សហគមន៍​សម្បូរ​មានជ័យ​ស្រុក​ស្ទឹងត្រង់ ប្តេជ្ញា​ប្រែក្លាយ​ផ្ទៃដី​ជា​សមុទ្រ​ស្លឹកគ្រៃ​

277
ចែករម្លែក

ដោយ​: គង់​ហេង / កំពង់ចាម​: សហគមន៍​សម្បូរ​មានជ័យ ដែលមាន​ទីតាំង​ស្ថិតនៅ​ឃុំ​សូ​ភាស ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​បាន​ប្តេជ្ញា ពង្រីក​ផ្ទៃដី ដើម្បី​ធ្វើ​ការដាំដុះ​ដំណាំ​ស្លឹកគ្រៃ​ប្រមូល​ផល​ឲ្យ​បាន​ពេញ​មួយ​រដូវ និង​ឈានទៅ​ធានា​ការផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​នូវ បន្លែ​មួយ​ប្រភេទ​នេះ​ពី​៥០ ទៅ ៧០​តោន ក្នុង​មួយថ្ងៃ​នោះ​។ ពិសេស​សហគមន៍ នឹង​ខិតខំ​អនុវត្តន៍​ឲ្យ​បាន​គឺ ប្រែក្លាយ​ផ្ទៃក្នុង​តំបន់​ទាំងមូល​ជា​សមុទ្រ​ស្លឹកគ្រៃ គោរព​តាម​គោលការណ៍​ណែនាំ​របស់លោក គួច ចំរើន អភិបាលខេត្ត​នេះ​បាន​ណែនាំ​កន្លងមក​នោះ​។​

​លោក ឆេង ថុង ប្រធាន​សមាគមន៍​សម្បូ​រ​មានជ័យ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី ២៤ មករា​នេះ​ថា សមាជិក​សហគមន៍​យើង​ចំនួន​ជាង ២៨០ គ្រួសារ នឹង​ប្រឹងប្រែង​ដាំ​ដុះ​ដំណាំ​ស្លឹកគ្រៃ​នេះ ឲ្យ​បាន​រាល់ថ្ងៃ​ពេញ​មួយឆ្នាំ​។ ខណ​:​ដែល បី​ឆ្នាំ​កន្លងទៅ​យើង​បាន​ផ្គត់ផ្គង់​បន្លែ​ស្លឹកគ្រៃ​ទៅ​ផ្សារ​ដើម​គ ,​ផ្សារ​នាគ​មាស​នៅ​ភ្នំពេញ និង​ផ្សារ​ព្រែក​អញ្ចាញ បានតែ​ក្នុង​រង្វង់​ពី​ខែសីហា ដល់​ខែមករា ប៉ុណ្ណោះ​។​

​ប្រធាន​សហគមន៍​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងនោះ​ឆ្នាំ ២០១៨ កន្លងទៅ​យើង​គ្រោង​ផែនការ​ផលិត​ស្លឹកគ្រៃ​ឲ្យ​បាន ៣០០ តោន​។ ប៉ុន្តែ​ផលិត​ជាក់ស្តែង​បាន​ចំនួន​ជាង ៤០០ តោន ហើយ​ឆ្នាំ​២០១៩​នេះ​គ្រោង​ផ្ទៃដី​ប្រមាណ ៦០ ហិកតា ដើម្បី​ឲ្យ​ទទួលបាន​ផល​ជា​បន្លែ​ស្លឹកគ្រៃ​នេះ​ចំនួន ១.០០០ តោន ដែល​នឹង​អាច​លក់​ទៅកាន់​ទីផ្សារ​ចំនួន បី តោន​ក្នុង​មួយថ្ងៃ សម្រាប់​រយ​:​ពេល​មួយឆ្នាំ​ពេញ​។​

​លោក ឆេង ថុង បាន​បន្តថា ទំនងជា​សហគមន៍​នឹង​ទៅ​ពង្រីក​តម្រូវការ​ទីផ្សារ​ស្លឹកគ្រៃ​ឲ្យ​បាន​ពី ៥០ ទៅ ៧០​តោន ក្នុង​មួយថ្ងៃ​តាម​ការសិក្សា​ស្រាវជ្រាវ​របស់លោក​កន្ល​ង​មក​នោះ​។ ហើយក៏​នឹង​អាច​ឈានទៅ​ពង្រីក​ការនាំចេញ​បន្លែ​ស្លឹកគ្រៃ​នេះ​ទៅ​ក្រៅប្រទេស​ពោល គឺ​យើង​ខិតខំ​ពង្រីក​សមាជិក​សហគម​ន៍​បន្ថែមទៀត ដើម្បី​ឲ្យ​សម្រេច​គោលការណ៍ និង​ការណែនាំ​របស់លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​ចង់​ឲ្យ​ផ្ទៃដី​តំបន់​សហគមន៍​សម្បូរ​មានជ័យ​ទាំងមូល​ក្លាយជា​សមុទ្រ​ដើម​ស្លឹកគ្រៃ​នោះ​។​

