សហគមន៍​ទេសចរណ៍​សម្រស់​ធម្មជាតិ​ទន្លេមេគង្គ​ខេត្តស្ទឹងត្រែង ​គួរឲ្យ​ចង់​គយគន់

515
ចែករម្លែក
  • 158
    Shares

ដោយ​:​សុខុម/ស្ទឹងត្រែង ​៖ សហគមន៍​ទេសចរណ៍​សម្រស់​ធម្មជាតិ​ទន្លេមេគង្គ គឺជា​រមណី​ដ្ឋា​ន​អេកូ​ទេសចរណ៍​មួយ ក្នុងចំណោម​តំបន់​រមណី​ដ្ឋា​ន​ទេសចរណ៍​ជាច្រើន​ទៀត នៅ​ខេត្តស្ទឹងត្រែង​។​

រមណី​ដ្ឋា​ន​មួយ​នេះ បាន​បង្កើតឡើង​នៅក្នុង​តំបន់​រ៉ាំ​សារ ក្រោម​ដើមឈើ​ធំៗ គ្រប ដណ្តប់​ទៅដោយ​ម្លប់​ដ៏​ត្រឈឹងត្រឈៃ​ ហើយ​ការបង្កើតឡើង​នោះដែរ​ទើបតែ​បាន​៣​ឆ្នាំ​ប៉ុណ្ណោះ​។ ប៉ុន្តែមាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិរាប់ម៉ឺន​នាក់ បាន​សម្រុក​ចូលមក​កំសាន្ត​នៅ​ទីនោះ​ជា​រៀងរាល់ឆ្នាំ​ពីព្រោះថា​ចង់ដឹង និង​ចង់​ស្គាល់ ពី​តម្លៃ​នៃ​ជីវចម្រុះ​គ្រប់​ប្រភេទ ដែល​បាន​បង្កប់​ទុកជា​អាថ៌កំបាំង​នៅ​ទីនោះ​យូរ​មកហើយ​។​

អ្នកទេសចរ​ជាតិ និង​អន្តរជាតិ អាច​ចូលទៅ​គយគន់​ព្រៃព្រឹក្សា សត្វ​បក្សាបក្សី ពិសារ​អាហារ​ក្នុងតម្លៃ​សមរម្យ និង​ងូតទឹក​ថ្លាឆ្វេង​លេង​នៅ​ទីនោះ​បាន ដោយ​គ្រាន់តែ​ធ្វើ ដំណើរ​មកដល់​ទី​រួម​ខេត្តស្ទឹងត្រែង ហើយ​បន្តដំណើរ​ទៅមុខ ដោយ​ឆ្លងកាត់​ស្ពាន​សេកុង​ស្ទឹងត្រែង ទៅ​ទិស​ខាងជើង​តាមផ្លូវ​ជាតិ​លេខ​៧ មាន​ចម្ងាយ​ពី​ទី​រួម​ខេត្ត ប្រមាណ​ជា​១៥​គីឡូម៉ែត្រ រួច​ចោល​ភ្នែក​ក្រឡេក​ខាងឆ្វេង​ដៃ នោះ​នឹង​ឃើញ​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ ហើយ​បន្តដំណើរ​នៅលើ​កំណាត់​ផ្លូវ​នោះ ចេញពី​ផ្លូវជាតិ​លេខ​៧ ប្រមាណ​ជា​៤​គីឡូម៉ែត្រ​ទៀត រួច​បត់​ស្តាំ​បន្តិច និង​បត់​ឆ្វេង នឹង​ទៅដល់​ទីនោះ​ភ្លាម​។​គេ​អាច​សួរ​ទៅ​សហគមន៍ ដើម្បី​រង់ចាំ​បន្តដំណើរ​តាម​ទូក​របស់​សហគម​ន៍​ទេសចរណ៍ នាំ​ភ្ញៀវ​កាត់​តាម​ផ្ទៃ​ទឹកទន្លេ​មេគង្គ ប្រមាណ​ជា​៥​នាទី នឹង​ឆ្លង​ទៅដល់​គោលដៅ​កំសាន្ត នៃ​តំបន់​រ៉ាំ​សារ​នោះ​ហើយ​។​

លោក អ៊​ន់ ប៉ោ​សឿន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត រួម​ដំណើរ​ជាមួយ អាជ្ញាធរ​ភូមិ និង​ប្រធាន​សហគមន៍​ទេសចរណ៍ សម្រស់​ធម្មជាតិ​ទន្លេមេគង្គ បាន​ចុះទៅ​កាន់​ទី​កំសាន្ត​នោះ​កាលពី​កន្លងទៅនេះ ក្នុង​គោលបំណង​ជម្រុញ ប្រជា​សហគមន៍ ឲ្យ​មាន​ការរៀបចំ​បរិស្ថាន​ឲ្យ​បាន​ស្អាត រក្សា​សុវត្ថិភាព និង​សន្តិសុខ​ជូន​ភ្ញៀវ​ដែល​មក​កំសាន្ត និង​ជ្រុ​ញ​ឲ្យ​មានការ​អភិរក្ស​ជីវចម្រុះ​គ្រប់​ប្រភេទ ដែល​មាននៅ​ទីនោះ​ស្រាប់ ឲ្យ​បានល្អ​ប្រសើរ ពិសេស ណែនាំ​ភ្ញៀវ​មិន​ឲ្យ​មានការ​ចាក់​បំពង​សម្លេង​ខ្លាំងៗ ដែលជា​ការរំខាន​ដល់​ការ​ជ្រកកោន របស់​សត្វ​បក្សី​គ្រប់​ប្រភេទ ដែល​តែង​មក​ជ្រក​ម្លប់​ដើមឈើ​ធំៗ នៃ​តំបន់​រ៉ាំ​សារ​នោះ​។

