សហជីព​យល់ឃើញថា កម្ពុជា​រង​ភាពអយុត្តិធម៌​ខ្លាំង​បន្ទាប់ពី EU ប្រកាស​ដក​ពន្ធ​អនុគ្រោះ EBA

529
ចែករម្លែក
  • 37
    Shares

ដោយ​: ពៅ និមល / ភ្នំពេញ​: លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ (NTUC) បង្ហាញ​ទស្សនៈ​ថា ការព្យួរ​បណ្តោះអាសន្ន​លើ​ពន្ធ​អនុគ្រោះ​(EBA) របស់​សហភាព​អឺរ៉ុប (EU) សម្រាប់​ប្រទេស​កម្ពុជា គឺជា​រឿង​អយុត្តិធម៌​បំផុត ខណៈដែល​បច្ចុប្បន្ននេះ​កម្ពុជា​កំពុងតែ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស ក៏ដូចជា​លក្ខខណ្ឌ​ការងារ​កាន់តែ​ល្អប្រសើរ បើ​ធៀប​នឹង​ប្រទេសជិតខាង ក៏ដូចជា​បង់​ក្លា​ដេ​ស ភូមា ឡាវ និង​ប្រទេស​វៀតណាម​។​

​ក្នុង​កិច្ចសន្ទនា​រវាង​កាសែត​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​១២ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៩ លោក​ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ បានលើកឡើង​បន្តថា ទង្វើ​របស់​សហភាព​អឺរ៉ុប​ជា​រឿង​មិនល្អ មិន​សមរម្យ​សម្រាប់​ប្រទេស​កម្ពុជា ដែល មេគណបក្ស​ប្រឆាំង (​លោក សម រង្ស៊ី​)​បានស្នើ​ឲ្យ​មានការ​ដកព​ន្ធ​អនុគ្រោះ EBA ចេញពី​កម្ពុជា​។ ទន្ទឹមនេះ លោក​សុំ​ធ្វើការ​ថ្កោលទោស​យ៉ាង​ដាច់​អា​ហាំង​ការ​ចំពោះ​បុគ្គល​រូបនេះ​ផងដែរ ដែល​ធ្វើ​ឲ្យ​មាន​កុល​យុត្ត ក៏ដូចជា​ពាណិជ្ជកម្ម​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​កម្មករ​ជាង​៨០​ម៉ឺន​នាក់ និង​ប្រជាពលរដ្ឋ​រាប់លាន​នាក់​ដែល​ទទួលផល​ទៅលើ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ ធ្វើ​ឲ្យ​គាត់​មាន​ផល​លំបាក​សម្រាប់​ទៅ​ថ្ងៃ​អនាគត​។​

​លោក សាលី បាន​រៀបរាប់​ទៀតថា “​បើ​យើង​ប្រៀបធៀប​នឹង​ប្រទេស​ថៃ​រហូតដល់​មាន​ការធ្វើ​រដ្ឋប្រហារ​ផ្សេងៗ គេ​មិនដែល​ធ្វើ​ឲ្យ​ប្រទេសជាតិ​គេ​រលំរលាយ​នោះទេ គេ​មានតែ​ការលើកស្ទួយ​។ ផ្ទុយ​ពី​កម្ពុជា​វិញ គឺ​មើលឃើញថា​មាន​ភាព​ល្អក់កករ​យ៉ាង​ខ្លាំង​ប្រៀបធៀប​ទៅនឹង​ប្រទេស​ផ្សេងៗ ហើយ​ប្រសិនបើ​យើង​គិតថា​ប្រទេស​យើង​(​កម្ពុជា​) នៅពេលដែល​មានការ​ផ្អាក​អនុគ្រោះ​ពន្ធ​ផ្សេងៗ​នោះ ប្រាកដ​ណាស់​យើង​មិនអាច​ស្តារឡើងវិញ​បានទេ ពីព្រោះ​អ្នកបញ្ជា​ទិញ​ផ្សេងៗ​គិតថា​ពេល​ប្រទេស​ណា​មាន​ប្រាក់​ឈ្នួល​ថោក ហើយ​លក្ខខណ្ឌ​ការងារ​ល្អ ប្រាកដ​ណាស់​គេ​នឹង​ងាក​ទៅ​ប្រទេស​ផ្សេង​ជំនួស​កម្ពុជា​វិញ ដែល​នេះ​ជា​បញ្ហា​ប្រឈម​ដែល​យើង​គិតថា វា​មិនល្អ​”​។ យ៉ាងណាមិញ លោក​ក៏បាន​ទទូច​ដល់​រាជរដ្ឋាភិបាល ត្រូវតែ​ពិនិត្យ​ពិចារណា​ទៅលើ​បញ្ហា​ទាំងអស់នេះ ហើយ​អតីត​មេបក្ស​ប្រឆាំង​ក៏​ដូចគ្នា​ត្រូវតែ​គិតគូរ​ឡើងវិញ ដោយ​មិន​ត្រូវយក​នយោបាយ​ទៅ​ពាក់ព័ន្ធ​វិស័យ​ទាំងអស់នេះ ដែល​ធ្វើ​ឲ្យ​កម្មករ​និង​ប្រជាពលរដ្ឋ​ដែល​ទទួលផល​លើ​វិស័យនេះ​ដូចគ្នា​។​

​ដោយឡែក លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​លើកឡើងថា “​យើង​មានការ​ព្រួយបារម្ភ​ដែរ តែ​ទន្ទឹមនេះ យើង​ក៏បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល ដើម្បី​ពិនិត្យ​លើ​លទ្ធភាព​នៃ​ការធ្វើ​កំណែរ​ទម្រង់​ទាំងឡាយ ក្នុង​គោលដៅ​លើក​កំពស់​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ដើម្បី​បញ្ចៀស​ផលប៉ះពាល់​នៃ​បញ្ហា​នេះ​”​។​

​ទាក់ទិន​នឹង​រឿង​ខាងលើ ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់ថា ក្រសួង​បាន​លុបចោល​នូវ​ការយក​កម្រៃ​សម្រាប់​គ្រប់គ្រង​ការនាំចេញ មិន​តម្រូវ​ឲ្យ​បង់ក​ម្រៃ​និង​សុំ​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ និង​បាន​រំកិល​ទីតាំង​ឈរជើង​របស់​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល ដែល​កិច្ចការ​ទាំងអស់នេះ​តម្រូវ​ឲ្យ​រដ្ឋ​ទទួលបន្ទុក​ពី​ការខាតបង់​ចំណូល​រាប់សិប​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​។ តាម​ការណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បណ្តា​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​បន្តធ្វើ​កំណែទម្រង់​សំដៅ​បង្កើន​ភាព​ប្រកួតប្រជែង​នៃ​ផលិតផល​កម្ពុជា និង​ពង្រឹង​ឯករាជ្យភាព​ផ្នែក​សេដ្ឋកិច្ច​៕ ល​