សហគមន៍​ត្រពាំងរ​ពៅ​អំពាវនាវ​រក​ដៃគូ​ដើម្បីឱ្យ​ការបង្កើត​អេកូ​ទេសចរណ៍​បាន​ដល់​គោលដៅ​

2025
ចែករម្លែក
  • 2
    Shares

ដោយ​: បូកគោ / កំពត​: ដោយសារ​អង្គការ​ដៃគូ​ដែល​ធ្លាប់​គាំទ្រ​ជា​យូរ​មកហើយ បានបញ្ចប់​បេសកកម្ម សហគមន៍​នេសាទ​ត្រពាំងរ​ពៅ​ដែលមាន​មូលដ្ឋាន​ស្ថិតក្នុង​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ​បាន​អំពាវនាវ​រក​ដៃគូ​ចូលរួម​អន្តរាគមន៍ ដើម្បីឱ្យ​ការបង្កើត​អេកូ​ទេសចរណ៍​បាន​ដល់​គោលដៅ​។ ជំនួស​ឱ្យ​ក្តី​អស់សង្ឃឹម​ព្រោះតែ​វិបត្តិ​នេះ អាជ្ញាធរ​ឃុំ​ព្រែក​ត្នោត​នឹង​ជួយ​ជ្រោមជ្រែង​ដើម្បី​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​អាច​រកប្រាក់​ចំណូល​បន្ថែ​ម​តាមរយៈ​ការ​មក​កម្សាន្ត​របស់​ភ្ញៀវ​ជិត​ឆ្ងាយ​នៅ​រមណីយដ្ឋាន​បែប​ធម្មជាតិ​ដ៏​ស្រស់ស្អាត​នា​ឆ្នេរសមុទ្រ​នោះ​។​

​លោក​ទិ​ត្យ រី​ន ប្រធាន​សហគមន៍​នេសាទ​ត្រពាំងរ​ពៅ​បាន​រៀបរាប់ថា​ជាមួយនឹង​ជំនួយ​របស់​អង្គការ សាមគ្គី​ដែលជា​ដៃគូរ​អភិវឌ្ឍន៍​ដ៏​សំខាន់ គណៈកម្មការ ព្រមទាំង​សមាជិក​សហគមន៍​បាន​មូលមតិ​គ្នា​សាងសង់ ស្ពានឈើ​សម្រាប់​ភ្ញៀវ​ដើរ​កម្សាន្ត​លើ​ផ្ទៃ​ទឹក​រាក់ និង​ក្នុង​ព្រៃកោងកាង​បំណង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​រក​ចំណូល​បន្ថែម​តាម​រៈ​សកម្មភាព​ទេសចរណ៍​បែប​ធម្មជាតិ​។

