សហជីព​ថា​ប្រាក់​ឈ្នួល​នឹង​បន្ត​ឡើង​ថែមទៀត​ក្នុង​ឆ្នាំ​២០១៩​ ដើម្បី​ជួយ​ដល់​ជីវភាព​កម្មករ

882
ចែករម្លែក

​​ដោយ : ​ដេប៉ូ​/​ភ្នំពេញ  : ​ក្រុម​សហជីព​ឲ្យដឹងថា កិច្ចប្រជុំ​ពិភាក្សា​ដើម្បី​កំណត់ ប្រាក់​ឈ្នួល អប្បបរមា កម្មករ​-​និយោជិត លើ​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០១៩​ខាងមុខ គេ​រំពឹងថា នឹង​បន្ត​តម្លើង​ថែមទៀត​ដែលជា​ការជួយ​ដល់​ជីវភាព​រស់នៅ​របស់​ក​ម្មករ​។​
​ ​

លោក ជួន​មុំ​ថុល ប្រធាន​សភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា​បានបញ្ជាក់​ប្រាស់​រស្មី​កម្ពុជា​ឲ្យដឹងថា​ បន្ទាប់ពី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​និង​ភាគី​ពាក់ព័ន្ធ​ចាប់ផ្តើម​បើក ការចរចា​ប្រាក់​ឈ្នួល​គោល​របស់​កម្មករ​ក្នុង​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០១៩​មក ​លោក​ជឿជាក់ថា​ ប្រាក់​ឈ្នួល​កម្មករ​នឹង​បន្ត​ការ​តំឡើង​បន្ថែមទៀត​។

​លោក ជួន​មុំ​ថុល ប្រធាន​សភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា​(​រូប​៖​ដេប៉ូ​)


​ ​លោក​ថា​ នៅ​ថ្ងៃទី​១៤ ​ខែកញ្ញា ​ឆ្នាំ​២០១៨​នេះ​ កិច្ចពិភាក្សា​រវាង​ត្រីភាគី ​គឺ​តំណាង​រាជរដ្ឋាភិបាល​សហជីព​ ​និង​និយោជក​នឹង​បើក​កិច្ចពិភាក្សា ហើយ​នៅថ្ងៃនេះ​ដែរ​ខាង​សងហ​ជីព​នឹងមាន​ការបង្ហាញ​តួលេខ​ដល់​និយោជក​ក្នុងការ​ចរចាសម្រាប់​កំណត់​ប្រាក់​ឈ្នួល​របស់​កម្មករនិយោជិត​ឆ្នាំ​២០១៩​ផងដែរ​។​
​ ​

លោក​បាន​បន្តឲ្យដឹងថា តាមរយៈ​ការចរចា​យ៉ាង​យល់ចិត្ត​គ្នា​និង​ស៊ីជម្រៅ​ ជាមួយ​និយោជក​ក៏ដូចជា​ភាគី​រាជរដ្ឋាភិបាល​គឺ​ឃើញថា ​មាន​ភាព​លម្អិតលម្អន់​និង​យល់ចិត្ត​គ្នា ​ដើម្បី​សំដៅ​ធ្វើយ៉ាងណា​ផ្តល់​អត្ថប្រយោជន៍​គ្នា​ទៅវិញទៅមក​។​
​ ​

ដោយឡែក​កម្មករនិយោជិត​បានលើកឡើង​ដែរ​ថា បើ​ទោះបី​ប្រាក់​ឈ្នួល​ត្រូវបាន​រាជរដ្ឋាភិបាល​
​ជួយ​តម្លើង​បន្តបន្ទាប់​ពិតមែន តែ​ការចំណាយ​ទាំង​ការរស់នៅ​និង​ហូបចុក​នៅតែមាន​អត្រា​ខ្ពស់ ​ធ្វើឲ្យ​ស្ថានភាព​ការរស់នៅ​មិនទាន់​ល្អប្រសើរ​ប៉ុន្មាន​នោះដែរ ហេតុនេះ​ពួកគេ​ចង់ឲ្យ​មានការ​ត​ម្លើ​ង​ប្រាក់​ឈ្នួល​ឆ្នាំ​២០១៩​ខាងមុខ​។​
​ ​

