សហគ្រិន​ស្ត្រី​កម្ពុជា​១០​រូប ទៅ​ហ្វីលីពីន​ទទួល​ពានរង្វាន់​សហគ្រិន​ស្ត្រី​ឆ្នើម​អាស៊ាន​២០១៧

273

(​ភ្នំពេញ)​៖​នៅក្នុង​ឱកាស​ប្រារព្ធ​ខួប​ទី​៥០​នៃ​អាស៊ាន គណៈប្រតិភូ​កម្ពុជា​ចំនួន​២០​រូបនៃសមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​បាន​អញ្ជើញ​ទៅ​ចូលរួម​វេទិកា​ប្រជុំ​នៃ​ស្ត្រី​ពាណិជ្ជករ​អាស៊ាន​ពីថ្ងៃ​ទី​២៨​ខែសីហា​ដល់​ថ្ងៃទី​១​ខែកញ្ញា​ឆ្នាំ​២០១៧​នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​។​

​គណៈប្រតិភូ​សហគ្រិន​ស្ត្រី​កម្ពុជា​ដឹកនាំ​ដោយ​លោកស្រី​ឧកញ៉ា កែវ មុំ ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​និង​លោកស្រី សុ​ត ស៊ីថុន ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃ​ក្រសួង​កិច្ចការនារី​។​ក្រៅពី​ចូលរួម​កិច្ចប្រជុំ​សហគ្រិន​ស្ត្រី​កម្ពុជា​ចំនួន​១០​រូប ក៏​នឹង​ទទួល​ពានរង្វាន់​សហគ្រិន​ស្ត្រី​ឆ្នើម​អាស៊ាន​២០១៧ ដែលជា​ពាន​មួយ​ដ៏​មាន​កិត្យានុភាព​។​

​លោកស្រី​ឧកញ៉ា​កែវ មុំ បាន​ថ្លែង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​មុនពេល​ចេញដំណើរ​ទៅ​ហ្វីលីពីនកាលពី​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៧ ថា​៖​កម្ពុ​ជាមាន​មោទនភាព​ដែល​សហគ្រិន​ស្ត្រី​កម្ពុជា​ចំនួន​១០​រូប​បានទទួល​ពានរង្វាន់​ស​ហ​គ្រិន​ស្ត្រី​ឆ្នើម​អាស៊ាន​២០១៧​។​ពានរង្វាន់​នេះ​នឹង​ផ្តល់​ដល់​ក្រុមហ៊ុន​ណា​ធ្វើ​អាជីវកម្ម​យ៉ាងតិច​៣​ឆ្នាំ​ហើយ​ជួយ​ដល់​សង្គមជាតិ ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស ជួយ​ដល់​សហគមន៍ ជាពិសេស​ចូលរួម​គាំទ្រ​ពង្រឹង​សិទ្ធិអំណាច​ស្ត្រី និង​យេនឌ័រ​។

​លោកស្រី​ឧកញ៉ា បានឱ្យដឹងថា​ក្រៅពី​ការទទួល​ពានរង្វាន់ ស្ត្រី​សហគ្រិន​កម្ពុជា​នឹងចូលរួម​ពិភាក្សា​និង​ចែករម្លែក​បទពិសោធន៍​ជាមួយ​ស្ត្រី​អាស៊ាន​អំពី​អាជីវកម្ម ពាណិជ្ជកម្ម ក៏ដូចជា​ការងារ​ពាក់​ព័ន្ធ​នឹង​ស្ត្រី​។​

​សូមជម្រាបថា​សហគ្រិន​ស្ត្រី​ឆ្នើម​កម្ពុជា​ចំនួន​១០​រូប ដែល​ទទួល​ពានរង្វាន់​សហគ្រិន​ស្ត្រី​ឆ្នើម​អាស៊ាន​២០១៧​មាន លោកស្រី ចាង សុខ​គីម (​ហាង​នំ​បុ័ង​បាយ័ន​) លោកស្រី ឆាយ ស៊ីវ​លីន (​ក្រុមហ៊ុន CSL Group) លោកស្រី សុទ្ធ ចន្ថា (​ក្រុមហ៊ុន Daily Transport) លោកស្រី ជា សុខ​លាង (​ក្រុមហ៊ុន ECO Great Mekong Solution) លោកស្រី តាំង ហ្គេ​ច​លាង​(​គ្រុមហ៊ុន H &L Group) លោកស្រី នុ​ក សម្ផស្ស (​ក្រុមហ៊ុន​LSV Industry)​លោកស្រី​ទន្ត​បណ្ឌិត អេង លី​គង់​( មន្ទីរ ព្យាបាល​មាត់​ធ្មេញ​ម៉ា​ស្ទ័​រ​ឃែ​រ​)​លោកស្រី អ៊ឹង សុវណ្ណ​លី​(​សមាគម NKA) លោកស្រី​គង់ សូ​រីតា (​ក្រុមហ៊ុន​Ocean Technology) លោកស្រី ឡាយ កន្និកា (​មន្ទីរ​ព្យាបាល​ម​ធ្មេញ​ស្មា​ល​)៕​ដោយៈ​សុផល​/sn