​គម្រោង​នេះ​ស្រប​នឹង​ចក្ខុវិស័យ​របស់​រដ្ឋបាល ខេត្ត និង​មានការ​យល់ព្រម​ពី​ជំនាញ​ពាក់ព័ន្ធ​ផ្តោតលើ​ផ្នែក​សេវា​ទេសចរណ៍​ដែលជា​សក្តានុពល​សម្រាប់​ខេត្តកំពត​ផងដែរ​។ លោក​ប្រធាន​សហគមន៍​បាន​បន្តថា ស្ពាន​នេះ សហគមន៍​មាន​គម្រោង​ធ្វើ​ប្រវែង​២១០​ម៉ែត្រ តែ អង្គការ​បាន​ជួយ​ត្រឹម​១៤០​ម៉ែត្រ​ប៉ុណ្ណោះ​ដោយសារ​កញ្ចប់​ថវិកា និង​បេសកកម្ម​ត្រូវ​បញ្ចប់​។ ដូច្នេះ ក្នុងនាម សហគមន៍ លោក​សូម​អំពាវ​ដល់​សប្បុរស​ជន ឬ​អង្គការ ស្ថាប័ន​ផ្សេងៗ​ដែលមាន​កញ្ចប់​ថវិកា​សូមមេត្តា​ជួយ​ព្រោះ​សហគមន៍​ត្រូវការ​អភិវឌ្ឍ​ការងារ​ជាច្រើន​ទៀត​។ លោក​ប្រធាន​សហគមន៍​បាន​បញ្ជាក់ថា​កន្លងមក អង្គការ​សាមគ្គី បាន​ជួយ​ទូក​ល្បាត រោង​សហគមន៍ ស្ពាន​ជាង​មួយរយ​ម៉ែត្រ និង​បណ្តុះបណ្តាល​ចំណេះ​ជំនាញ​ម​យ​យ​ចំនួន​ទៀត​។ ក្នុងករណី​បើ​មាន​កញ្ចប់​ថវិកា​បន្ត សហគមន៍​នឹងធ្វើ​ស្ពាន​ឱ្យ​គ្រប់​តាម​គម្រោង​២១០​ម៉ែត្រ និង​សង់ស្ពាន​កាត់​ព្រៃកោងកាង​ដើម្បីឱ្យ​ភ្ញៀវ​ដើរ​កម្សាន្ត ឬ​សម្រាកលម្ហែ​។ បន្ទាប់ពីនោះ សមាជិក​សហគមន៍​នឹង​ចូល​ជា​មូលនិធិ​ឈានទៅ​បង្កើតជា​ខ្យូ​ស​សម្រាប់​អង្គុយលេង​ថែម​ទៀតផង​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ លោក​គង់ ប៊ុន​រា មេឃុំ​ព្រែក​ត្នោត បាន​មានប្រសាសន៍ថា ក្រុមប្រឹក្សាឃុំ​បាន​លើក​ពិភាក្សា​ក្នុង​អង្គប្រជុំ​ប្រចាំខែ​រួចហើយ ក្នុង​ការជួយ​សហគម​ន៍ ចំពោះ​ការបង្កើត​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​នេះ ឱ្យ​សម្រេច​ដល់​គោលដៅ​។ អ្វីដែល​សហគមន៍​ត្រូវធ្វើ គឺ​កសាង​គម្រោង​ផែនការ​ថា​ការចំណាយ​នឹង​អស់​ទំហំ​ប៉ុន្មាន ហើយ​មានការ​អភិវឌ្ឍ​អ្វី​បន្តទៀត​ដើម្បី​ដាក់​ឆ្លង​សម្រាប់​កិច្ចប្រជុំ​ក្រុមប្រឹក្សា ព្រោះ​អាជ្ញាធរ​មូលដ្ឋាន​មិន​បណ្តែត​បណ្តោយឱ្យ​គម្រោង​មួយ​នេះ​រាំងស្ទះ​ដោយសារ​អង្គការ​ដៃគូ​ត្រូវបាន​បញ្ចប់​នោះទេ​។ កន្លងមក តាមរយៈ​ការជួយជ្រោមជ្រែង​ពី​ខណ្ឌ​រដ្ឋបាល​ជលផល និង​ជំនួយ​របស់​អង្គការ​ដៃគូ​សហការ​ជាមួយ​អាជ្ញាធរ ឃើញថា​ការខិតខំ​របស់​សហគម​ន៍​បានទទួល​ជោគជ័យ​លើ​កិច្ចការងារ​ជាច្រើន ដូចជា ការបង្ក្រាប​បទល្មើស​នេសាទ ចងក្រង​ជា​ធនាគារ​ក្តាម បង្កើត​បែរ​ចិញ្ចឹម​ត្រី​ក្នុង​សមុទ្រ និង​ការអភិរក្ស​ធនធាន​ស​មុ​ទ្រ​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភា​ព​ងាយស្រួល​ក្នុងការ​ប្រក​បរបរ​ចិញ្ចឹមជីវិត​ជាដើម​។
​លោក​មេឃុំ​បាន​បញ្ជាក់ថា អាជ្ញាធរ​នឹង​ខិតខំ​កៀរគរ​រក​ដៃគូ​មកជួយ​អភិវឌ្ឍ​សហគមន៍ ឱ្យបាន​ដំណើរការ​ទៅមុខ ដើម្បី​ប្រជាពលរដ្ឋ​មូលដ្ឋាន អាច​រកប្រាក់​ចំណូល​ប​ន្ថែ​ម តាមរយៈ​ទេសចរណ៍​បែប​ធម្មជាតិ​នៅ​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​នេះ​៕ ល​

#