ដោយ: បានលុង / រតនគិរី: សហគមន៍មូលនិធិអភិរក្សដំរីខ្មែរអៃរាវត្ដា ដែលបានបង្កើតឡើងកាលឆ្នាំ២០១៦ នៅភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្ដរតនគិរី មកដល់ពេលនេះ គឺជិត៣ឆ្នាំហើយ តែនៅមិនទាន់ឃើញសហគមន៍នេះ បានអភិវឌ្ឍនៅតំបន់នោះឱ្យបានជាដុំកំភួននៅឡើយទេ។
ប្រភពព័ត៌មានមួយបានលើកឡើងថា បច្ចុប្បន្នសហគមន៍មូលនិធិអភិរក្សដំរីខ្មែរអៃរាវត្ដាដែលមានលោកស្រី ខៃ ចិន្ដា ជាប្រធាននោះ បានទិញដំរីចំនួន៤ក្បាល ក្នុងនោះ មានញី១ក្បាល ដែលមានតម្លៃសរុបជាង១០ម៉ឺនដុល្លារអាម៉េរិក គឺទុកសម្រាប់ដឹកភ្ញៀវកម្សាន្ដនៅរមណីយដ្ឋានទឹកធ្លាក់កាទៀង។ ក៏ប៉ុន្ដែ សហគមន៍មួយនេះ នៅមិនទាន់មានដីត្រឹមត្រូវសម្រាប់អនុវត្ដនូវគំរោងផែនការរបស់ខ្លួននោះទេ។
ពាក់ព័ន្ធនឹងការលើកឡើងដូចខាងលើ ភ្នាក់ងាររស្មីកម្ពុជា ប្រចាំខេត្តរតនគិរី កាលពីថ្ងៃទី៩សីហា មិនអាចសុំការពន្យល់ពីលោកស្រីប្រធានសហគមន៍មូលនិធិអភិរក្សដំរីខ្មែរអៃរាវត្ដាបាននោះទេ។ ប៉ុន្ដែលោក សុខ នីម បានអះអាងថា ខ្លួនជាទីប្រឹក្សាសហគមន៍មួយនេះ ហើយបានបញ្ជាក់ប្រាប់ថា សព្វថ្ងៃនេះ សហគមន៍មានដំរីចំនួន៤ក្បាល(ញី១ក្បាល) ដំរីនោះគឺទុកសម្រាប់ឱ្យភ្ញៀវជិះកម្សាន្ដលេងក្នុងដែនអភិរក្ស។
លោក សុខ នីម បានបញ្ជាក់ឱ្យដឹងទៀតថា សហគមន៍មានផ្ទៃដីប្រហែល៥០០ហិកតា សម្រាប់ធ្វើជាកន្លែងដំរីរស់នៅ និងធ្វើជាកន្លែងសម្រាប់ឱ្យភ្ញៀវជាតិនិងអន្ដរជាតិជិះកម្សាន្ដលេងផងដែរ។ ប៉ុន្ដែពេលសួរថា តើផ្ទៃដីទំហំ៥០០ហិកតានោះ ស្ថិតនៅកន្លែងណា ហើយបានកំណត់ព្រំដីច្បាស់លាស់ហើយឬនៅ និងមានប៉ះពាល់ដីប្រជាពលរដ្ឋដែរឬទេ? លោកនីម បានឆ្លើយថា នៅពេលឆាប់ៗ លោកនឹងអញ្ជើញមន្ដ្រីជំនាញនៅមន្ទីរពាក់ព័ន្ធក្នុងខេត្ដ ឱ្យចុះទៅវាស់វែង ដើម្បីកំណត់ព្រំដីរួចដាំកូនឈើរាប់ម៉ឺនដើមនៅលើដីនោះ។
លោក ផន ចាន់ថន មេឃុំល្បាំង២ បានឱ្យរស្មីកម្ពុជាដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១០ខែសីហាឆ្នាំ២០១៨ថា សហគមន៍មូលនិធិអភិរក្សដំរីខ្មែរអៃរាវត្ដានេះ ពុំមានដីនៅតំបន់នោះសម្រាប់អភិវឌ្ឍដូចគេបានអះអាងនោះទេ កន្លងមកគេបានខ្ចីដីរបស់សហគមន៍ការពារព្រៃឈើភ្នំក្រូចចំនួន១៧៨ហិកតា សម្រាប់ដំណើរការគំរោងរបស់ខ្លួនទេ។
លោកមេឃុំបានបញ្ជាក់ឱ្យដឹងទៀតថា ចាប់តាំងពីលោកស្រី ខៃ ចិន្ដា បានយកដំរីមកផ្ញើនៅព្រៃសហគមន៍ភ្នំក្រូច ធ្វើអាជីវកម្មនៅតំបន់ទឹកធ្លាក់កាទៀងនោះ បានធ្វើឱ្យអ្នកភូមិដែលមានដំរី ហើយធ្លាប់ដឹកភ្ញៀវទេសចរណ៍នៅទីនោះ បានបាត់បង់ចំណូលប្រចាំថ្ងៃ មិនតែប៉ុណ្ណោះ ពលរដ្ឋមានការភ័យខ្លាចពីសុវត្ថិភាពរស់នៅ ព្រោះដំរីទាំង៤ក្បាលរបស់លោកស្រីខៃចន្ដា ភាគច្រើនជាដំរីឈ្មូលវាកាចខ្លាំងណាស់ និងធ្លាប់ចាក់មនុស្សស្លាប់នៅខេត្ដមណ្ឌលគិរី។