​លោក បាន​បន្ថែមថា ដើមឆ្នាំ​២០១៨ កន្លងមក​យើង​មាន​សមាជិក​សហគមន៍​ចំនួន ១៩៤ គ្រួសារ​។ ប៉ុន្តែ​នៅ​ដើមឆ្នាំ ២០១៩ នេះ​សមាជិក​នេះ​បាន​កើន​ដល់​ជិត ៣០០ គ្រួសារ​។ ដោយ​សមាជិក​ទាំងអស់​មាននៅ​បណ្តា​ភូមិ​ចំនួន ប្រាំពីរ ជុំ​វី​ញ​ភូមិ​សម្បូរ​នេះ គឺ​ពួកគាត់​បាន​ចាប់អារម្មណ៍​ជាមួយនឹង​ការផលិត​ដំណាំ​ដាំ​ដុះ បាន​ចូល​ពី ប្រាំ ទៅ ៤០ គ្រួសារ​ក្នុង​មួយ​ភូមិ​។​

​លោក ផេង វុទ្ធី ជា​សមាជិក​សហគមន៍​សម្បូរ​មានជ័យ​បាន​ឲ្យ​ដឹងថា គ្រួសារ​លោក​មាន​សមាជិក​ចំនួន បី នាក់ បាន​ចូលក្នុង​សហគមន៍​នេះ​រយ​:​ពេល​បី​ឆ្នាំ​ហើយ​ជាមួយ​ផ្ទៃដី​ចំនួន​ជាង បី​ហិកតា​។ ក្នុងនោះ​ដាំ​ស្លឹកគ្រៃ​ចំនួន ពីរ​ហិកតា , ដំឡូង​មី​ចំនួន កន្លះ​ហិកតា , ស្រូវ​ចំនួន​កន្លះ​ហិកតា និង​ល្ហុង ០,១ ហិកតា​។​

​សមាជិក​សហគមន៍​ម្នាក់នេះ បាន​បន្តថា បញ្ហា​ដែល​គ្រួសារ​លោក​សម្រេច​ជ្រើស​រើសយក​ដំណាំ​ស្លឹកគ្រៃ​ជា ដំណាំ​ចម្បង គឺ​ទទួលបាន​ទិន្នផល និង​ប្រាក់ចំណូល​ខ្ពស់ជាង​ដំណាំ​បី​មុខ ផ្សេងទៀត​នោះ​។ ជាក់ស្តែង​ដំណាំ​ស្លឹកគ្រៃ​មួយ​ហិកតា ផ្តល់​ផល​បាន​ទម្ងន់​ចំនួន ១៥ តោន គឺ​លក់​ឲ្យ​ផ្សារ​សហគមន៍​សម្បូរ​មានជ័យ​បាន​តម្លៃ​មួយ​តោន​ពី ៨៥​ម៉ឺន ទៅ​ជាង​មួយ​លាន រៀល​។ មួយ​គីឡូក្រាម​ពី​ជាង​៨០០ ទៅ​ជាង ១.០០០ រៀល​។​

​លោក វុទ្ធី បាន​បន្ថែមថា ប៉ុន្តែ​ការដាំដុះ​ស្លឹកគ្រៃ​ប៉ុន្មាន​ឆ្នាំនេះ គឺ​មួយឆ្នាំ​ប្រមូល​ផល​បានតែ​មួយ​លើក​ប៉ុណ្ណោះ​។ សម្រាប់​ឆ្នាំ​បន្តទៅ​សហគមន៍​បាន​ជំរុញ​ឲ្យ ដាំ​ស្លឹកគ្រៃ​មួយឆ្នាំ​ឲ្យ​បាន​ពីរដង គឺ​តម្រូវ​ឲ្យ​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​ស្លឹកគ្រៃ ឲ្យ​ឆាប់​បាន​ដើម​ធំ​ថ្លោស​ល្អ ទាក់ទាញ​អតិថិជន​៕ ល​