សវនាការ​ថ្ងៃទី​១ : លោក​កឹម សុខា បដិសេធ​ការចោទប្រកាន់​

261
ចែករម្លែក
សវនាការ​ថ្ងៃទី​១ : លោក​កឹម សុខា បដិសេធ​ការចោទប្រកាន់​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ តុលាការបាន​បើកសវនាការ​កាត់ទោស​លោក កឹម សុខា អតីតមេដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ លើ​សំណុំរឿង​ឃុបឃិត ជាមួយ​បរទេស ផ្តួលរំលំ​រាជរដ្ឋាភិបាល​។ លោក​កឹម សុខា អមដោយ​មេធាវី បាន​ចូលខ្លួន​នៅក្នុង​សវនាការ​ដើម្បី​តតាំង​ក្តី​។ មេធាវី រដ្ឋាភិបាល ក៏បាន​ចូល​ដើម្បី​ការពារ​បណ្តឹង​របស់ខ្លួន​ផងដែរ​។​


​សមាសភាព​ក្រុមប្រឹក្សា​ជំនុំជម្រះ មានដូចជា លោក​កូយ សៅ ជា​ប្រធាន ក្រុមប្រឹក្សា លោក​សេង លាង ចៅក្រម​ប្រឹក្សា លោក​ធាន​ច័ន្ទ​ពិសិដ្ឋ ជា​ចៅក្រម ប្រឹក្សា និង​លោក​ជ័យ វាសនា ជា​ក្រឡាបញ្ជី​សវនាការ​។​
​សវនាការ​នេះ មានការ​ចូលរួម​សង្កេតការណ៍ ពី​មន្ត្រី​ស្ថានទូត​មួយចំនួន អង្គការ​ជាតិ និង​អន្តរជាតិ អ្នកកាសែត​ជាច្រើន​ស្ថាប័ន​ផងដែរ​។​នៅក្រៅ តុលាការ​មាន​សកម្មជន និង​អតីត​សមាជិក​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​លើកទឹកចិត្ត និង​ស្តាប់​លទ្ធផល​សវនាការ​។​

លោក គី តិច មេធាវី​រដ្ឋាភិបាល


​ ​លោក គី តិច មេធាវី​រដ្ឋាភិបាល បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត បន្ទាប់ពី​ចប់​សវនាការ​ថា សវនាការ​បាន​ដំណើរការ និង​ដំណើរការ​នីតិវិធី មិនមាន​អ្វី​ត្រូវ បាន​រាំងស្ទះ​ទេ​។ សវនាការ​នា​ថ្ងៃទី​១ នេះ (១៥ មករា​) មាន​ចំណុច​សំខាន់​មួយ គឺ​ការដាក់​ពាក្យស្នើសុំ​ប្រើពាក្យ​តំណាង​ចំពោះ​រដ្ឋ នៃ​បរទេស​មួយចំនួន និង​អង្គការ​មួយចំនួន និង​បុគ្គល​ជា​បរទេស ដែល​ពាក់ព័ន្ធ​មួយចំនួន ហើយ​នៅ​រសៀល​ថ្ងៃទី​១៥ ខែមករា ក្រុមប្រឹក្សា​ជំនុំជម្រះ បានដាក់​ករណីនេះពិភាក្សា ក្រោយពី​ពិភាក្សា គឺ​មេធាវី​ដើម​បណ្តឹងរដ្ឋប្បវេណី ក៏ដូចជា​មេធាវី​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា បានកត់សម្គាល់​ចំណុច​សំខាន់​នោះ គឺ​ការដែល​ស្នើសុំ​ឲ្យ​ប្រើពាក្យ​តំណាង តាង​ដោយ​ពាក្យ គឺ​ចៀសវាង​ការប៉ះពាល់ដល់​ទំនាក់ទំនង​ល្អ រវាង​ប្រទេស​កម្ពុជា​ជាមួយ​បណ្តា​ប្រទេសដែល​ពាក់ព័ន្ធ នៅក្នុង​សំណុំរឿង ជនជាប់ចោទ កឹម សុខា​។ យើង​បានស្នើ​ឲ្យ​អង្គ​សវនាការ​ទាំងមូល គិត​អំពី​ផលប្រយោជន៍​ជាតិ គឺ​ការទំនាក់ទំនង​រវាង​ប្រទេសនិង​ប្រទេស គឺ​ដើម្បី​ផលប្រយោជន៍​ជាតិ​។ យើង​ស្នើសុំ​ឲ្យ​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទទួលយក​សំណើ​របស់​មេធាវី តំណាង​ដើម​បណ្តឹងរដ្ឋប្បវេណី និង​មេធាវី​រដ្ឋាភិបាល​។ ក្រុមប្រឹក្សា​ជំនុំជម្រះបានទទួល​យកពាក្យ​ស្នើសុំ គឺ​យល់ព្រម​ឲ្យ​ប្រើពាក្យ​តំណាង​នៅក្នុង​សាលក្រម​។

​លោក​បាន​បន្តថា សវនាការ ទើបតែ​ដល់​ដំណើរការ​មេធាវី​ដើម​បណ្តឹងរដ្ឋប្បវេណី សាកសួរ​ជាមួយ​ជនជាប់ចោទ កឹម សុខា ហើយ​សវនាការនឹង​បន្ត​សួរដេញដោល នៅ​ថ្ងៃទី​១៦ ខែមករា បន្តទៀត​។
​ ​

