សល់​ពេល​តែ​កន្លះ​ខែ​ទៀត​ទេ សូម​ពលរដ្ឋ​រួសរាន់​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ​

231

(​ភ្នំពេញ​) ៖ គិត​ត្រឹម​ថ្ងៃទី​២៥ ខែតុលា​នេះ គឺ​នៅសល់តែ​១៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការចុះឈ្មោះ​បោះឆ្នោត ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៧ និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៦ នឹងត្រូវ​បញ្ចប់​។​
​ ​
​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៧ និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៦ មាន​រយៈពេល​៧០​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ខែកញ្ញា ដល់​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​
​ ​
​បើតាម​គ​.​ជ​.​ប បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​កម្ពុ​ជាមាន​ចំនួន​សរុប ១៥.៨៨៣.២៥០​នាក់ ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើង ពោលគឺ​គ្រប់​អាយុ​បោះឆ្នោត​តំណាងរាស្ត្រ ឆ្នាំ​២០១៨ (​គិតដល់​ថ្ងៃ​បោះឆ្នោត​) មាន​ចំនួន ៩.៧៨៨.២៣៩​នាក់​ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​បាន ចុះឈ្មោះ​បោះឆ្នោត កាលពី​ឆ្នាំ​២០១៦ មាន​ចំនួន ៧.៨៦៥.០៣៣​នាក់ ខណៈ​ប្រជាពលរដ្ឋ​ដែល ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៧​នេះ មាន​ចំនួន ១.៤១២.១៤៩​នាក់​។ នេះ​ជា​ចំនួន​ប៉ាន់ស្មាន​។​
​ ​
​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៦ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧ គឺ​ដើម្បី​យកទៅ​ប្រើប្រាស់​ជា​ផ្លូវការ​នៅពេល​​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៃ​រដ្ឋសភា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ​៕​ដោយ​៖វិបុល​/sn