កម្មការិនី​មួយរូប​ឈ្មោះ​សោភា​ដែល​កំពុង​ឈរ​មុខ​រោងចក្រ នៅក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​បានឲ្យដឹង​ថា បើ​គិតពី​ប្រាក់​ឈ្នួល​កញ្ញា​ឃើញថា​ រាជរដ្ឋាភិបាល​បាន​តម្លើងឲ្យ​ជា​បន្តបន្ទាប់ តែ​យ៉ាងណា​តម្លៃ​ម្ហូបអាហារ និង របស់របរ​ប្រើប្រាស់​ចេះតែ​បន្ត​ឡើងថ្លៃ ​ធ្វើឲ្យ​ពួកគេ​ជួប​ការលំបាក​បន្តបន្ទាប់​។​

​​កញ្ញា​បានឲ្យដឹង​បន្ថែមថា “​…ខ្ញុំ​ចង់ឲ្យ​ក្រសួង​ការងារ​ជំរុញ ថៅកែ​រោងចក្រ​តម្លើង​ប្រាក់​ឈ្នួល​បន្ថែមទៀត​ពីព្រោះថា​បច្ចុប្បន្ន​បើ​គិតពី​ប្រាក់​ឈ្នួល​គឺ​នៅ​លំបាក​សម្រាប់​ពួក​ខ្ញុំ​នៅឡើយ​ទេ​…”​។​
​ ​

លើកឡើង​ដូចគ្នានេះ អ្នកស្រី​សុជាតា ​ដែលជា​កម្មការិនី​មួយរូប​បា​នស​ង្ឍឹ​ម​ថា ​ប្រាក់​ឈ្នួល​របស់​ពួកគាត់​នឹង​អាច​ឡើង​បន្ថែមទៀត បើ​ទោះ​មិន​ច្រើន​ក៏​អាចជួយ​សម្រាល​ដល់​ការបង់ថ្លៃ​ទឺ​ក​និង​ភ្លើង​ដែរ​។​

​យុវជន​សុខ​ថា ​ដែល​កំពុងធ្វើការ​នៅ​រោងចក្រ​មួយកន្លែង​តំបន់​សង្កាត់​ចោមចៅ​បានឲ្យដឹងថា​ លោក​ក៏​ចង់ឲ្យ​មានការ​តម្លើង​ប្រាក់​ឈ្នួល​ក្នុង​រង្វង់​២០​ទៅ​២៥​ដុល្លារ​បន្ថែមទៀត​ ពីព្រោះថា​ប្រាក់​ឈ្នួល​កម្រិត​នេះ​កម្មករ​អាចមាន​ជីវភាព​ល្អប្រសើរ​ជាង​មុន​។​
​ ​ ​

គូរ​បញ្ជាក់ថា​ពាក់ព័ន្ធ​នឹង​ការចចារ​កំណត់​ប្រាក់​ឈ្នួល​ដល់​កម្មករនិយោជិត​សម្រាប់​ឆ្នាំ​២០១៩​នេះដែរ ​កាលពី​ថ្មីៗ​មកនេះ​លោក​ អ៊ិត ​សំហេង ​រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​លើកឡើងថា​ លទ្ធផល​ការកំណត់​ប្រាក់​ឈ្នួល​របស់​កម្មករ​នឹង​ចេញ​នៅមុន​ពិធីបុណ្យ​ភ្នុំ​បិណ្ឌ​ប្រពៃណី​ខ្មែរ ហើយ​កម្មករ​ទាំងអស់​នឹង​បានទទួល​ដំណឹង​ល្អ​អំពី​ប្រាក់​ឈ្នួល​ទៀតផង​។​

​សូមបញ្ជាក់​ផង​ថាបើ​តាម ក្រុម​សហជីព​ខ្លះ​បាន​លើកឡើងថា ​ពួកខ្លួន​គ្រោង​លើកយក តួលេខ​ជាង​២០០​ដុល្លារ ដើម្បី​ដាក់​ជជែក​គ្នា នៅពេល​ខាងមុខ​ជាមួយ​ភាគី​ពាក់ព័ន្ធ​។​ ដោយឡែក​ប្រាក់​ឈ្នួល​គោល​របស់​កម្មករ និយោជិត ​បច្ចុប្បន្ន​ចំនួន​១៧០​ដុល្លារ ហើយ​បើ​បូកផ្សំ​ប្រាក់​បន្ថែម​ម៉ោង​និង​អត្ថប្រយោជន៍​នានា​ផង​កម្មករ​ម្នាក់ៗ​អាច​ទ​ទូល​បាន​ប្រាក់​ឈ្នួល​ក្នុង​ខ្ទង់​ជាង​២​រយ​ដុល្លារ​អាមេរិក​៕B