សហគមន៍​ដាំ​បន្លែ​សុវត្ថិភាព​នៅ​ស្រុក​កងមាស​អនុវត្ត​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​

120

​(​កំពង់ចាម​)៖​ប្រជាពលរដ្ឋ​ចំនួន​២៧​គ្រួសារ​រស់នៅ​ឃុំ​រកា​គយ​និង​ឃុំ​ពាមជីកង​ស្រុក​កងមាស​ខេត្តកំពង់ចាម​បាន​ចូលរួម​ក្នុង​សហគមន៍​ដាំ​បន្លែ​សុវត្ថិភាព​ក្នុង​”​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​”​មានការ​ផ្តល់​បច្ចេកទេស​ពី​មន្ត្រី​កសិកម្ម​និង​ផ្តល់ជំនួយ​ថវិកា​មួយចំនួន​ពី​រាជរដ្ឋាភិបាល​។​អ្នកស្រី​ថៃ​សំអុល​អាយុ​៤៨​ឆ្នាំ​ជា​សមាជិក​សហគមន៍​ម្នាក់​ដែលមាន​ចម្ការ​ទំហំ​០,៥០​ហិកតា​ក្នុងភូមិ​ដំណាក់​ល្អិត​ឃុំ​រកា​គយ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៧​កុម្ភ​:​ថា​អ្នកស្រី​បាន​ចូលរួម​អនុវត្ត​គម្រោង​ជំរុញ​ផលិតកម្ម​ស្បឿ​ង​នេះ​បាន​ចំនួន​ជាង​មួយខែ​ហើយ​ជាមួយ​ប្អូនស្រី​ឈ្មោះ​ថៃ​សំអាង​។​ដំបូង​មាន​បណ្តុះបណ្តាល​ជា​ទ្រី​ស្តី​និង​បន្ទាប់មក​បង្ហាត់បង្ហាញ​ជាក់ស្តែង​ដោយ​មន្ត្រី​កសិកម្ម​នៅក្នុង​ចម្ការ​តែម្តង​។​

​អ្នកស្រី សំអុល បាន​ឲ្យ​ដឹង​ទៀតថា ក្នុងនោះ​បានទទួល​ការណែនាំ​ឲ្យ​ដាំ​ប្រភេទ​ដំណាំ​បន្លែ​ចម្រុះ មាន​: ត្រសក់ស្រូវ​, ត្រសក់ផ្អ ឬ​ត្រសក់​ជ្រលង់ , សណ្តែក​គួរ ,​ម្រះ ,​ម្ទេស ,​ត្រប់ និង​ពោតស​ប្រភេទ​ពូជ​៨៨ ជា​របង​ការពារ​ព័ទ្ធជុំវិញ​ដំណាំ​ទាំ​នោះ​។ នេះ​ជា​ចម្ការ​ដំណាំ​បន្លែ សុវត្ថិភាព គឺ​យើង​ប្រើប្រាស់​ថ្នាំ​និង​ជីគីមី ស្របតាម​លក្ខណ​:​បច្ចេកទេស​កសិកម្ម ពោលគឺ​អនុវត្ត​នូវ​អ្វីដែល​បានទទួល​ពី​ការបណ្តុះបណ្តាល និង​បង្ហាត់បង្ហាញ​ផ្ទាល់​ពី​មន្ត្រី​កសិកម្ម​ខេត្ត​។​

​អ្នកស្រី​បាន​បន្ថែមថា រយ​:​ពេល​ជាង​៣០​ថ្ងៃ​នៃ​ការដាំ​បន្លែ​នេះ គឺ​បាន​ប្រមូល​ផល​ពី​ត្រសក់ស្រូវ​ចំនួន ២៩ ថ្នល និង​ត្រសក់ផ្អ​ចំនួន ១០​ថ្នល​ជា​បណ្តើរៗ​ហើយ​។ ដោយ​ត្រសក់ស្រូវ​បេះ​មួយ​ថ្ងៃមួយ​លើក​បាន​១០០​គីឡូក្រាម បេះ​បាន​បី​ថ្ងៃ​ហើយ​។ ចំណែក​ត្រសក់ផ្អ​ទើប​បេះ​មួយថ្ងៃ​ដំបូង​បាន​ចំនួន ១០​គីឡូក្រាម​ដែរ​។

