សវនាការ​ជំនុំជម្រះ​សំណុំរឿង លោក កឹម សុខា

238
ចែករម្លែក

ដូច​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ លោក កឹម សុខា អមដោយ​ក្រុម​មេធាវី បាន​ចូលរួមក្នុង​សវនាការ ជំនុំ​ជម្រះក្តី នៅ​តុលាការ សាលាដំបូងរាជធានី​ភ្នំពេញ​។ លោក កឹម សុខា មិនបាន​ថ្លែង​អ្វី​ទៅកាន់​ក្រុមអ្នកកាសែត​ទេ តែ​នៅ​ព្រឹក​ថ្ងៃទី​១៥​មករា លោក​បានបង្ហោះ​គោលជំហរ​របស់លោក តាម​ហ្វេ​ស​ប៊ុ​ក ដោយ​បដិសេធ​នូវ​ការចោទប្រកាន់ ។

​ក៏ប៉ុន្តែ​មេធាវី​រាជរដ្ឋាភិបាល លោក​មេធាវី គី តិច អះអាងថា មាន​ភស្តុតាង​គ្រប់គ្រាន់ ពិសេសឃ្លី​ប​វីដេ​អូ ត្រូវបាន​បង្ហាញ​ក្នុង​សវនាការ ដោយ​លោក​កឹម​សុខា ទទួលស្គាល់ ហើយក៏​មានប្រទេស​ចំនួន​ប្រាំបួន និង​ជនបរទេស​មួយចំនួន​ទៀត​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ក្បត់ជាតិ​របស់ លោក កឹម សុខា​។​

ក្នុងពេល​បើកសវនាកា​រ សន្តិសុខត្រូវបាន​រឹតបន្តឹង​នៅ​បរិវេណ​តុលាការ សាលាដំបូង រាជធានី​ភ្នំពេញ​។ លោក កឹម សុខា អមដោយ​ក្រុម​មេធាវី បាន​ចូលរួម​សវនាការ​ដោយមានការការពារ​សន្តិសុខ ដោយ​កម្លាំង​នាយកដ្ឋានអង្គរក្ស​ផង​។ តែ​មិនមាន​ក្រុម​អ្នក​ប្រមូលផ្តុំ​តវ៉ា នៅមុខ​តុលាការ​ទេ​។​

តុលាការ​បានអនុញ្ញាត​ឲ្យ​តំណាង​ស្ថានទូត និង​អង្គការ​អន្តរជាតិ​នៅ​កម្ពុជា​មួយចំនួន​បាន​ចូលរួម​ស្ដាប់ និង​តាមដាន​ដោយផ្ទាល់ក្នុង​សាល​សវនាការ​ជំនុំជម្រះ​ក្តី​។ រីឯ​ក្រុម​អ្នកគាំទ្រ​អ្នក​តាមដាន និង​ក្រុម​អ្នកសារព័ត៌មាន​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​តាមដាន​ដោយផ្ទាល់​ទេ​ដោយសារតែបន្ទប់​សវនាការ​តូចចង្អៀត​។

​ក្នុងអំឡុងពេល​សវ​នា​លោក កឹម សុខា បាន​បង្ហោះ​សារលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា លោក​មិនបាន​នាំ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​ណាមួយ​មក​ប្រទូសរ៉ាយ​ឬ​ឈា្ល​ន​ពាន​ប្រទេសកម្ពុជា​ឡើយ​។ លោក​កឹម​សុខា ក៏បាន​បដិសេធថា​លោក​មិនបាន​ប្រព្រឹត្ត​នូវ​អំពើ​ទាំងឡាយណា ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រទេសជាតិ​ដែរ​។​
​ ​
​ក៏ប៉ុន្តែ​មេធាវី​រាជរដ្ឋាភិបាល​លោក​មេធាវី គី តិច បានផ្ដល់​បទ​សម្ភាស​ដ​ល់​ក្រុមអ្នក កាសែត បន្ទាប់ពី​បញ្ចប់​សវនាការ​មួយ​ព្រឹកកាលពី​ថ្ងៃទី​១៥​មករា​ថា ក្នុង​សវនាការ លោក កឹម សុខា បាន​ទទួលស្គាល់ថា វីដេអូ ដែល​និយាយ​អំពី​ដំណើររឿង​បរទេស បាន​បណ្ដុះបណ្ដាល និង​បង្រៀន​លោក អំពី​របៀប​នៃ​ការផ្លាស់ប្ដូរ​របប គឺជា​វីដេអូ​របស់លោក​យ៉ាងពិត​ប្រាកដ​។​

​លោក​មេធាវី គី តិច បាន​បន្ថែមថា «​ក្រុមប្រឹក្សា​ជំនុំជម្រះ បានសម្រេច​ចាក់​ភ័ស្ដុតាង​ដែលជា​វីដេអូ​ខ្លី​ប​សំខាន់ ដែលមាន​ប្រសាសន៍​រប​ស់លោក កឹម សុខា ពេលនោះ លោក កឹម សុខា បាន​ឆ្លើយ​នៅ​ចំពោះមុខ​ក្រុមប្រឹក្សា​នៅក្នុង​សវនាការ គឺ​លោក​ទទួលស្គាល់​សំឡេង និង​រូប របស់លោក នៅក្នុង​ឃ្លី​ប​វី​ដេ​អូ ដែល​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ចាក់​ជូន​អង្គ​សវនាការ​មើល គឺ​ពិតជា​សំឡេង និង​រូប​របស់គាត់ពិតប្រាកដ​មែន​»​។​

