សហគមន៍​បន្លែ​សុវត្ថិភាព​សំបួរមាស​ក្រុង​កំពង់ចាម​សម្រុក​ដាំ​បន្លែ​

896

(​កំពង់ចាម​)៖ កសិករ​ចំនួន​១៥​គ្រួសារ​ស្ថិតក្នុង​សហគមន៍​បន្លែ​សុវត្ថិភាព សំបួរមាស ក្រុង​កំពង់ចាម ខេត្តកំពង់ចាម បាន​កំពុង​រូតរះ​សម្រុក​ដាំ​បន្លែ​ក្រោយ​ទឹកទន្លេ​មេគង្គ​បាន ស្រក​ចុះ​ដើម្បី​ផ្គត់ផ្គង់​ឲ្យ​ទាន់​ទីផ្សារ​ចុះកិច្ចសន្យា​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ឈ្មោះ «​បាណន់​» ដែល​បាន​ប្រមូល​ទិញយក​ទៅកាន់​ផ្សារ​អ៊ី​អន​មួយ​និង​អ៊ី​អន​ពីរ​នៅ​រាជធានី​ភ្នំពេញ​កន្លង​ទៅនោះ​។​

​លោក ធី​ម ថុល ប្រធាន​សហគមន៍​បន្លែ​សុវត្ថិភាព សំបួរមាស បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ថា សហគមន៍​សំបួរមាស​មាន​ផ្ទៃដី​សរុប​ចំនួន​បួន ហិកតា​។ ក្នុងនោះ​គ្រួសារ​ជា​សមាជិក​នីមួយៗ​មាន​ផ្ទៃដី​០,២០​ហិកតា​គឺ​សម្រាប់តែ​គ្រួសារ​របស់លោក​មួយ​មាន​ចំនួន​មួយ​ហិកតា​នៅក្នុង ភូមិ​ព្រែកជីក សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​។ ដោយ​ចុះ កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ខាងលើ​ដាំ​បន្លែ​ចំនួន​បួន​មុខ​គឺ ពោត​បារាំង​, សណ្តែក​គួរ​, ម្រះ និង ម្ទេស​ហា​វ៉ៃ​។​

​បុរស​ជា​ប្រធាន​សហគមន៍​ដែលមាន​វ័យ​៥៥​ឆ្នាំ​រូបនេះ​ឲ្យ​ដឹង​ទៀតថា ខណៈ​នេះ​គ្រួសារ​លោក បាន​ដាំ​សណ្តែក​គួរ​បាន​អាយុ​មួយខែ​១០​ថ្ងៃ​គឺ​នៅសល់​ចំនួន ២៥​ថ្ងៃ​ទៀត​អាច​ប្រមូល​ផល បាន​ហើយ​។ រីឯ​ពោត​បារាំង ដាំ​បាន​ដុះ​ចេញ​ពន្លក​ចំនួន​ប្រាំ​ថ្ងៃ​គឺ​សល់​អាយុ​មួយខែ​២០​ថ្ងៃ ទៀត​អាច​ទទួលផល​ហើយ​។ ដោយឡែក បន្លែ​ម្រះ និង ម្ទេស​ហា​វ៉ៃ​កំពុង​សាប​កូន ហើយ​បន្លែ​ពីរ​មុខ​នេះ​អាយុ​នៃ​ការប្រមូល​ផល​ប្រហាក់ប្រហែលគ្នា​ជាមួយ​ដំណាំ​បន្លែ​ផ្សេង​ដែរ​។

​លោក ថុល បាន​បន្ថែមថា ដំណាំ​បន្លែ​ទាំង​បួន​មុខ​នេះ​គ្រួសារ​លោក​ក៍​ដូច​គ្រួសារ​សហគមន៍​ដាំ បន្លែ សុវត្ថិភាព​ក្នុង​សហគមន៍​សំបួរមាស​ដទៃទៀត​បាន​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន «​បាណន់​» ក្នុងតម្លៃ​ព្រមព្រៀង​រួចហើយ​។ ដោយ​ពោត​បារាំង​មួយ​គីឡូក្រាម​តម្លៃ ២.៣០០​រៀល​, សណ្តែក​គួរ​តម្លៃ​១.៩០០​រៀល​,​ម្ទេស​ហា​វ៉ៃ​តម្លៃ ៣.៥០០​រៀល និង​ម្រះ​តម្លៃ ២.០០០ រៀល​។

​អ្នកស្រី សួន ធីតា មន្ត្រី​សម្របសម្រួល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បាន​ឲ្យ​ដឹងថា សហគមន៍​បន្លែ​សុវត្ថិភាព​សំបួរមាស​មាន​ចំនួន​ពីរ​ក្រុម​គឺ​បាន ចុះកិច្ចសន្យា​ព្រមព្រៀង​លក់​បន្លែ ដែល​ផលិត​តាម​គម្រោង​កសិកម្ម​ល្អ​នេះ​ជាមួយ​ក្រុមហ៊ុន​«​បាណន់​» ចំនួន​១១​មុខ​នៃ​បន្លែ​។ ក្រុមហ៊ុន​នេះ​នឹង​យកទៅ​ផ្គត់ផ្គង់​ចែកចាយ បន្ត​ដល់​ផ្សារ​ទំនើប​អ៊ី​អន​មួយ​និង​អ៊ី​អន​ពីរ រាជធានី​ភ្នំពេញ​។ ក្នុងករណី​ដែល​ផ្សារ​ទាំងពីរ​លក់​មិនទាន់​គឺអាច​នាំចេញ​នូវ​បន្លែ​សុវត្ថិភាព​ទាំងនេះ​ទៅ​លក់​បន្ត​នៅ​ផ្សារ​ប្រទេស​ជប៉ុន​ថែម​ទៀតផង​។​

​អ្នកស្រី ធីតា បាន​បន្តទៀតថា មុខទំនិញ​ជា​បន្លែ​ដែល​ក្រុមហ៊ុន បាណន់ បាន​ចុះ​កុងត្រា​ជាមួយ កសិករ​ក្នុង​សហគមន៍​បន្លែ​សុវត្ថិភាព​សំបួរមាស​នេះ​គឺ​ខាង កសិករ​អ្នកកំណត់​តម្លៃ​មុខ បន្លែ​នីមួយៗ​ហើយ​កុងត្រា​នេះ​រយៈពេល​ចំនួន​បី​ខែ​ធ្វើ​ម្តង​។ សម្រាប់ ខេត្តកំពង់ចាម បច្ចុប្បន្ន​មាន​សហគមន៍​ដាំ​បន្លែ​សុវត្ថិភាព​នេះ​ចំនួន​បួន ស្រុក​ក្រុង​គឺ ស្រុក​កំពង់សៀម​, ស្រុក​កងមាស​, ស្រុក​ចម្ការលើ និង ក្រុង​កំពង់ចាម​៕ ដោយ​: គង់ ហេង​

សកម្មភាព​កសិករ​ស​ហគ​មន៍​បន្លែ​សុវត្ថិភាព​សំបួរមាស ក្រុង​កំពង់ចាម កំពុង​សម្រុក​ដាំ​បន្លែ​ឲ្យ​ក្រុមហ៊ុន​បាណន់​ដើម្បី​លក់​ឲ្យ​ផ្សារ​ទំនើប​អ៊ី​អន​មួយ និង​អ៊ី​អន​ពីរ ។ (​រូប​ថ​តៈ គង់ ហេង​)