លោក នូ ថេរ អភិបាលស្រុកលំផាត់ កាលពីថ្ងៃទី១០ខែសីហាឆ្នាំ២០១៨ បានប្រាប់រស្មីកម្ពុជាឱ្យដឹងតាមទូរស័ព្ទដែរថា សហគមន៍ខាងនេះ គឺបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ហើយក៏មានការឯកភាពពីអាជ្ញាធរខេត្ដរតនគិរី ឱ្យធ្វើអាជីវកម្មនៅភូមិសាស្ដ្រខាងលើជិតបីឆ្នាំកន្លងមកហើយ។ លោកអភិបាលស្រុកលំផាត់បានបន្ដឱ្យដឹងទៀតថា សហគមន៍នេះពុំទាន់មានដីច្បាស់លាស់ដល់ទៅរាប់រយហិកតា សម្រាប់តម្រូវការធ្វើការអភវឌ្ឍន៍នៅតំបន់នោះឡើយ។ ខាងសហគមន៍មូលនិធិអភិរក្សដំរីខ្មែរអៃរាវត្ដាកន្លងមក បានខ្ចីដីរបស់សហគមន៍ការពារព្រៃឈើភ្នំក្រូច ដែលមានទីតាំនៅក្បែរទឹកធ្លាក់កាទៀងនោះ ដើម្បីធ្វើអាជីវកម្ម។ បើចង់ដឹងច្បាស់ពីសហគមន៍អភិរក្សដំរីនោះ គួរតែសួរទៅខាងមន្ទីរទេសចរណ៍ខេត្ដទៅ។
លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្ដរតនគិរី កាលពីរសៀលថ្ងៃទី១០ខែសីហាឆ្នាំ២០១៨ បានបញ្ជាក់តាមទូរស័ព្ទប្រាប់រស្មីកម្ពុជាឱ្យដឹងថា ជុំវិញការធ្វើអាជីវកម្មរបស់សហគមន៍មូលនិធិអភិរក្សដំរីខ្មែរអៃរាវត្ដា មកដល់ពេលនេះ លោកនៅពុំទាន់បានដឹងនៅឡើយទេ ព្រោះខាងសហគមន៍នោះ គេមិនទាន់បានជូនដំណឹងមកមន្ទីរ។ ប្រធានមន្ទីរទេសចេណ៍បានបញ្ជាក់ឱ្យដឹងទៀតថា កន្លងមកយើងបានផ្ដល់សិទ្ធិឲ្យទៅសហគមន៍ទឹកធ្លាក់កាទៀងតែមួយទេ គឺឲ្យធ្វើអាជីវកម្មដោយយកដំរីរបស់អ្នកភូមិចំនួនបីក្បាលដាក់ប្រចាំនៅទីនោះ សម្រាប់ដឹកភ្ញៀវកម្សាន្ដ ដើម្បីបានប្រាក់យកមកទ្រទ្រង់នៅក្នុងសហគមន៍។ ប៉ុន្ដែសម្រប់សហគមន៍មូលនិធិអភិរក្សដំរីខ្មែរអៃរាវត្ដាចូលមកធ្វើអាជីវកម្មជាលក្ខណៈឯកជននៅតំបន់នោះដែរ គឺពុំបានអនុញ្ញាតឡើយ។ ចំណែកខាងសហគមន៍នោះបានអះអាងថា មានផ្ទៃដីដល់ទៅ៥០០ហិកតាសម្រាប់អភិវឌ្ឍតំបន់នោះ ក៏ពុំមានដែរ។ ទំហំនេះគឺធំណាស់មានតែវាទយកទាំងដីចម្ការរបស់ប្រជាពលរដ្ឋ។ រឿងនេះយើងនឹងចុះទៅពិនិត្យមើលនៅដើមសប្ដាហ៍ក្រោយ។
គួរកត់សម្គាល់ដែរថា ចាប់តាំងពីសហគមន៍មូលនិធិអភិរក្សដំរីខ្មែរអៃរាវត្ដានេះ ចូលទៅបោះទីតាំងនៅតំបន់រមណីយដ្ឋានទឹកធ្លាក់កាទៀងកាលពីដើមឆ្នាំ២០១៦ ក្រោយមកក៏មានរឿងចម្រូងចម្រាស់ប្ដឹងផ្ដល់គ្នាឡើងដល់តុលាការ គឺពាក់ព័ន្ធទៅនឹងការកាត់ភ្លុកដំរីលក់។ ភ្លុកដែលគេកាត់នោះមានប្រវែង៦តឹក ហើយពួកឈ្មួញថា ពុំត្រូវតាមស្ដង់ដាទីផ្សារឡើយ គឺគេរកទិញភ្លុកដែលមានប្រវែង១ម៉ែត្រ ហើយភ្លុកដែលកាត់រួចនោះ ពុំមានអ្នកទិញ។ ការដែលសហគមន៍មូលនិធិអភិរក្សដំរីខ្មែរអៃរាវត្ដាកាត់ភ្លុកដំរីលក់ធ្វើអាជីវកម្មនេះ ត្រូវបានគេរិះគន់ថា គឺជាទង្វើខុសច្បាប់ ព្រោះគោលបំណងសំខាន់របស់សហគមន៍មូលនិធិអភិរក្សដំរីខ្មែរអៃរាវត្ដា ដែលបានស្នើសុំទៅរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ដកន្លងមកនោះ គឺសម្រាប់ធ្វើការអភិរក្សដំរី មិនមែនឱ្យកាត់ភ្លុកដំរីលក់ធ្វើអាជីវកម្មនោះទេ៕ ល