​លោក​មេធាវី គី តិច បាន​បញ្ជាក់ថា វី​ដេ​អូ​នេះ ជា​ភស្ដុតាង​សំខាន់ ក្នុង​សំណុំរឿង​«​ស​ន្ទិ​ដ្ឋិ​ភាពជាមួយ​បរទេស​» ដែលមាន​ជនជាប់ចោទ គឺ​លោក កឹម សុខា​។ ក្នុង​សំណុំ​រឿងនេះ​ក៏មាន ប្រទេស​ដល់​ទៅ​ប្រាំបួន មាន​ទាំង​ប្រទេស នៅ​តំបន់​អាស៊ាន តំបន់​អាស៊ី និង​ប្រទេស​លោកខាងលិច​មួយចំនួន ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​របស់លោក កឹម សុខា​។​
​ ​
យ៉ាងណាក៏ដោយ នៅពេលនេះ ចៅក្រម បានកំណត់​ពេល​ពីរ​ថ្ងៃ ដើម្បី​បើកសវនាការ​ជំនុំ ជម្រះ​សំណុំរឿង​ក្បត់ជាតិ របស់លោក​កឹម​សុខា គឺ​នៅ​ថ្ងៃទី​១៥ និង​ថ្ងៃទី​១៦ ខែមករា​នេះ ដោយ​សវនាការធ្វើឡើង​ទាំង​ព្រឹក និង​ទាំង​ល្ងាច ពេញៗ​មួយថ្ងៃៗ​។​

​ប៉ុន្តែ​សវនាការ​លើ​សំណុំរឿង​លោក កឹម សុខា អាច​នឹង​ប្រើពេល​ដល់​ទៅ​បី​ខែ​ដោយសារករណីនេះ ជា​សំណុំរឿង​ធំ​។

​យ៉ាងណាក៏ដោយ លោក កឹម សុខា នៅលើ​ហ្វេ​ស​ប៊ុ​ក ក៏បាន​ប្រកាស​ទាមទារ ឲ្យ​តុលាការ ទម្លាក់ចោល​បទចោទប្រកាន់​លើ​រូបលោក ដើម្បី​ឲ្យ​លោក មាន​សិទ្ធិ​ចូលរួម​ធ្វើ​នយោបាយឡើងវិញ​។ ការចូលរួម​ធ្វើ​នយោបាយ ត្រូវបាន​លោក កឹម សុខា អះអាងថា ដើម្បី​លោក​បាន ចូលរួម​បម្រើ​ជាតិ និង​ផលប្រយោជន៍​ប្រជាជន​កម្ពុជា​។​
​ ​
​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​យប់​ថ្ងៃទី​២ ឆ្លង​ចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ «​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​» ឬ​បទ​ក្បត់ជាតិ ដោយលោក​ត្រូវបាន​ចោទប្រកាន់ថា បាន​ឃុបឃិត​ជាមួយ​បរទេស​ក្នុង​បំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល ស្របច្បាប់ ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

​ក្រោយ​ការចាប់ខ្លួន លោក កឹម សុខា ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន នៅក្នុង​ពន្ធនាគារ ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​វៀតណាម​។ រហូតដល់​យប់​ថ្ងៃទី​៩ ឆ្លង​ចូល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ទើប​តុលាការ ដាក់​ឲ្យ​លោក កឹម សុខា ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់ តុលាការ ដោយ​ផ្ទេរ​ការឃុំខ្លួន ពី​ពន្ធនាគារ មក​នៅ​ក្នុងផ្ទះ​របស់លោក ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ តុលាការ​សាលាដំបូង រាជធានី​ភ្នំពេញ បាន​បន្ធូរបន្ថយលក្ខខណ្ឌ​នៃ​ការឃុំខ្លួន​លោក​កឹម​សុខា ដោយ​អនុញ្ញាត​ឲ្យ​លោក អាចធ្វើ​ដំណើរ​ទៅ​គ្រប់ទិសទី នៅក្នុង​ទឹកដី​កម្ពុជា ព្រមទាំង​អាច​ជួប​ទូត​បរទេស តែ​លោក កឹម សុខា នៅ​បន្ត​ជាប់​បម្រាម មិនអាច​ធ្វើ​នយោបាយ​បាន​នោះទេ​។​

​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ បាន​ចែងថា «​ប​ទស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស គឺជា​អំពើ​ត្រូវ រ៉ូ​វ​គ្នា ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ ប​ទស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១៥ ទៅ ៣០​ឆ្នាំ​»​។​
​ ​
​យ៉ាងណាក៏ដោយ សវនាការ​នៅពេលនេះ គឺ​ដើម្បី​សម្រេច​ថា លោក កឹម សុខា​ពិតជា​មានទោស ដូច​ការចោទប្រកាន់​មែន ឬ​យ៉ាងណា​? ប៉ុន្តែ​សវនាការ នឹង​អាច​បន្ត​ជាច្រើន​ថ្ងៃ ទៅតាម​ទំហំ​សំណុំរឿង និង​ការពាក់ព័ន្ធ ព្រោះថា គ្រាន់តែ​បើក​ការ​ស៊ើបសួរ​ចៅក្រម​បាន ចំណាយពេល​ដល់​ទៅ​ជាង​ពីរ​ឆ្នាំ​៕ ដោយៈ​ម៉េង​ឆៃ​/Ha