ក្នុងនោះ​ត្រសក់ស្រូវ​លក់បាន​តម្លៃ​ពី ១.៣០០​ទៅ ១.៥០០​រៀល ក្នុង​មួយ​គីឡូក្រាម ហើយ​ត្រសក់ផ្អ​មួយ​គីឡូក្រាម​បាន ១.០០០​រៀល​។​អ្នកស្រី​បាន​បន្តថា តាម​ប្រមូល​ផល​លើកដំបូង​នេះ គឺ​គ្រួសារ​គាត់​មាន​ទំនុកចិត្ត​ពី ៧០ ទៅ ៨០​ភាគរយ​នឹង​ទទួលបាន​ជោគជ័យ​ក្នុងការ​ចូលរួម​អនុវត្ត​”​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​”​។

គម្រោង​នេះ​គ្រួសារ​អ្នកស្រី និង​ប្អូនស្រី​បាន​ចំណាយ​រួមគ្នា​ប្រហែល ១.៥០០​ដុល្លារ សម្រាប់ធ្វើ​របង និង​ធ្វើ​ដី​លើ​ករង​ថ្នល​ដំណាំ​។ចំណែក​សម្ភារ​:​ដូចជា​ធុង​ទឹក ទុយោ​ទឹក និង​ឧបករណ៍​មួយចំនួនទៀត គឺជា​ជំនួយ​របស់​រដ្ឋាភិបាល​ក្នុង​មួយ​គ្រួសារ​សរុប​ប្រហែល ៧០០​ដុល្លារ​។​ជាមួយ​នោះ​អ្នកស្រី​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្ត​គម្រោង​នេះ​ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​ពី​ប្រទេសជិតខាង​។ ជាពិសេស​ធ្វើ​ឲ្យ​មាន​មុខរបរ​ពិតប្រាកដ ដោយ​មិន​ខ្វាយខ្វល់​ពី​បញ្ហា​ចំណាកស្រុក​ឡើយ​។​

លោក​ភួង​ណា​វុ​ធ​ប្រធានការិយាល័យ​សេ​ត្រ​សាស្ត្រ​និង​លទ្ធភាព​កសិកម្ម​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា​អ្នកស្រី​ថៃ​សំអុល​ជា​សមាជិក​នៃ​”​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​”​ក្នុងស្រុក​កងមាស​ក្នុងចំណោម ២៧ គ្រួសារ​ក្នុង​សហគមន៍​។ ក្នុង​ខេត្តកំពង់ចាម​កសិករ​ដែល​ស្ថិតក្នុង​គម្រោង​លើ​ក្រៅពី​ស្រុក​កងមាស​នេះ​មាន ស្រុក​កំពង់សៀម ,​ស្រុក​ចម្ការលើ និង​ក្រុង​កំពង់ចាម​។​

​លោក​ប្រធានការិយាល័យ​បាន​ឲ្យ​ដឹង​ទៀតថា កសិករ​ដែលមាន​លក្ខ​ណ​:​សម្បត្តិ​ចូលក្នុង​គម្រោង​ដែល​ផ្តល់​ថវិកា​ដោយ​រាជរដ្ឋាភិបាល និង​លក្ខណ​:​ដោយ​មន្ត្រី​កសិកម្ម​នេះ​គឺ​ងាយ​បំផុត​ដូចជា​: មានការ​ស្ម័គ្រចិត្ត​ចូល​, មាន​ដី​ទំហំ​ចាប់ពី ០,២០ ហិកតា​ទៅ ១​ហិកតា និង​គាត់​ជា​កសិករ​ជា​អ្នក​ដាំ​បន្លែ​អាជីព​។ ក្នុងនោះ​កសិករ​នៅ​ជិតខាង​ដែល​ចង់​ចេះ​ចង់ដឹង​ពី​បច្ចេកទេស​កសិកម្ម​ល្អ ឬ​បន្លែ​សុវត្ថិភាព គឺអាច​សាកសួរ​ជាមួយ​កសិករ​ក្នុង​សហគមន៍​បាន ឬក៏​ជួប​សុំ​ប្រឹក្សា​ផ្ទាល់​ពី​មន្ត្រី​របស់​យើង​ក៏បាន​៕S/​ដោយ​: គង់​ហេង

​សហគមន៍​ដាំ​បន្លែ​សុវត្ថិភាព​នៅ​ស្រុក​កងមាស​អនុវត្ត​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​