សហគមន៍​អ្នក​ដាំ​បន្លែ​សុវត្ថិភាព​ក្រុង​កំពង់ចាម​ត្អូញត្អែរ​ពី​តម្លៃ​ធ្លាក់ចុះ​

125

ដោយ​: គង់​ហេង / កំពង់ចាម​: ក្រុម​សហគមន៍​អ្នក​ដាំ​បន្លែ​សុវត្ថិភាព ស្ថិតក្នុង​គម្រោង​ជំរុញ​ផលិតកម្ម​ស្បឿ​ង​ចំនួន ៣០​គ្រួសារ នៅ​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម បាន​ត្អូញត្អែរ ពី​តម្លៃ​ទីផ្សារ​បាន​ធ្លាក់ចុះ​ច្រើន​ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម​។ ខណៈដែល​ពួកគាត់​នាំគ្នា​រង់ចាំ​ក្រុមហ៊ុន​មួយ​នៅ​ភ្នំពេញ ចុះកិច្ចសន្យា​បញ្ជា​ទិញយក​មួយ​មុខ​ចំនួន ១០០​គីឡូក្រាម ក្នុង​មួយថ្ងៃ​គឺ មិនឃើញ​មក​ទទួល​យកតាម​កិច្ចសន្យា​នោះ​។​

​លោក ធី​ម ថុល ប្រធាន​សហគមន៍​បន្លែ​សុវត្ថិភាព សំបួរមាស បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១០​មករា​នេះ​ថា ពោត​បារាំង​ទើប​ចាប់​ប្រមូល​លក់បាន​តម្លៃ ១.៥០០​រៀល ទៅ ១.៩០០​រៀល គឺ​ធ្លាក់ចុះ​តម្លៃ​ទាប​ជាង​កាលពី​ឆ្នាំមុន មួយ​គីឡូក្រាម​ពី ជាង​១.០០០ ទៅ ២.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ បន្លែ​សណ្តែក​គួរ បាន​ប្រមូល​ផល​បាន​ច្រើនលើក គឺ​លក់បាន​ពី ១.៥០០ ទៅ ១.៩០០ រៀល​ក្នុង​មួយ​គីឡូក្រាម​។ ដែល​កាលពី​ឆ្នាំទៅ ២០១៨ ទម្ងន់​ស្មើគ្នា​បាន ២.៥០០ ទៅ ២.៧០០ រៀល​។​

​លោក​ប្រធាន​សហគមន៍​បាន​ឲ្យ​ដឹង​ទៀតថា តាម​ពិនិត្យមើល​ជាក់ស្តែង ជាទូទៅ​នៃ​តម្លៃ​បន្លែ​ឆ្នាំនេះ​ពិបាក​ងើបឡើង​ណាស់​។ ពិសេស ពោត​បារាំង​សម្បូរ​អ្នក​ដាំ​មែនទែន គឺ​គ្រួសារ​របស់លោក​កំពុង​ដាំ​បន្លែ​ច្រើន​មុខ​លើដី មួយ ហិកតា មិន​សង្ឃឹមថា នឹង​ទទួលបាន​ប្រាក់ចំណូល​ពី ១០ ទៅ ១៥​លាន រៀល ដូច​រាល់​ឆ្នាំ​ទៀត​ទេ​។​

​លោក ធី​ម ថុល បាន​បន្តថា កាលពី​បី​ខែ​មុន ក្រុមហ៊ុន​ឈ្មោះ «​បាណន់​» នៅ​រាជធានី​ភ្នំពេញ បានមក​ចុះកិច្ចសន្យា​ទទួល​ទិញ​បន្លែ​ក្នុង​សហគមន៍​សំបួរមាស ចំនួន ១១ មុខ គឺ​មួយ មុខ បញ្ជា​ទិញ ១០០ គីឡូក្រាម​។ ប៉ុន្តែ​ពេលនេះ​ប្រជាពលរដ្ឋ ក្នុង​សហគមន៍​របស់លោក​បាន​ផលិត​បន្លែ​បាន​ចំនួន ប្រាំ​មុខ​ហើយ បែរជា​មិនឃើញ​អ្នកបញ្ជា​ទិញ​មក​ទទួល​យកតាម​កិច្ចសន្យា​។​

​លោក គ្រឿ​ត ចំរុង មន្ត្រី​ទីផ្សារ នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បាន​បញ្ជាក់ថា សព្វថ្ងៃ​ក្រុមហ៊ុន «​បាណន់​» ដែល​បាន​ចុះកិច្ចសន្យា​ប្រមូល​ទិញ​បន្លែ​ពី​សហគមន៍​សំបួរមាស ក្រុង​កំពង់ចាម និង​សហគមន៍​កោះ​រកា ស្រុក​កំពង់សៀម គឺ​បានមក​ទទួល​យកតាម​ការបញ្ជាទិញ​នោះ​ហើយ​។ ដោយបាន​បន្លែ​ចំនួន​ប្រហែល​១០​មុខ​។​

​មន្ត្រី​រូបនេះ​បាន​បន្តថា ប៉ុន្តែ​បញ្ហា​ដែល​មិនបាន​ទិញ​បន្លែ ឲ្យ​បាន​គ្រប់​តាម​ផែនការ​នោះ គឺ​: កសិករ​ផលិត​បន្លែ​មិនទាន់បាន​គ្រប់មុខ និង​គ្រប់​គីឡូ នៃ​កិច្ចសន្យា​ផែនការ ចម្ការ​ខ្លះ​ទើប​ប្រមូល​ផល​លើកដំបូង​។ កសិករ​ខ្លះ​មិន​ស្មោះត្រង់ គឺមាន​អ្នកលក់​បន្លែ​ទៅ​ផ្សារ​ខាងក្រៅ ក្នុងតម្លៃ​ខ្ពស់ជាង​កិច្ចសន្យា និង​ខ្លះ​លប​ប្រើប្រាស់​ថ្នាំ​ខុស​លក្ខណ​:​បច្ចេកទេស គឺ​គាត់​ឆ្លើយថា​ផលិត​មិនទាន់បាន ។​ល​។ ជាដើម​។ បញ្ហា​ប្រឈម​ទាំងនេះ​ខាង​លោក​កំពុងធ្វើការ​សម្របសម្រួល​៕