ​២០១៩ ថា ដោយសារតែ​ការរួម​កម្លាំង​គ្នា​របស់កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​អាជ្ញា​ធរមានសមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​បាន​បំពេញ​តួនាទី របស់ខ្លួន ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការធានា​រក្សា​ការពារ​សុខសន្តិភាព និង ស្ថិរភាព​សង្គម​។​
​ ​
​ជោគជ័យ​នេះ បើតាម​រាជរដ្ឋាភិបាល ក៏​មិនអាច​កាត់ផ្តាច់​បាន​ពី​ការចូលរួមចំណែក​ដ៏​សំខាន់ និង​មិនអាច​ខ្វះ​បាន​របស់​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស ដែល​បានបង្ហាញ​នូវ​សាមគ្គី​ភាពរឹងមាំជាមួយ​រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់ថ្នាក់ ក្នុង​កិច្ចការពារ និង​ថែរក្សា​សុខសន្តិភាព និង​ស្ថិរភាព​សង្គម​ ជាពិសេស​បានបង្ហាញ​នូវ​ស្វាមីភក្តិ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​អង្គ​ព្រះមហាក្សត្រ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ជាតិខ្មែរ និង​ចំពោះ​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​នៅ​កម្ពុជា​។​
​ ​
​បន្ថែម​លើ​សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល ចុះ​ថ្ងៃទី​១៣ ខែវិច្ឆិកា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​រោងចក្រ​ផលិត​ស៊ីម៉ងត៍ ថៃ ប៊ុន​រ៉ុង នៅ​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ស្នើសុំ និង​លើកទឹកចិត្ត​ឲ្យស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ បន្ត​ជំរុញ​អនុវត្ត​មាត្រា ៤៥៤ នៃ​ក្រមព្រហ្មទណ្ឌ ដើម្បី ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ស្លូតត្រង់ ដែល​ចាញ់​បោក​ឧបាយកល​នយោបាយ​រប​ស់​ក្រុម​ឧទ្ទាម​ដឹកនាំដោយ​ទណ្ឌិត សម រង្ស៊ី អាច​វិល​ត្រឡប់មក​មាតុប្រទេស​វិញ ដោយ​មិនមាន​ទោសពៃរ៍​។ ក្នុងនោះ ខាង​តុលាការ ក៏​សូម​ពិនិត្យ​តាមផ្លូវ​ច្បាប់ ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​ដែល​ត្រូវបាន​ចាប់​ឃុំឃាំង​ពាក់ព័ន្ធនឹង​អំពើ​រួមគំនិត​ក្បត់ ជាមួយ​ទណ្ឌិត សម រង្ស៊ី អាច​នៅក្រៅ​ឃុំ​វិញ​។​
​ ​
នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ក៏បាន​ចេញប្រកាស ស្នើសុំ​ព្រះរាជអាជ្ញាអម​សាលាដំបូង​រាជធានី​ខេត្ត​ទាំងអស់ ពិនិត្យ​រៀបចំ​ធ្វើ​សេចក្តីសន្និដ្ឋាន ស្នើសុំ​ទៅ​តុលាការ ដើម្បី​ពិនិត្យ​ពិចារណា​លើ​ការបញ្ឈប់​ការចាប់ខ្លួន​និង​បន្ធូរបន្ថយ​ការប្រើប្រាស់​វិធានការ​នៃ​ការឃុំខ្លួន​ជា​បណ្តោះអាសន្ន ចំពោះ​ប្រជាពលរដ្ឋ​ស្លូតត្រង់​ដែល​បាន​ចាញ់​បោក​ឧបាយកល​របស់ ក្រុម​ឧទ្ទាម ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី ហើយ​ដែល​បាន​ធ្លាក់ខ្លួន​ក្នុងការ​ប្រព្រឹត្ត​បទល្មើស រួមគំនិត​ក្បត់​នាពេល​កន្លងមក ដោយ​ប្រើប្រាស់​វិធានការ​នៃ​ការដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យតាមផ្លូវ​តុលាការ ជា​វិធាន​ការជំនួស ទៅតាម​ការចាំបាច់​ផ្នែក​នីតិវិធី ក្នុងករណី​ជាក់ស្តែង​នីមួយៗ​។ ពោលគឺ​ដោះលែង​អតីត​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​ចាប់​ឃុំឃាំងថ្មីៗ​នេះ​។​
​ ​
​និយាយ​ពី​ទណ្ឌិត សម រង្ស៊ី ក្រោយពេល​បរាជ័យ​នូវ​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ថ្ងៃ​៩​វិច្ឆិកា រួចមក ទណ្ឌិត​នេះ មានបំណង​គេចវេះ មិន​ទទួលខុសត្រូវ​លើ​អ្នកគាំទ្រ​ឡើយ ដោយ​ទណ្ឌិត​នេះ មិនបាន​លើកឡើង​ទាល់តែសោះ ហើយ​បែរជា​ចោទថាមកពី​មានការ រារាំង​ពី​រាជរដ្ឋាភិបាលកម្ពុជា ទើប​ខ្លួន មិនអាច​វិល​ចូល​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៩​វិច្ឆិកា​។

