សហគមន៍​បន្លែ​សុវត្ថិភាព​សំបួរមាស​ចាប់ផ្តើម​ដាំ​បន្លែ​បណ្តើរៗ​ក្រោយពី​ទឹកទន្លេ​ស្រក​ផុត​ច្រាំង​

218
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​សហគមន៍​បន្លែ​សុវត្ថិភាព​សំបួរមាស​ក្រុង​កំពង់ចាម​បាននាំគ្នា​ចាប់ផ្តើម​ដាក់​ដាំ​ដុះ​បន្លែ​តាម​ចម្ការ​មួយចំនួន​ដែល​ទឹកទន្លេ​មេគង្គ​បាន​ស្រក​គោក​ផុត​ល្មម​ដី​អាច​ដំណាំ​បន្លែ​លូតលាស់​បាន​។​គឺ​ការដាំដុះ​នេះ​ពួកគាត់​បានធ្វើ​តាម​ទម្លាប់​ដោយ​មិន​រង់ចាំ​ខាង​មន្ត្រី​កសិកម្ម​ចុះទៅ​ណែនាំ ឬ​ធ្វើ​ផែន​ការដាំដុះ​នោះទេ​។​

​លោក​សុខ​វណ្ណ​ស្រ៊ី​អាយុ​៦២​ឆ្នាំ​ជា​អ្នក​ដាំ​ដុះ​បន្លែ​សុវត្ថិភាព​ល្បីឈ្មោះ​មួយរូប​នៅ​ភូមិ​ព្រែកជីក​សង្កាត់​សំបួរមាស​បានឱ្យដឹងថា​កាលពី​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០១៩​គ្រួសារ​លោក​បាន​យក​កូន​ស្ពៃ​ក្តោ​ម​ចំនួន ១៦០ កូន​ដែលមាន​អាយុ ៤២​ថ្ងៃ មក​ដាក់​ដាំ​លើ​ថ្នាល ឬ​រង​និ​មួយៗ មាន​ទំហំ​ទទឹង ០,៨​ម៉ែត្រ និង​បណ្តោយ ៤០​ម៉ែត្រ ចំនួន ពីរ ជួរ​ចន្លោះ​ពី​កូន​ស្ពៃ​មួយ​ទៅ​កូន​ស្ពៃ​មួយ ០,៥​ម៉ែត្រ​។​

​លោក វណ្ណ​ស្រ៊ី បាន​បន្តថា យើង​អាច​ចាប់​រាប់​ថ្ងៃ​ប្រមូល​ផល នឹង​ធ្វើឡើង​នៅក្នុង​រង្វង់​ចន្លោះ​ពី​៦៥ ទៅ ៧០​ថ្ងៃ​ខាងមុខនេះ​បើ​គ្មាន​ឧបសគ្គ​យាយី​ពី​សត្វល្អិត​និង​កត្តា​អាកាសធាតុ​ជាយ​កថា​ហេតុ​នោះ​។ មួយវិញទៀត​អាច​ថា​ដំណាំ​ស្ពៃ​ក្តោ​ម​នឹង​ទទួលផល​នោះ​លុះត្រា​ឆ្លង​ផុតពីរ​សប្តាហ៍​ទៀត​បើ​គ្មាន​សត្វល្អិត​រាតត្បាត​គឺអាច​ជោគជ័យ​បណ្តើរៗ​ហើយ​។​ពិសេស​ដំណាំ​ជា​បន្លែ​មួយ​នេះ​ត្រូវការ​អាកាសធាតុ​ត្រជាក់​។​
​លោក​ធិ​ម​ថុល​ប្រធាន​សហគមន៍​បន្លែ​សុវត្ថិភាព​សំបួរមាស​ក្រុង​កំពង់ចាម​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​៩​តុលា​ថា​ខណ​:​នេះ​នៅក្នុង​សហគមន៍​បន្លែ​សុវត្ថិភាព​សំបួរមាស​នៅ​ខាង​កសិករ​ដែល​ដាំ​បន្លែ​លើដី​ល្បាប់​ទន្លេមេគង្គ​មាន​។​តែ​គ្រួសារ​លោក​និង​គ្រួសារ​របស់លោក​សុខ​វណ្ណ​ស្រ៊ី​ពីរ​គ្រួសារ​ប៉ុណ្ណោះ​។​ក្នុងចំណោម​គ្រួសារ​សហគមន៍​សរុប​ចំនួន ៣២​គ្រួសារ ជាមួយ​ផ្ទៃដី​សរុប​ចំនួន​ជាង​បួន ហិកតា​។​ជាការ​ដាំ​តាម​ទម្លាប់​មិនទាន់​តាម​ផែន​ការដាំដុះ​របស់​ខាង​មន្ត្រី​ជំនាញ​និង​ក៏​នៅ​មិនទាន់មាន​ចុះកិច្ចសន្យា​ប្រមូល​ទិញ​បន្លែ​ពី​ខាង​ក្រុមហ៊ុន​ណា​នៅឡើយ​ទេ​។​

