សហគមន៍ទឹកជប់ខ្នារពោធិ៍ ក្នុង​ស្រុកសូទ្រនិគម កំពុងរៀបចំព្រៃ​កោងកាងទឹកសាប ឱ្យក្លាយទៅជា​តំបន់ទេសចរណ៍

132
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ សហគមន៍ទឹកជប់ខ្នារពោធិ៍ ក្នុងស្រុកសូទ្រនិគម កំពុងរៀបចំព្រៃកោងកាងទឹកសាប ឱ្យក្លាយទៅជាតំបន់ទេសចរណ៍ ។នេះគឺជាការបញ្ជាក់អោយដឹងពី លោក ឌឿម ឌន់ ប្រធានសមាគមន៍ទឹកជប់ខ្នារពោធិ៍ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ។

លោក ឌឿម ឌន់ ប្រធានសមាគមន៍ទឹកជប់ខ្នារពោធិ៍ បានឱ្យដឹង ថា សហគមន៍ទឹកជប់ខ្នារពោធិ៍ ដែលស្ថិតក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានកំពុងរៀបចំព្រៃកោងកាងចំនួន ៩០ ហិកតា ក្នុងចំណោមផ្ទៃដីទំហំ១.០២២ហិកតារបស់ សហគមន៍ ឱ្យក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ព្រោះនៅក្នុងសហគមន៍នេះ មានសកត្តានុពលទេសចរណ៍ជាច្រើន ដូចជាព្រៃកោងកាងទឹកសាប ទឹកជប់ហូរខួបប្រាំងខួបវស្សា មានផ្កាព្រៃរីកស្រស់បំព្រង មានចម្ការឬស្សី ដែលរៀបចំយ៉ាងស្រស់ស្អាត រួមជាមួយធនធានធម្មជាតិជាច្រើនប្រភេទទៀតផងដែរ។

លោក បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ សហគមន៍បានកំពុងតែធ្វើស្ពានសម្រាប់ឱ្យអ្នកទេសចរដើរទស្សនាព្រៃកោងកាង និងផ្កាព្រៃ សាងសង់កន្លែងសម្រាប់សម្រាកនិងកន្លែងសម្រាប់ទទួលទានអាហារ ដែលកំពុងស្នើសុំទៅអាជ្ញាធរឃុំក្នុងការសាងសង់ផ្លូវចូលទៅកាន់តំបន់ឱ្យបានងាយស្រួល រួមទាំងការរៀបចំលើការការពារសន្តិសុខ និងសុវត្ថិភាពផងដែរ។

រីឯលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា មន្ទីរទេសចរណ៍ខេត្តគាំទ្រចំពោះសកម្មភាពនេះ ព្រោះថា ការបង្កើតឱ្យមានផលិតផលទេស​ចរណ៍ថ្មី គឺជាយុទ្ធសាស្រ្តដ៏សំខាន់ ដែលក្រសួងទេសចរណ៍កំពុងតែជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់បង្កើតឱ្យបានច្រើន ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរឱ្យទស្សនាកម្សាន្ត និងស្នាក់នៅកម្ពុជាបានយូរ។

លោក បានបញ្ជាក់ទៀតថា ក្រៅពីប្រាសាទបុរាណ តំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ទេសចរណ៍កែឆ្នៃនៅជុំវិញតំបន់ប្រាសាទ គឺជាសក្តានុពលទេសចរណ៍ដ៍សំខាន់មួយ ដែលអ្នកទេសចរភាគច្រើនបាននឹងកំពុងតែមានការចាប់អារម្មណ៍និងពេញនិយម ដូចឆ្នេះការរៀបចំព្រៃកោងកាងទឹកសាប ទំហំចំនួន៩០ ហិកតា ក្នុងចំណោមផ្ទៃមានផ្ទៃដី​១.០២២ហិកតា របស់សហគមន៍ឱ្យក្លាយទៅជាតំបន់ទេសចរណ៍នេះ គឺជាផលិតផលទេស​ចរណ៍ថ្មីមួយប្លែក ដែលនៅក្នុងខេត្តសៀមរាបនេះមិនទាន់មាននៅឡើយ ហើយមន្ទីរទេសចរណ៍ និងសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ជំរុញឱ្យការរៀបចំតំបន់នេះ ឱ្យក្លាយជាតំបន់ទេសចរណ៍ដ៍ទាក់ទាញនៅពេលឆាប់ខាងមុខនេះ ជាពិសេសស្របតាមស្តង់ដារសហគមន៏ទេសចរណ៏ជាតិ៕B/