សហគមន៍​តំបន់​ធម្មជាតិ​ដែនជម្រកសត្វព្រៃ​ណា​ម​លៀរ ទទួលបាន​ពូជ​សត្វ​ចិញ្ចឹម​ពី​ក្រសួងបរិស្ថាន​

939
ចែករម្លែក

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: សហគមន៍​តំបន់ការពារធម្មជាតិ (CPA) នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ បានទទួល​ពូជ​ជ្រូក​ជនជាតិ ឬ​ជ្រូក​កណ្ដុរ ចំនួន​៥៤​ក្បាល និង​ផ្ដល់ជូន​សត្វ​មាន់​ដល់​ប្រជា​សហគមន៍​១១​គ្រួសារ ចំនួន​១១០​ក្បាល ព្រមទាំង​សម្ភារ​កសិកម្ម​ពី​គម្រោង​របស់​អគ្គនាយក​ដ្ឋា​ន​សហគមន៍​មូលដ្ឋាន នៃ​ក្រសួងបរិស្ថាន ដើម្បី​ជួយ​លើកស្ទួយ​ប្រាក់ចំណូល​ប្រចាំថ្ងៃ និង​កម្រិតជីវភាពរ​ស់​នៅ​របស់​ប្រជា​សហគមន៍​។​

​លោក រ័ត្ន វិ​រៈ អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​មានប្រសាសន៍ថា ក្រសួងបរិស្ថាន បានរៀបចំ​គម្រោង​ចិញ្ចឹម​ជ្រូក​ជនជាតិ ឬ​ជ្រូក​កណ្ដុរ នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ ដើម្បី​ផ្ដល់ជូន​ដល់​ប្រជា​សហគមន៍​យកទៅ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ និង​ប្រពៃណី សំដៅ​ជួយ​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ លោក​បាន​ឲ្យ​ដឹង​ទៀតថា ការផ្ដល់ជូន​ពូជ​ជ្រូក មាន់ និង​សម្ភារៈ​កសិកម្ម​នា​ថ្ងៃនេះ ជាការ​ឆ្លើយតប​តម្រូវ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​សហគមន៍ ហើយ​ក្រសួងបរិស្ថាន តាមរយៈ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន ក៏បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ទៅលើ​បច្ចេកទេស​ចិញ្ចឹម​ស្ដីពី​ផលិតកម្ម​ជ្រូក​ផងដែរ​។

​លោក ឈឹម កាន អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី បាន​មានប្រសាសន៍ថា តាងនាម​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី សូម​សម្ដែង​នូវ​ក្ដី​រីករាយ​ចំពោះ​គម្រោង​ចិញ្ចឹម និង​ការផ្ដល់​ពូជ​ជ្រូក​ជនជាតិ និង​មាន់ ដើម្បី​ឲ្យ​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ យកទៅ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ និង​ដើម្បី​បង្កើន​ប្រាក់ចំណូល​។ លោក​បាន​ជំរុញ​ឲ្យ​ប្រជា​សហគមន៍​ដែល​ទទួលបាន​ពូជ​ជ្រូក​ជនជាតិ និង​មាន់​នា​ថ្ងៃនេះ ត្រូវខិតខំ​ថែរក្សា​ជ្រូក​តាម​ការណែនាំ​និង​បច្ចេកទេស​ឲ្យ​បានល្អ​។ លោក ក៏បាន​ណែនាំ​ដល់​ប្រជា​សហគមន៍​ត្រូវ​ចូលរួម​ថែរក្សា អភិរក្ស​ធនធានធម្មជាតិ វប្បធម៌ និង​ប្រពៃណី​របស់​បងប្អូន​ជនជាតិដើម​ភាគតិច ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​នៅក្នុង​ខេត្តមណ្ឌលគិរី​នេះ​។


​លោក ខៀវ បូ​រិ​ន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន​បាន​មានប្រសាសន៍​ផងដែរ​ថា អគ្គនាយកដ្ឋាន​មូលដ្ឋាន បាន​អនុវត្ត​គម្រោង​លើកកម្ពស់​ជីវភាព​សហ​គម​ន៍​តំបន់ការពារធម្មជាតិ ដើម្បី​បង្កើន​ប្រាក់ចំណូល និង​ពង្រីក​មុខរបរ​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ សំដៅ​កាត់បន្ថយ​សម្ពាធ​នៃ​ការប្រើប្រាស់​ធនធានធម្មជាតិ និង​ចូលរួមចំណែក​ក្នុងការ​អភិរក្ស​ជីវៈ​ច​ម្រុះ​៕