សហគមន៍​ពូ​ជ្រៃ​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ សុំ​អន្តរាគមន៍​រឿង​ក្រុមហ៊ុន ហ៊ាង លី ឈូសឆាយដី​ព្រៃឈើ​

1196
ចែករម្លែក
  • 132
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​ពូ​ជ្រៃ បាន​ប្តឹង​សុំ​អន្តរាគមន៍​ពី​សំណាក់​អភិបាលខេត្ត និង​ជំនាញ​ពាក់ព័ន្ធ​ចាត់វិធានការ​លើ​ក្រុមហ៊ុន​មួយ ដែល​ធ្វើ​សកម្មភាព​ឈូសឆាយ​ដីព្រៃ​ខុសច្បាប់ នៅក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ពូ​ជ្រៃ នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ស្ថិតនៅ​ភូមិ​ពូ​តាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌល​គី​រី​។ មន្ត្រី​មន្ទីរជំនាញ​បាន​អះអាងថា សកម្មភាព​នេះ​គឺ​ធ្វើ​ក្នុង​រង្វង់​ដែន​របស់​ក្រុមហ៊ុន​ទេ​បន្ទាប់ពី​មាន​ចំណាត់ការ​រួច​។ ប៉ុន្តែ​ប្រភព​សហគមន៍​នៅតែ​បញ្ជាក់​សកម្មភាព​នេះ បាន​ឈប់​នៅពេល​មាន​វត្តមាន​សមត្ថកិច្ច​។ ពេល​សមត្ថកិច្ច​ត្រឡប់មកវិញ​គឺ​បន្តធ្វើ​ដដែល​។​

​យោងតាម​ពាក្យបណ្តឹង​របស់​សហគម​ន៍​តំបន់ការពារធម្មជាតិ​ពូ​ជ្រៃ ដាក់ជូន​អភិបាលខេត្ត​ម​មណ្ឌល​គី​រី ដែល​រស្មី​កម្ពុជា​ទទួលបាន បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ អេស្កាវ៉ាទ័រ​មួយគ្រឿង​របស់​ក្រុមហ៊ុន ហ៊ាង លី បានធ្វើ​សកម្មភាព​ឈូសឆាយ​ដីព្រៃ​សហគមន៍ ដែលមាន​ឈ្មោះ ឆៃ លី ជា​អ្នកបញ្ជា​ឲ្យ​ឈូសឆាយ ដែលមាន​ទំហំ​ឈូសឆាយ ១៥​ម៉ែត្រ​គុណ​១៥០០​ម៉ែត្រ ស្ថិតនៅ​ចំណុច​កិន​ថ្ម នៅ​ភូមិ​ពូ​តាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌល​គី​រី លេខ UTM 734734.1407491​។​

​បើតាម​របាយការណ៍រ​បស់​សហគមន៍​តំបន់ការពារធម្មជាតិ​ពូ​ជ្រៃ បាន​បង្ហាញថា ក្រុមហ៊ុន ហ៊ាង លី បាន​ឈូសឆាយ​រំលើង​គល់​ព្រៃឈើ​សហគមន៍​នៅ​ចំណុច​កិន​ថ្ម​ទី​១ ស្ថិតនៅ​ភូមិ​ពូ​តាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌល​គី​រី​។ ក្នុងនោះ​ខូចខាត​ព្រៃឈើ ១០៦៣​ដើម និង​ផ្ទៃដី ១៥​ម៉ែត្រ​គុណ​១៥០០​ម៉ែត្រ​។ ទាំង​វត្ថុ​ទាំង​និង​ជន​ដែល​ធ្វើ​សកម្មភាព ដែល​សហគមន៍ និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចាប់​ឃាត់ទុក​នោះ គឺ​ត្រូវបាន​ឈ្មោះ ឆៃ លី ធ្វើការ​រារាំង​មិន​ឲ្យ​យកទៅ​ស្នាក់ការ​ដីខ្មៅ​នោះទេ ដោយ​គេ​អះអាងថា រង់ចាំ​ពិភាក្សា​ជាមួយ​ប្រធាន​មន្ទីរ​បរិស្ថាន​ជាមុនសិន​។