ប្រធាន​សហគមន៍ ទេសចរណ៍​សម្រស់​ធម្ម​ជាតិ​ទន្លេមេគង្គ លោក​សេង វីរៈ បាន​រៀប រាប់​ឲ្យ​ដឹងថា សហគមន៍​បានចាប់ផ្តើម​បើកទទួល​ភ្ញៀវ ចាប់ពី​ថ្ងៃ​ដំបូង​ដើមខែ​មករា​នេះ​មក ហើយ​សហគមន៍​បាន​ដំណើរ​៣​ឆ្នាំ​មកហើយ លោក​សង្ឃឹមថា សហគមន៍​នឹង​ទទួលបាន​ភ្ញៀវ​មក​កំសាន្ត​កាន់តែច្រើន តាមរយះ នៃ​ការធ្វើដំណើរ​តាម​ទូក​៦​គ្រឿង ខុសពី​ឆ្នាំមុន​ទូក​មានតែ​៤​គ្រឿង​ប៉ុណ្ណោះ​។

លោក​ថា សហគមន៍ ទេសចរណ៍​សម្រស់​ធម្ម​ជាតិ​ទន្លេមេគង្គ ឬ ហៅថា កោះ​ខេ​នេះ មាន​សោ​ភ័​ណ្ឌ​ភាពស្រស់ស្អាត បរិស្ថាន​ល្អ ចំពោះ​តម្លៃ​សេវាកម្ម​ម្ហូបអាហារ គឺ​បាន កំណត់​តម្លៃ​ត្រឹមត្រូវ ទៅតាម​គោលការណ៍​របស់​សហគម​ន៍ និង​តាម​ការណែនាំ របស់​មន្ទីរ​ទេសចរ​ខេត្តស្ទឹងត្រែង​។ លោក​សេង វីរៈ បាន​អះអាងថា នៅក្នុង​ឆ្នាំ​២០១៩​នេះ សហគមន៍​ទេសចរ គ្រោង​នឹង​ពង្រីក​ខ្ចុះ​បន្ថែម​ឲ្យ​បាន​ពី​៨០ ទៅ​១០០ ខុសពី​ឆ្នាំ​កន្លង ទៅ មានតែ​៥០​ខ្ចុះ​តែប៉ុណ្ណោះ មិនអាច​បម្រើ​សេចក្តីត្រូវការ​របស់​ភ្ញៀវ​បាន​នោះទេ ជាពិសេស ត្រៀម​សម្រាប់​ទទួលភ្ញៀវ​នៅក្នុង​ឧិ​កាស​បុណ្យចូលឆ្នាំ​ចិន និង​បុណ្យ ចូល ឆ្នាំថ្មី ប្រពៃណីជាតិ ដែល​នឹងត្រូវ​ឈានចូល​មកដល់ នា​ប៉ុន្មាន​ខែ​ទៀត ខាងមុខនេះ​។​

លោក​ប្រធាន​មន្ទីរ បានបញ្ជាក់​បន្ថែមថា តំបន់​រ៉ាំ​សារ គឺជា​តំបន់ដីសើម ដុះ​ចេញ​នូវ​ដើមឈើ​ធំៗ នៅលើ​ដែន​កោះ​កណ្តាលទន្លេ​មេគង្គ ដែលជា​ដែន​ជម្រកនៃ​បក្សាបក្សី​គ្រប់​ប្រភេទ ដូច្នេះ យើង​ត្រូវ​ចូលរួម​ទប់ស្កាត់ ការ​បំភ្លេច​បំផ្លាញ​ធនធានធម្មជាតិ ដែលមាន​ស្រាប់​នៅទីនេះ ដោយ​ធ្វើការ​អភិវឌ្ឍ​វិស័យ​ទេសចរ​យ៉ាងណា កុំ​ឲ្យ​មាន​ផលប៉ះពាល់​នៅក្នុង​តំបន់​រ៉ាំ​សារ ដែលមាន​សត្វ​បក្សាបក្សី​ជាច្រើន​ប្រភេទ​រស់នៅ សូមកុំ​បំពង​សម្លេង​ខ្លាំងៗ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដែន​ជម្រក​សត្វ និង​បរិស្ថាន​នៅទីនេះ ត្រូវ​វេច​ខ្ចប់​ទុកដាក់​សម្រាម​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​បង្ក​ភាព​កង្វក់​ដល់​បរិស្ថាន នៅក្នុង​តំបន់​រ៉ាំ​សារ​នេះ​៕B/