​តែ​មែនទែនទៅ បើសិនជា​ទណ្ឌិត សម រង្ស៊ី ពិតជា​មានបំណងធ្វើដំណើរ​ចូល​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៩​វិច្ឆិកា ឬក៏​ថ្ងៃ​ណាក៏ដោយ តាម​ការប្រកាស​ក្តែ​ងៗ​របស់ខ្លួន​មែន គឺ​ខ្វះ​អី​ជើងយន្តហោះចូល​ប្រទេស​កម្ពុជា ក្រៅតែពី​ចូល​តាម​ច្រក​ប្រទេស​ថៃ​នោះ​។ ផ្ទុយទៅវិញ ទណ្ឌិត សម រង្ស៊ី មិន​ធ្វើដំណើរ​មក​កម្ពុជា​ទេ តែ​បែរជា​ជិះ​យន្តហោះពី​ប្រទេស​បារាំង មក​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃ ទី​៩​វិច្ឆិកា ហើយ​ប្រកាសថា ខ្លួន​ជោគជ័យ​ទៅវិញ​។​

​នៅក្នុង​ស្រុក លោក កឹម សុខា កាលពី​ថ្ងៃទី​១០​វិច្ឆិកា បានទទួល​នូវ​ការសម្រួល​លក្ខខណ្ឌ​ឃុំខ្លួន ដោយមាន​សេរីភាព អាច​ចេញ​ក្រៅ​ផ្ទះ និង​អាចធ្វើ​ដំណើរ បាន​ទូទាំងប្រទេស​កម្ពុជា លើកលែង តែ​ចេញទៅ​ក្រៅប្រទេស​។ តែ​លោក​កឹម​សុខា មិនទាន់​អាចធ្វើ​សកម្មភាព​នយោបាយ​បាននៅឡើយ​។​

​យ៉ាងណាក៏ដោយ នៅក្នុង​ស្រុក តាំងពីដើម​រៀងមក ក្រុម​របស់លោក កឹម សុខា​មិនបាន​គាំទ្រ​នូវផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​របស់​ទណ្ឌិត សម រង្ស៊ី នៅ​ថ្ងៃទី​៩​វិច្ឆិកា រួមទាំង​នយោបាយ​ស្រេកឃ្លាន​អំណាច​តាមបែប​ហិង្សា រដ្ឋប្រហារ ឬ​ចលនា​មហាជន​របស់​ទ​ណ្ឌិ​ត សម រង្ស៊ី ដែល​មិន​ឆ្លងកាត់​តាម​គោលការណ៍​ប្រជាធិបតេយ្យ នោះ​គឺ​ការបោះឆ្នោតឡើយ​។​

​ជារួម ពេលនេះ ក្រោយ​បរាជ័យ​ក្នុង​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ថ្ងៃ​៩​វិច្ឆិកា ទណ្ឌិត សម រង្ស៊ី ត្រូវ​ប្រឈម​នឹង​បញ្ហា​ផ្ទៃក្នុង ដែល​ទាំង​អ្នកគាំទ្រ​នៅក្នុង​ស្រុក និង​ទាំង​អ្នក​នៅក្រៅ​ប្រទេស ក៏​កាន់តែ​អស់ជំនឿ ព្រោះតែ​ទណ្ឌិត​នេះ បោក​ម្តង​ហើយម្តងទៀត​។ ទន្ទឹមនេះ​ សហគមន៍អន្តរជាតិ ក៏​លែង​ចាប់ដៃ សម រង្ស៊ី ទៀត​ដែរ​៕ ដោយៈ ម៉េង​ឆៃ​/Ha