​លោក​ប្រធាន​សហគមន៍​បាន​បន្តថា​ក្នុងនោះ​គ្រួសារ​លោក​បាន​ជីក​ប់​គ្រាប់សណ្តែក​គួរ​លើ​ចម្ការ​មាន​ផ្ទៃដី​ចំនួន ១៤​អារ​នៃ​ផ្ទៃដី​សរុប​ចំនួន ៨០​អារ បាន​ប៉ុន្មាន​ថ្ងៃ​ហើយ​មិនទាន់​ចេញ​ពន្លក​ផង​។ ការដាំដុះ​បន្តទៀត​បាន​ភ្ជួរ​រាស់​ធ្វើ​ដីចម្ការ​សម្រាប់​ដាក់​ដាំ​ម្ទេសហាវៃ​ហើយ​បាន​ត្រៀម​ពូជ​បន្លែ​ពោត​បារាំង​និង​ត្រសក់​ទុក​ដាំ​បន្ត​។​ប៉ុន្តែ​ទោះជា​យ៉ាងណា​ខាង​សហគមន៍​នៅតែ​គោរព​តាម​គោល​ការ​បន្លែ​សុវត្ថិភាព​ដដែល​។​

​អ្នកស្រី​សួន​ធិ​តាម​ន្ត្រី​បច្ចេកទេស​បន្លែ​សុវត្ថិភាព​របស់​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា​នៅ​រដូវ​ដាំ​ដុះ​ដំបូង​នេះ​ជា​ទម្លាប់​របស់​សហគម​ន៍​បន្លែ​សុវត្ថិភាព​សំបួរមាស​ដាំ​ម្ទេសហាវៃ​ដៃ​នាង​…​ពោត​បារាំង​ត្រសក់​ជាដើម​។​ដោយ​នៅវេលា​នេះ​ការដាំដុះ​មិនមាន​ផែនការ​ទេ​និង​ក៏​នៅ​មិនទាន់មាន​ខាង​ក្រុមហ៊ុន​មក​ចុះ​កុងត្រា​ដែរ​គឺជា​ដំណាំ​តម្រូវ​តាម​ទីផ្សារ​ប៉ុន្តែ​គោរព​តាម​គោល​ការ​បន្លែ​សុវត្ថិភាព​ដដែល​។​

​មន្ត្រី​បច្ចេកទេស​រូបនេះ​បាន​លើកឡើងថា​ជុំវិញ​បញ្ហា​ចុះ​កុងត្រា​រវាង​ក្រុមហ៊ុន​មួយចំនួន​ជាមួយ​ខាង​សហគមន៍​បន្លែ​សុវត្ថិភាព​សំបួរមាស​នេះ​ឆ្នាំ​កន្លងទៅ​គឺ​ភាគី​ទាំងពីរ​ជជែក​គ្នា​ច្រើនលើក​។​ប៉ុន្តែ​នៅ​មិនទាន់បាន​ស៊ីសង្វាក់​គ្នា​។​ដោយមាន​បញ្ហា​ច្រើន​ដូចជា​ខាង​ក្រុមហ៊ុន​ត្រូវការ​បន្លែ​រាល់ថ្ងៃ​តែ​ខាង​កសិករ​ជា​អ្នក​ផលិត​បន្លែ​ធ្វើ​មិនបាន គឺ​ការផលិត​ខាង​កសិករ​មិន​រលូន​។​

​អ្នកស្រី​ធិ​តា​បាន​បន្តថា​ការដាំដុះ​ទទួលជោគជ័យ​បាន​គឺ​សូម​ឲ្យ​កសិករ​ជា​អ្នក​ផលិត​គោរព​តាម​គោល​ការ​បច្ចេកទេស​ឲ្យ​បាន​ច្រើន​ពិសេស​ការប្រើប្រាស់​ជីកំប៉ុស​ជីធម្មជាតិ​ថ្នាំពុល​កសិកម្ម​ថ្នាំពុល​ផ្សំ​ពី​ធម្មជាតិ​ក្តី​ត្រូវមាន​ការប្រយ័ត្នប្រយែង​ដើម្បី​ការពារ​សុខភាព​សាធារណ​:​និង​ខ្លួនឯង​។​ជាមួយ​នោះ​ការគោរព​គោល​ការ​បច្ចេកទេស​បន្លែ​សុវត្ថិភាព​ចំណេញ​ច្រើន​ដល់​កសិករ​។​ព្រោះ​បន្លែ​សុវត្ថិភាព​ត្រូវ​ប្រកួតប្រជែង​ជាមួយ​បន្លែ​ទូទៅ​គឺ​បើ​កសិករ​ព្យាយាម​ផលិត​បន្លែ​សុវត្ថិភាព​ពិតប្រាកដ​គឺ​នឹង​ងាយ​ទទួលបាន​តម្លៃ​ខ្ពស់​៕S/​