សហគមន៍​ការពារ​ធម្មជាតិ​១២​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួងបរិស្ថាន​

207
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន​១២​សហគមន៍ នៅ​ដែនជម្រកសត្វព្រៃ ស្រែ​ពក​, ភ្នំ​ព្រេច និង​កែវ​សីមា ក្នុងភូមិ​សាស្ត្រ​ខេត្តមណ្ឌលគិរី បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួងបរិស្ថាន ក្នុងការ​គ្រប់គ្រង​សហគមន៍ និង​អភិរក្ស​ធនធានធម្មជាតិ​។ ពិធី​ចុះ​កិច្ចព្រមព្រៀង​នេះ ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតី លោកស្រី​ម៉ុម ថា​នី រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ដោយមាន​ការចូលរួម​ពី រដ្ឋបាលខេត្ត អាជ្ញាធរ​ដែនដី អង្គការ​ជា​ដៃគូ​រពាក់​ព័ទ្ធ ប្រធាន​បណ្តាញ​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ​ថ្នាក់​តំបន់​ខាងកើត​ទន្លេមេគង្គ និង​ប្រជា​សហគមន៍ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៩ ស្ថិតក្នុង​ភូមិ​អ​ញ្ជ័​រ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ខេត្តមណ្ឌលគិរី​។​

​សហគមន៍​តំបន់ការពារធម្មជាតិ​ទាំង​១២ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួងបរិស្ថាន មានដូចជា​៖
១. សហគមន៍​តំបន់ការពារធម្មជាតិ «​ទូ​លុង​»​។​
២. សហគមន៍​តំបន់ការពារធម្មជាតិ​«​ត្រពាំង​ក្អើ​ម​។​
៣. សហគមន៍​តំបន់ការពារធម្មជាតិ «​ពូ​ជ្រៃ »​។​
៤. សហគមន៍​តំបន់ការពារធម្មជាតិ «​ក្រង់​រពុក​» ។​
៥. សហគមន៍​តំបន់ការពារធម្មជាតិ​«​យ៉ូ​កណា​ម​រ៉ា​ម​» ។​
៦. សហគមន៍​តំបន់ការពារធម្មជាតិ «​អ​បួន​លើ​»​។​
៧. សហគមន៍​តំបន់ការពារធម្មជាតិ «​អូរ​ង្លា​វ​»​។​
៨.​សហគមន៍​តំបន់ការពារធម្មជាតិ «​ម៉ា​លើ​ល​កង​ប្រស់​»​។​
៩. សហគមន៍​តំបន់ការពារធម្មជាតិ «​ភ្នំ​ក្តុក​»​។​
១០.​សហគមន៍​តំបន់ការពារធម្មជាតិ «​ភ្នំរ​ហាវ​»​។​
១១.​សហគមន៍​តំបន់ការពារធម្មជាតិ «​ឡៅ​រមៀត​»​។​
១២.​សហគមន៍​តំបន់ការពារធម្មជាតិ «​ស្រែ​ព្រះ​»​។​

​នៅក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​ដែល​រៀបចំឡើង​នៅ​ភូមិ​អ​ញ្ជ័​រ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ខេត្តមណ្ឌលគិរី លោកស្រី​ម៉ុម ថា​នី រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​កោតសរសើ​ដល់​ការចូលរួម​របស់​សហ​គម​ន៍​តំបន់ការពារធម្មជាតិ​ទាំង​១២ ក្នុង​ការងារ​អភិរក្ស​ធនធានធម្មជាតិ និង​លើ​កម្ពស់​ជីវភាព​សហគម​ន៍​។ លោកស្រី​រដ្ឋលេខាធិការ ក៍បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ពាក់ព័ន្ធ ជាពិសេស​អាជ្ញាធរ​ដែន​ដី និង​អង្គការ​ដៃគូ​នានា ដែល​បាន​គាំទ្រ និង​សម្របសម្រួល ដើម្បីឱ្យ​សហគមន៍​តំបន់ការពារធម្មជាតិ​ទាំង​១២ បាន​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួងបរិស្ថាន​។ លោកស្រី​បន្តថា កិច្ចព្រមព្រៀង​នេះ​គឺជា​វិភាគទាន​មួយ​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​ដល់​ការ​អនុវត្ដ​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ​របស់​រាជរដ្ឋាភិបាល ដែលមាន​គោលដៅ​ពង្រឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ តាមរយៈ​ការចូលរួម​ពី​សហគមន៍​មូលដ្ឋាន និង​ជនជាតិដើម​ភាគតិច​រស់នៅក្នុង​ឬ​ក្បែរ​តំបន់​ការពារ​ធម្ម​ធម្មជាតិ​។​លោក​ឈឹម កាន អភិបាលរង​ខេត្តមណ្ឌលគិរី បាន​សម្តែង​សេចក្តី​រីករាយ ដោយ​សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន​១២ បានទទួល​ការចុះ​កិច្ច​ព្រ​ព្រៀង​ជាមួយ​ក្រសួងបរិស្ថាន ទទួល​សិទ្ធិ​ស្របច្បាប់​ក្នុងការ​គ្រប់គ្រង និង​ប្រើប្រាស់​ធនធានធម្មជាតិ​ដោយ​និរន្តរភាព នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ទាំង​៣​ខាងលើ​។ លោក អភិបាលរង​ខេត្ត បាន​លើកឡើងថា រដ្ឋបាលខេត្ត​មណ្ឌលគិរី​បាននិងកំពុង​ចូលរួមចំណែក និង​ផ្តល់​ការគាំទ្រ​យ៉ាង​ពេញទំហឹង​លើ​ការចូលរួម​របស់​សហ​គម​ន៍​មូលដ្ឋាន​ដើម្បី​គ្រប់គ្រង​ព្រៃឈើ និង​ធនធានធម្មជាតិ​។ ជាមួយគ្នានេះដែរ លោក​ក៍បាន​ស្នើឱ្យ​អាជ្ញាធរ​ឃុំ ស្រុក និង​មន្ទីរ​ពាក់ព័ន្ធ​ជំវិញ​ខេត្ត បន្ត​គាំទ្រ ផ្តល់​សេវា​ដល់​សហគមន៍​ដែល​ត្រូវការ ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការ​គ្រប់​ធនធានធម្មជាតិ និង​ផ្តល់​ភាពជា​ម្ចាស់​ដល់​សហគមន៍​។​