​យោងតាម​របាយការណ៍​ដាក់ជូន​អគ្គនាយក​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ បានបង្ហាញ​ឲ្យ​ដឹង​ដែរ​ថា តំបន់​ដែល​ក្រុមហ៊ុន ហ៊ាង លី ឈូសឆាយ​ដីព្រៃ គឺ​ស្ថិតក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ពូ​ជ្រៃ និង​គ្របដណ្តប់​ដោយ​ប្រភេទ​ព្រៃ​ល្បោះ​ចម្រុះ​។ ក្រុមហ៊ុន ហ៊ាង លី បាន​ប្រើប្រាស់​គ្រឿងចក្រ​ឈូសឆាយដី​ព្រៃឈើ​ចំនួន​ពីរ​ទីតាំង​។ ទីតាំង​ទី​១. ទំហំ​ទទឹង​ប្រហែល ១០​ម៉ែត្រ បណ្តោយ​ប្រហែល​៥០​ម៉ែត្រ មាន​ទំហំ​សរុប​ប្រហែល ០,០៥​ហិកតា (​ផែនទី​១,A) និង​ទី​តាំងទី​២. ជា​ផ្លូវ​មាន​ទំហំ​ទទឹង​ជា​មធ្យម​ប្រហែល​១០​ម៉ែត្រ និង​ចំងាយ​ប្រវែង ៩៧១​ម៉ែត្រ ស្មើនឹង ០,៩៧១​ហិកតា (​ផែនទី​១,B)​។ នៅលើ​ទី​ចាស់​ក្រុមហ៊ុន ហ៊ាង លី បាន​សាងសង់​ស្នាក់ការ និង​ឃ្លាំង​ដាក់​គ្រឿងចក្រ​។

​របាយការណ៍​បាន​បញ្ជាក់ថា សកម្មភាព​ឈូសឆាយដី​ព្រៃរបស់​ក្រុមហ៊ុន ដោយ​ពុំមាន​ការអនុញ្ញាត​។ ជា​សកម្មភាព​ខុសច្បាប់​តំបន់ការពារធម្មជាតិ និង​ការរំលោភ​ដល់​សិទ្ធិ​នៃ​ការប្រើប្រាស់​ជា​ប្រពៃណី ដល់​សហគមន៍​ជនជាតិដើម​ភាគតិច​។ ទន្ទឹមនេះ​តំណាង​ក្រុមហ៊ុន ហ៊ាង លី បានទទួល​ស្គាល់​កំហុស​របស់ខ្លួន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ធនធានធម្មជាតិ​។ ក្រុមហ៊ុន​នេះ កំពុង​ដាក់​លិខិត​ស្នើសុំ​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​អណ្តូងរ៉ែ​ថ្ម ទៅ​រដ្ឋបាលខេត្ត​មណ្ឌល​គី​រី និង​ក​ក្រសួង​រ៉ែ និង​ថាមពល​។ ការចេញលិខិត​អនុញ្ញាត​ឲ្យ​សហគ្រាស​សម្រាប់ធ្វើ​អាជីវកម្ម នៅ​មិនទាន់មាន​ការឆ្លើយតប និង​មិនទាន់មាន​ការអនុញ្ញាត​នៅឡើយ​។​

​សរុបសេចក្តី​មក ក្រុមហ៊ុន ហ៊ាង លី បានធ្វើ​សកម្មភាព​ឈូសឆាយ​ដីព្រៃ​ខុសច្បាប់ នៅក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ពូ​ជ្រៃ នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដោយ​គ្មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​ផ្ទុយទៅនឹង​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​។

​ចំណែក​លោក​កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គី​រី បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​២២ ខែកញ្ញា ថា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ពី​សហគមន៍​តំបន់ការពារធម្មជាតិ​ពូ​ជ្រៃ ខាង​លោក​បាន​ចុះទៅ​ឃាត់​ក្រុមហ៊ុន និង​បាន​ឲ្យ​ធ្វើ​កិច្ចសន្យា​ផ្អាក​សកម្មភាព​បណ្តោះអាសន្ន​ដើម្បី​រក​ចាំ​លិខិតអនុញ្ញាត​ផ្លូវការ​។​ប៉ុន្តែ​លិខិតអនុញ្ញាត​ចាស់​នៅមាន​សុពលភាព​។ ប៉ុន្តែ​ក្រុមហ៊ុន​គេ​ធ្វើ​នៅក្នុង​រង្វង់​ដែន​សមត្ថកិច្ច​របស់គេ​។​ក្រុមហ៊ុន​អត់​មាន​សកម្មភាព​អ្វី​ទៀត​ទេ គេ​ធ្វើ​នៅ​កន្លែងចាស់​ហើយ​ដូចជា​អត់​មាន​ឈូស​ចូលទៅក្នុង​ដីព្រៃ​សហគមន៍​ទេ​។