ចំណែក​លោក ចាន់ ចេ​ន មេធាវី​ការពារ​លោក កឹម សុខា បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា លោក​កឹម សុខា បានលើកឡើង​ទាក់ទង​ក្រមព្រហ្មទណ្ឌ និង​បាន​សួរ​ទៅ​ក្រុមប្រឹក្សា​ជំនុំជម្រះ ហេតុអ្វី​ច្បាប់​ទើបតែ​មាននៅ​ឆ្នាំ​២០១០ ហើយ​យក​អង្គហេតុ​គាត់តាំងពី​ឆ្នាំ​១៩៩៣ មកទល់​ឥឡូវ មក​ធ្វើការ​ចោទប្រកាន់​។ ករណី​តតាំង​ក្តី​នេះ មិនមែន​ជាការ​ធូរ​ទេ ពីព្រោះ​បទល្មើស​នេះ ជា​បទល្មើស​មួយ​ដែល​ធំ មិនមែន​សាមញ្ញ​ទេ ដូច្នេះ​អ្វីដែល​សួរដេញដោល គឺ​លោក កឹម សុខា បាន​ឆ្លើយថា គាត់​មិនបាន​ប្រព្រឹត្តដូចជា​ការចោទប្រកាន់​ទេ ប្រហែល​ជាមាន​ការយល់​ច្រឡំ​។​


​ ​
​សូមជម្រាបថា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៧ សាលាដំបូង​រាជធានី​ភ្នំពេញ បានទទួល​ចាត់ការ​ស៊ើបសួរ លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៥៦៤២ ចុះ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ដែលមាន​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ភេទ​ប្រុស សញ្ជាតិ​ខ្មែរ កើត​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​១៩៥៣ ត្រូវបាន​ចោទប្រកាន់​ពីបទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត កាលពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។​


​អ្នកនាំពាក្យ បាន​បញ្ជាក់ថា ក្រោយពី​បាន​ស្រាវជ្រាវ និង​ស៊ើបសួរ​ចប់សព្វគ្រប់ ចៅក្រម​ស៊ើបសួរ ពិនិត្យឃើញថា មាន​ភស្តុតាង​ដាក់បន្ទុក​គ្រប់គ្រាន់ លើ​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ពីបទ ស​ន្ទិដ្ឋិ​ភាពជា​មួយ​បរទេស ហើយ​ចៅក្រម​ស៊ើបសួរ បានសម្រេច​បិទ​បញ្ចប់​ការ​ស៊ើបសួរ​នេះ ដោយ​បញ្ជូន​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ទៅ​តុលាការ​ជំនុំជម្រះ តាម​ដីកា​បញ្ជូនទៅ​ជំនុំជម្រះ​លេខ ៦៤០០ «​គ​» ដ​.​ដ ចុះ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩​។​

លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ បានចេញ​លិខិត​ជូនដំណឹង ស្តីពី​ការបិទ​ការ​ស៊ើបសួរ​លើ​សំណុំរឿង​លោក កឹម សុខា ដែល​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​ពីបទ ស​ន្ទិដ្ឋិ​ភាពជា​មួយ​បរទេស ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត កាលពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង និង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៤៤៣ ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​បិទ​ការ​ស៊ើបសួរ ចាប់ពីពេលនេះ​តទៅ​។
​ការសម្រេច​បិទ​ការ​ស៊ើបសួរ​សំណុំរឿង លោក​កឹម សុខា គឺ​បន្ទាប់ពី​ដំណើរការ​នីតិវិធី អស់​រយៈពេល​ជាង ពីរ​ឆ្នាំ​។ នៅក្នុង​សំណុំ​រឿងនេះ លោក​កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧​។ ការចាប់ខ្លួន​លោក កឹម សុខា ធ្វើឡើង បន្ទាប់ពី​វីដេអូ​ឃ្លី​ប​មួយ ដែល​លោក កឹម​សុខា បាន​និយាយ​សារភាព កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ប្រទេស​អូស្ត្រាលី​ថា ខ្លួន​បានធ្វើ​តាម​បញ្ជា​របស់​សហរដ្ឋអាម៉េរិក ក្នុងការ​រៀបចំ​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​យក​គំរូ​ទៅនឹង​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​ស៊ែរ​ប៊ី​។​

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ តុលាការ​បានសម្រេច​ដាក់​លោក កឹម សុខា ស្ថិតក្រោម​ការត្រួតពិនិត្យ តាមផ្លូវ​តុលាការ​ដដែល​តែ​បាន​កែប្រែ​លក្ខខណ្ឌ​មួយចំនួន​ដែល​ក្នុងនោះ​រួមមាន​លក្ខខណ្ឌ​នៃ​ការធ្វើដំណើរ​របស់លោក​ផងដែរ ពោលគឺ​លោក​អាចធ្វើ​ដំណើរ​បាន​គ្រប់​ទីកន្លែង​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ការសម្រេច​នេះ ដោយ​ផ្អែកលើ​ស្ថានភាព​សុខភាព និង​កិច្ចសហការ​ល្អ​របស់លោក កឹម​សុខា ជាមួយ​សមត្ថកិច្ច នាពេល​កន្លងមក​។ ប៉ុន្តែ​លោក ត្រូវ​ហាមឃាត់​មិនឱ្យ​ចេញទៅ​បរទេស មិនឱ្យ​ធ្វើ​សកម្មភាព​នយោបាយ និង​ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ ពី​គ្រប់​សមត្ថកិច្ច​៕សរន/Ha