សហគ្រិន​ស្ត្រី​ខ្មែរ​១​រូប​វិនិយោគ​ទឹកប្រាក់​ប្រមាណ​៤​លាន​ដុល្លារ​បើក​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ទំនើប​

1259
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖ សហគ្រិន​ស្ត្រី​ខ្មែរ​មួយរូប បាន​បោះទុន​វិនិយោគ​ប្រមាណ​៤​លាន​ដុល្លារ​អាមេរិក ដើម្បី​បង្កើត​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ឈានមុខ​ស្តង់ដារ​សិង្ហ​បុរី​មួយ​នៅ​រាជធានី​ភ្នំពេញ​ដែល​បំពាក់​ដោយ​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើបៗ​និង​វេជ្ជបណ្ឌិត​ល្បីៗ​។​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ស៊ី​ង​ម៉េ​ដ​(Singmed Medical Center)​នេះ​មាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ​៦៤​មហាវិថី​ព្រះមុនីវង្ស​សង្កាត់​វត្តភ្នំ​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ ទល់មុខ​សាកលវិទ្យាល័យ​ពេទ្យ ជិត​អគារ​វឌ្ឍនៈ​។​

​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ស៊ី​ង​ម៉េ​ដ​បាន​ត្រូវ​បើកសម្ពោធ​ជា​ផ្លូវការ​កាលពី​ល្ងាច​ថ្ងៃទី​៣​ខែឧសភា​ឆ្នាំ​២០១៩​ដោយមាន​ការចូលរួម​ពី​លោកស្រី​ឱ វណ្ណឌី​ន​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​និង​លោកស្រី ពិន នេត្រា នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ស៊ី​ង​ម៉េ​ដ​។​វត្តមាន​របស់​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​នេះ បានបង្ហាញ​ពី​សក្តានុពល​នៃ​វិស័យ​សុខាភិបាល​ចូលមក​កម្ពុជា​នូវ​ការព្យាបាល​វេជ្ជសាស្ត្រ​លំដាប់ថ្នាក់​ពិភពលោក​របស់​ប្រទេស​សិង្ហ​បុរី​។​

​លោកស្រី​ពិន​នេត្រា​បាន​ថ្លែងថា​៖​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ស៊ី​ង​ម៉េ​ដ​ជា​កន្លែង​មួយ​សម្រាប់​ពិនិត្យ​សុខភាព និង​វិនិច្ឆ័យ​រោគ ដោយ​បំពាក់​បច្ចេកវិទ្យា​ទំនើប​ឈានមុខ​និង​ចុងក្រោយ​របស់​ប្រទេស​សិង្ហ​បុរី MRI ម៉ាស៊ីន​សុង​ក្រពះ​ទំនើប ប្រព័ន្ធ​ឆ្លុះ​ចុងក្រោយបង្អស់​របស់ FUJIFILM ដែល​ប្រើ​រូបភាព​ពន្លឺ​ខៀវ​(Blue Light Imaging)​និង​រូបភាព​ពណ៌​ត​ភា្ជ​ប់​(Linked Color Imaging)​ក៏ដូចជា​ម៉ាស៊ីន​ស្គែ​ន GE SIGNA CREATOR1.5TestlaMRI​។​ឧបករណ៍​ទាំងអស់​សុទ្ធតែ​ផ្តល់នូវ​ភាពជាក់លាក់​ក្នុង​ការធ្វើ​រោគវិនិច្ឆ័យ​និង​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​លំហូរ​ការងារ​របស់​អ្នកជំងឺ​។​

​លោកស្រី​នាយិកា​ប្រតិបត្តិ​បា​ន្យ​ដឹងថា​៖​ការវិនិយោគ​លើ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ស៊ី​ង​ម៉េ​ដ​មាន​ប្រមាណ​៤​លាន​ដុល្លារ​អាម៉េរិក​។​ជាមួយ​មជ្ឈមណ្ឌល​នេះ ពលរដ្ឋ​កម្ពុជា ដែល​ចង់​ពិនិត្យ​សុខភាព មិនចាំបាច់​ចំណាយលុយ​ច្រើន​ជិះ​យន្តហោះ​ទៅ​សិង្ហ​បុរី​ទេ ដោយ​ចំណេញ​ទាំង​ថវិកា និង​ពេលវេលា​ព្រមទាំង​ទប់ស្កាត់​លំហូរ​ការពិនិត្យ​សុភាព​នៅក្រៅ​ប្រទេស​។​

​មជ្ឈមណ្ឌល​ទទួល​ពិគ្រោះ​ជំងឺ​ក្រៅ​មិន​ទទួល​អ្នកជំងឺ​គេង​ឬ​ព្យាបាល​វះកាត់​ទេ​។​សំខាន់​ផ្តោតទៅលើ​ការរុករក​ប្រភព​នៃ​បញ្ហា​ជំងឺ​នីមួយៗ តាមរយៈ​ការប្រើ​ឧបករណ៍​ទំនើបៗ បច្ចេកវិទ្យា​ឈានមុខ និង​វេជ្ជបណ្ឌិត​ជាតិ​និង​អន្តរជាតិ​ល្បីៗ​មានបទពិសោធន៍​ខ្ពស់​។​បុគ្គលិក​ពេទ្យ​មាន​ជំនាញ​និង​វិជ្ជាជីវៈ​អាច​និយាយ​ភាសា​អង់គ្លេស​ចិន​និង​ខ្មែរ​ដើម្បី​ទំនាក់ទំនង​ជាមួយ​អ្នកជំងឺ​មកពី​ប្រភព​និង​ជាតិ​សាសន៍​ផ្សេងៗ​គ្នា​។​

​លោកស្រី​ឱ​វណ្ណឌី​ន​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​សម្តែង​ការគាំទ្រ​ចំពោះ​ការបង្កើត​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ស៊ី​ង​ម៉េ​ដ​នេះ ដែល​នឹង​ជួយ​រួមចំណែក​លើកកម្ពស់ អភិវឌ្ឍន៍​វិស័យ​សុខាភិបាល និង​អភិវឌ្ឍ​ធនធានមនុស្ស​ផ្នែក​វេជ្ជសាស្ត្រ​។​

​វត្តមាន​មជ្ឈមណ្ឌល​នេះ​នឹង​ផ្តល់​ភាពងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុងការ​ទទួលបាន​សេវា​ពិនិត្យ​សុខ​ភាពល្អ​ពិតប្រាកដ​ទូលំទូលាយ​និង​ប្រកបដោយ​ប្រសិទ្ធភាព​តាមរយៈ​សេវា​ស្តង់ដារ​និង​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ​។​ទន្ទឹមនឹងនេះ​លោកស្រី​រដ្ឋលេខាធិការ​ក៏បាន​ស្នើ​សុំឱ្យ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ស៊ី​ង​ម៉េ​ដ​អនុវត្ត​ប្រតិបត្តិ​ស្តង់ដារ​បច្ចេកទេស​វិជ្ជាជីវៈ​និង​ទំនួល​ខុសត្រូវ​ខ្ពស់​៕S/

​ចំណងជើង​រូបថត​៖​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ស៊ី​ង​ម៉េ​ដ​បាន​ត្រូវ​បើកសម្ពោធ​ជា​ផ្លូវការ​កាលពី​ល្ងាច​ថ្ងៃទី​៣​ខែឧសភា ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​(​រូបៈ​សុផល​)