​លោក​ខៀវ បូ​រិ​ន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន តំណាង​ក្រសួងបរិស្ថាន ជា​អ្នកចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​សហគមន៍​តំបន់ការពារធម្មជាតិ​ទាំង​១២ ដែល​សុពលភាព​នៃ​កិច្ចព្រមព្រៀង​នេះ​មាន​រយៈពេល​១៥​ឆ្នាំ​។ គោលដៅ​ចំបង​នៃ​កិច្ចព្រមព្រៀង​នេះ គឺ​ផ្តល់​សិទ្ធិ​ដល់​សហគមន៍​ក្នុងការ​គ្រប់គ្រង និង​ប្រើប្រាស់​ធនធានធម្មជាតិ​ដើម្បី​លើកកម្ពស់​ជីវភាព​សហ​គម​ន៍​ដោយ​និរន្តរភាព ស្របតាម​ផែនការ​គ្រប់គ្រង​សហគមន៍​។ យោងតាម​ច្បាប់​ស្តីពី​«​តំបន់ការពារធម្មជាតិ​» គឺ​ព្រៃ​សហគមន៍​តំបន់ការពារធម្មជាតិ ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដែល​រាជរដ្ឋាភិបាល​បានទទួល​ស្គាល់​សិទ្ធិ និង​តួនាទី​ចូលរួម​គ្រប់គ្រង​ធនធានធម្មជាតិ​របស់​សហគមន៍​មូលដ្ឋាន​។​

​នៅក្នុង​ឱកាស​នោះដែរ ក៍មាន​ពិធី​ចុះ​កិច្ចព្រមព្រៀង​ហិរញ្ញ​ប​ទាន​រវាង​អង្គការ WWF កម្ពុជា ជាមួយ​សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន​១១ ដែលមាន​ផែនការ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​សហគម​ន៍ស​ម​ស្រប ដើម្បី​ទទួលបាន​ថវិកា​ចំនួន​ជា​មធ្យម ១២០០០​ដុល្លា​សហរដ្ឋអាមេរិក​។ គម្រោង​ដែលមាន​ឈ្មោះ «​ហិរញ្ញ​ប​ទាន​ភាគី​ទី​បី​» បាននិងកំពុង​ធ្វើការ​ជាមួយ​សហគមន៍​ចំនួន​១៥ សហគមន៍ មាន​រយៈពេល​៥​ឆ្នាំ (២០១៧ ដល់​២០២១) ដោយ​សហគមន៍​នីមួយៗ​អាច​លើកសំណើ​អភិវឌ្ឍ​សហគមន៍​ក្នុង​រយៈពេល​មួយឆ្នាំ​ម្តង ហើយ​សំណើ​នោះ​មាន​គោលដៅ​លើក​កំពស់​ជីវភាព ការអភិវឌ្ឍ​សហគមន៍ ក្នុងន័យ​កាត់បន្ថយ​ដល់​ការដាក់​សម្ពាធ​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ​។

​គួរ​បញ្ជាក់ថា មកដល់​ឆ្នាំ​២០១៩ នេះ សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន​១៦៨ ត្រូវបាន​រៀបចំ និង​ចុះបញ្ជី​នៅ​ក្រសួងបរិស្ថាន ចូលរួម​គ្រប់គ្រង​លើដី​ព្រៃ​សហគមន៍​ចំនួន​២៨៥,៦០៩​ហិកតា ដែល​ស្មើនឹង ៤​ភាគរយ នៃ​ផ្ទៃដី​តំបន់ការពារធម្មជាតិ​នៅ​កម្ពុជា (៧.២​លាន​ហិកតា​)៕ ល​