សហគមន៍​អេកូ​ទេសចរណ៍​អា​រ៉ែ​ង មាន​ភ្ញៀវ​ទៅ​ទស្សនា ជាង​៤០០​នាក់ នៅ​ឆ្នាំ​ដំបូង​

283

(​កោះកុង​)៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ បាន​អញ្ជើញ​ទៅ​ពិនិត្យមើល​ការគ្រប់គ្រង​តំបន់​ទេសចរណ៍ធម្មជាតិ​របស់​សហ​គ​​មន៍​អេកូ​ទេសចរណ៍​តំបន់​ស្ទឹង​អា​រ៉ែ​ង ស្ថិតក្នុង​ឧទ្យាន​ជាតិ​ភ្នំ​ក្រវ៉ា​ញ​ខាងត្បូង នៃ​ភូមិសាស្ត្រ​ខេត្តកោះកុង កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៧ ។​ ​

​​គេហទំព័រ​ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៧​ខែធ្នូ​ថា ក្នុងឱកាស​នោះ មានការ​ចូលរួម​ពី​សំណាក់​លោកស្រី អភិបាលខេត្ត​កោះកុង និង​មន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន​ផងដែរ​។ ក្នុងពេល​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​សហគមន៍ លោក​រដ្ឋមន្ត្រី បាន​លើកឡើងថា​ដើម្បី​ឲ្យ​​សហគមន៍​ចូលរួម​អភិរក្ស​ធនធានធម្មជាតិ​ដោយ​និរន្តរភាព នឹង​ជួយ​បង្កើន​ជីវភាព​កាន់តែ​ល្អ គឺ​ការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូលមក​ទស្សនា​កាន់តែច្រើន ។
​ ​
​លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ប្រជា​សហគមន៍ ឲ្យ​ព​ង្រឹ​ក​ការ​ចិញ្ចឹមសត្វ​បន្ថែមទៀត ដើម្បី​រួមចំណែក​លើកស្ទួយ​ជីវភាព​គ្រួសារ​។ ជាមួយនេះ​ ឆ្លើយតប​ទៅនឹង​ប្រជា​សហគមន៍ ស្នើសុំ​បណ្តាញ​អគ្គិសនី លោក​រដ្ឋមន្ត្រី បានផ្តល់​បន្ទះ​អគ្គិសនី ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​ចំនួន​១០​បន្ទះ សម្រាប់​សហគមន៍ និង​១០​បន្ទះ​ទៀត ជូនទៅ​មន្ទីរ​បរិស្ថាន​ខេត្ត ទុក​ប្រើប្រាស់​សាកល្បង ដើម្បី​ជួយ​ដល់​កិច្ចការពារបរិស្ថាន ។​
​ ​
អគ្គនាយក​សហគមន៍​មូលដ្ឋាន នៃ​ក្រសួងបរិស្ថាន លោក បូ​រិ​ន បាន​ឲ្យ​ដឹងថា សហគមន៍​អេកូ​ទេសចរណ៍​តំបន់​ស្ទឹង​អា​រ៉ែ​ង​បានចាប់ផ្តើម​ដំណើការ កាលពី​ចុងឆ្នាំ​២០១៦ ។ ក្នុង​រយៈពេល​មួយឆ្នាំ​មកនេះ មាន​ភ្ញៀវទេសចរ​បាន​ទៅ​ទស្សនា​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ទីនេះ បាន​ជាង​៤០០​នាក់ ក្នុងនោះ​ជនបរទេស មាន​ជាង​១០ ភាគរយ​។ ពួកគេ​បានផ្តល់​ចំណូល​ដល់​សហគមន៍​ប្រមាណ​ជាង ៤.០០០ ដុល្លារ ក្នុង​ឆ្នាំ​ដំបូង​នេះ​។​

​ប្រភព​ដដែល បាន​បញ្ជាក់ថា ក្នុង​វេទិកា​ជាតិ ស្តីពី​«​កិច្ចការពារ និង​អភិរក្ស​ធនធានធម្មជាតិ​» កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៧ កន្លងទៅ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានសម្រេច​ផ្តល់​ផ្លូវ​មួយ​ខ្សែ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤៨​ឆ្ពោះទៅ​តំបន់​​ស្ទឹង​អា​រ៉ែ​ង ។ បច្ចុប្បន្ន ផ្លូវ​នេះ​បាន​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ ឆ្ពោះទៅ​តំបន់​នោះ ដែលជា​ការទាក់ទាញ​អ្នកទេសចរ​ដែល​ស្រឡាញ់​​ធនធានធម្មជាតិ ចូលទៅ​ទីនោះ​កាន់តែច្រើន​ថែមទៀត ៕ ដោយៈ​សម្បត្តិ​កញ្ញា​/sn

​លោក​រដ្ឋមន្ត្រី​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​សហគមន៍​