​លោក​បន្តថា ចំពោះ​ករណីនេះ​ខាង​ក្រសួងបរិស្ថាន​ក៏​ធ្លាប់បាន​ចុះមក​ពិនិត្យមើល​ចំនួន​ពីរ​ដែរ ដោយ​សហការ​ជាមួយ​ខាង​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គី​រី​ធ្វើ​ការណែនាំ​ក្រុមហ៊ុន កុំ​ឲ្យ​ធ្វើការ​ឈូសឆាយ​ក្រៅពី​រង្វង់​ដី​ដែល​ខ្លួន​ទទួលបាន​។​ក៏មាន​ការសម្របសម្រួល​រវាង​ក្រុមហ៊ុន​ជាមួយ​ខាង​សហគមន៍​ដែរ ប៉ុន្តែ​ភាគី​សហគមន៍​ទាមទារ​សំណង​ចូល​សហគមន៍​របស់គាត់ ។​ប៉ុន្តែ​លោក​មិនទាន់​ដឹងថា ការសម្របសម្រួល​នេះ​ដល់​កម្រិតណា​នោះទេ​។​

​ដោយ​ប្រភពពី​សហគមន៍​បាន​ប្រាប់​រស្មី​កម្ពុជា តាម​ទូរស័ព្ទ​នា​ព្រលប់​ថ្ងៃទី​២២​ខែកញ្ញា​នេះ ដោយ​នៅតែ​អះអាងថា សកម្មភាព​នៃ​ការ​ឈូសឆាយ​ចូល​ដី​សហគមន៍​នោះ​ពុំបាន​បញ្ឈប់​ទេ​។ ក្រុមហ៊ុន​បាន​ឈប់​នៅពេលណា​ដែលមាន​សមត្ថកិច្ច​ទៅពិនិត្យ​។​ពេល​សមត្ថកិច្ច​ថយ​ម​ក​វិញ​គេ​ធ្វើ​បន្តទៀត​។​ប្រភព​ដែល​ស្នើ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ថា លោក​បាន​ទៅ​ឃ្លាំមើល​កាលពី​ល្ងាច​ថ្ងៃទី​២១​ខែកញ្ញា​ម្សិលមិញ​នេះ គឺ​នៅតែ​ឃើញ​គេ​ធ្វើ​ដដែល​។​

​គួរ​បញ្ជាក់ថា កាលពី​ដើមឡើយ សហគមន៍​តំបន់ការពារធម្មជាតិ​ពូ​ជ្រៃ នៃ​ព្រៃ​ការពារ​មណ្ឌល​គី​រី ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​ឆ្នាំ​២០១១-២០១៣ កំឡុង​ពេលនោះ ក្រសួង​រ៉ែ និង​ថាមពល បានចេញ​លិខិតអនុញ្ញាត​អាជីវកម្ម​រ៉ែ​ឲ្យ​ក្រុមហ៊ុន​មួយ​ធ្វើ​អាជីវកម្ម​កិន​ថ្ម​រ៉ែ​នៅក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ពូ​ជ្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដើម្បី​ផ្គត់ផ្គង់​ថ្ម​សម្រាប់ធ្វើ​ផ្លូវជាតិ ៧៦ ពី​ក្រុង​សែ​មនោ​រម្យ ទៅ​ស្រុក​កោះ​ញែក​។ បន្ទាប់មក​សហគមន៍​តំបន់ការពារធម្មជាតិ​ពូ​ជ្រៃ នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ខេត្ត​មណ្ឌល​គី​រី ត្រូវបាន​ផ្ទេរ​ការគ្រប់គ្រង​មក​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៦ និង​ត្រូវបាន​ទទួលស្គាល់​ជា​សហគមន៍​តំបន់ការពារធម្មជាតិ​ពូ​ជ្រៃ​ជា​ផ្លូវការ​តាម​ប្រកា​សលេខ ៤៨៨ ចុះ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ ក្រោយមក​គម្រោង​នេះ បានបញ្ចប់​សកម្មភាព​នៅពេល​ផ្លូវជាតិ​សង់​រួច​នៅ​ឆ្នាំ​២០១៧ ហើយ​បាន​ផ្ទេរ​លិខិតអនុញ្ញាត​ធ្វើ​អាជីវ​កម្មនេះ​ទៅ​ក្រុមហ៊ុន ហ៊ាង លី​។ ក្រុមហ៊ុន ហ៊ាង លី ក៏បាន​ប្រើប្រាស់​គ្រឿងចក្រ​ឈូសឆាយ​ព្រៃឈើ​ធ្វើ​ផ្លូវ​ចាប់ពី​ទីតាំង​កិន​ថ្ម​ចាស់​ចូលទៅ​កាន់​ទីតាំង​កិន​ថ្ម​ថ្មី​៕