សហគមន៍​មួយ​នៅ​ខេត្តស្ទឹងត្រែង បាន​ជួយ​បង្រៀន​ដល់​កុមារ​ដោយ​មិន​យកប្រាក់​កំពុង​ជួប​ការខ្វះខាត​

205
ចែករម្លែក

ដោយ​: សុខុម / ស្ទឹងត្រែង​: សហគមន៍​មួយ​ដែលមាន​ឈ្មោះថា Ever Green Community សហគមន៍​ជីវិត​ស្រស់ត្រកាល​គ្រប់​រដូវ គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ មិន​បម្រើ​និន្នាការ​នយោបាយ បាន​ដំណើរ​ការបង្រៀន​កុមារ​ដោយ​មិន​យកប្រាក់​អស់​រយះពេល​ជាច្រើន​ឆ្នាំ​មកហើយ​។

​បច្ចុប្បន្ន​អង្គការ​នេះ​កំពុង​ជួប​កង្វះខាត​លើ​ផ្នែក​សម្ភា​រះ​និង​អាហារ​ប្រចាំថ្ងៃ​ជួយ​ដល់​កុមារ​ដែលមាន​ការកើនឡើង​។​

​កុមារ​ដែល​បាន​ចូល​សិក្សា​ភាគច្រើន​គឺជា​កូន​កសិករ កម្មករ​ក្រខ្សត់ ក្មេង​អនាថា កូនចៅ​អតីត​យុ​ត្ធ​ជន ជនពិការ ជន​មរណៈ នៅក្នុង​សម័យ​សង្គ្រាម ជន​ចាស់ជរា និង​ជន​បាត់បង់​សមត្ថភាព​ការងារ ជាដើម​។​

​លោក​ឡុង​លី​ប៉ូ​ប្រធាន​អង្គការ​ខាងលើនេះ បាន​ប្រាប់​ឲ្យ​ដឹងថា គោលបំណង​លោក​មើលឃើញ​ពី​កុមារ​តូច​នៅក្នុង​ខេត្តស្ទឹងត្រែង មានកូន​អ្នក​ខ្វះ​លទ្ធភាព​ជាច្រើន លោក​ក៏បាន​សម្រេចចិត្ត​បើក​សាលាបង្រៀន​ទាំង​ភាសា​ខ្មែរ​និង​អង់គ្លេស​ស្របតាម​សៀវភៅ​សិក្សា​របស់​រដ្ឋ​។ ម្យ៉ាងទៀត​លោក​មិន​ចង់ឃើញ​កុមារ​ទំនេរ​ដើរលេង​ឥតប្រយោជន៍ ហើយ​លោក​បាន​បំផុស​ដល់​អាណាព្យាបាល​ឲ្យ​ជំរុញ​កូន​ខ្លួន​មក​សាលារៀន​ទទួលបាន​ចំណេះដឹង​បន្ថែម​ពីសា​លា​រដ្ឋ​។ កូនៗ​នឹង​ទទួលបាន​ពី​ការបណ្តុះបណ្តាល​ចំណេះដឹង​ទូទៅ នៃ​ភាសាជាតិ និង​ភាសារ​បរទេស «​អង់គ្លេស​» ដោយ​ឥត​គិត​ប្រាក់កម្រៃ​។​

​លោក​លី​ប៉ូ​បាន​និយាយ​បន្ថែមទៀតថា​អង្គការ​នេះ មាន​ទស្សនវិស័យ ជួយផ្តល់​ចំណេះដឹង​គ្រឹស​ដល់​កុលបុត្រ កុល​ធិ​តា​ខ្មែរ ដែល​ខ្វះ​លទ្ធភាព ចូល​សិក្សា​នៅ​សាលា​ទំនើបៗ ហើយ​សហការ​ជាមួយ សាលា​រដ្ឋ ដើម្បី​ពង្រឹងគុណភាព​សិក្សា និង​មាន​សមត្ថភាព ក្រោយ​បញ្ចប់​ការសិក្សា មានចំណេះ និង​ជំនាញ​វិជ្ជាជីវៈ សម្រាប់​ទ្រទ្រង់​លើ​ការរស់នៅ បាន​សមរម្យ និង​ស្មើមុខស្មើមាត់ ដូច​អ្នក​ឯទៀត​។

​អង្គការ​នេះ​មានបំណង​ចង់​ជួយ​ដោះ​បន្ទុក​ដល់ រាជរដ្ឋាភិបាល ក្នុងការ​លុបបំបាត់ នូវ​ជំងឺ​គ្រោះ​អវិជ្ជា នៅ​កម្ពុជា នោះ​ទៀតផង​។​

​ប្រធាន​អង្គការ​បាន​ថ្លែង​ឲ្យ​ដឹងថា នៅ​បច្ចុប្បន្ន អង្គការ​លោក កំពុងតែ​ប្រឈម​នឹង​ការខ្វះ លើ​ការផ្គត់ផ្គង់​ដល់​សិស្ស ដែល​បានមក​សិក្សា​ក្រេប​យកចំណេះ​ដឹង ពី​សាលា​សហគមន៍ «​ជីវិត​ស្រស់ត្រកាល​គ្រប់​រដូវ​» ដូចជា នៅពេល​កន្លងមក សាលា​បានផ្តល់​អាហារ ៣​ពេល​ដល់​សិស្ស​ក្រីក្រ និង​ពេលនេះ ត្រូវបាន​កាត់បន្ថយ​ការផ្គត់ផ្គង់ ព្រោះ​គ្មាន​ថវិកា សម្រាប់​ផ្តល់​អាហារ​ដល់​ពួកគេ​។ ប៉ុន្តែ ការផ្តល់​ចំណេះដឹង​ដល់​សិស្ស​ទាំងនោះ លោក​នៅតែ​ពុះពារ​ជួយ បើទោះបី​ពេលនេះ អង្គ​ការជួប​ការលំបាក និង​ខ្វះខាត​ទាំង​ស្បៀងអាហារ ថវិកា និង​សម្ភារ​សិក្សា​ជាដើម​ក៏ដោយ​។​

​លោក ឡុង លី​ប៉ូ បាន​អំពាវនាវ​ដល់​សប្បុរស​ជន​នានា សូមមេត្តា​ជួយ​ដល់​កុមារ​កម្ពុជា នៃ​សហគមន៍​ជីវិត​ស្រស់ត្រកាល​គ្រប់​រដូវ ដែលមាន​មូលដ្ឋាន ស្ថិតនៅ​ក្នុងភូមិ​រាជា​នុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​៕ ល​

#