សហប្រជាជាតិ​ជួប​វិបត្តិ​ថវិកា ដោយ​អាច​បើក​ប្រាក់ខែ​ឱ្យ​បុគ្គលិក​បាន​ត្រឹម​ខែវិច្ឆិកា

204
ចែករម្លែក

​បន្ទាប់​ពី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក​អង់​តូ​ញ៉ូ ហ្គូ​តែ​រ៉េស បាន​ព្រមាន​អំពី​កង្វះខាត​លុយ​បើក​ប្រាក់ខែ​កាលពី​សប្តាហ៍​មុន​នោះ អ្នកនាំពាក្យ​អង្គការ​សហ​ប្រ​​ជា​ជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​ខែ​តុលា​ថា​អង្គការសហប្រជាជាតិ​បាន​ទទួលបាន​ប្រាក់​ពី​ប្រទេស​មួយចំនួន​ដើម្បី​អាច​បើក​ប្រាក់ខែ​ដល់​បុគ្គលិក​របស់​ខ្លួន​​នៅ​ខែ​ក្រោយ​នេះ​។​

​លោក​ហ្វា​រ៉ាម ហាក់ អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​នេះ​មិន​បាន​និយាយថា​តើ​ប្រទេស​ណាខ្លះ​បាន​បង់​លុយ​ឬ​ចំនួន​ប៉ុន្មាន​សំរាប់​អង្គការ​ពិភពលោក​នោះ​ទេ ។​

​លោក បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា “​យើង​កំពុង​ទទួលបាន​ប្រាក់​ខ្លះ​ហើយ​នៅ​ដំណាក់កាល​នេះ​ការរំពឹងទុក​របស់​យើង​គឺ​ថា​យើង​នឹង​អាច​បើក​ប្រាក់ខែ​ឱ្យ​បុគ្គលិក​​បាន​សម្រាប់​ខែ​វិច្ឆិកា ហើយ​បន្ទាប់ពីនោះ​មក យើង​នឹង​រក​មើល​ច្រក​ចេញ​តាម​លទ្ធភាព​បន្ថែមទៀត​។​

​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ប្រាក់​សរុប​ដែល​ត្រូវ​បង់​ឱ្យ​គឺមាន​ចំនួន​១,៣៨៥ ពាន់​លាន​ដុល្លារ ដែល​ក្នុងនោះ ៨៦០​លាន​ដុល្លារ គឺ​សម្រាប់​ថវិកា​​ចំណាយ​ជា​ធម្មតា​ដែល​ត្រូវការ​ចំនួន​២,៨៥​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ ២០១៩ សម្រាប់​ការងារ រួមមាន​កិច្ចការ​នយោបាយ​មនុស្ស​ធម៌ ការដកហូត​និង​លុប​បាត់​អាវុធ កិច្ចការ​សេដ្ឋ​​កិច្ច​និង​សង្គម និង​គមនាគមន៍​។​

​ក្រុមមន្ត្រី​អង្គការសហប្រជាជាតិ​បាន​និយាយថា ប្រទេស​ចំនួន​៧ តំណាង​អោយ​ទឹកប្រាក់​បរិច្ចាគ​ស្មើនឹង​៩៧ ភាគរយ​នៃ​ទឹកប្រាក់​១,៣៨៥​ពាន់​លាន​ដុល្លារ​ដែល​មិន​ទាន់​បង់​ឱ្យ​ គឺ​មាន​ប្រទេស សហរដ្ឋ​អាម៉េរិក ប្រេ​ស៊ីល អា​ហ្សង់​ទីន ម៉ិក​ស៊ិក អ៊ីរ៉ង់ អ៊ីស្រាអែល​និ ង​វេ​ណេ​ស៊ុយអេ​ឡា ខណៈ​ដែល​ប្រទេស​ចំនួន​៥៨ ផ្សេង​ទៀត​បង់​ប្រាក់​ដែល​នៅ​សល់​ពី​នោះ​។​

​សហរដ្ឋ​អាម៉េរិក ដែលជា​អ្នក​បរិច្ចាគ​ប្រាក់​ច្រើន​ជាង​គេ​បំផុត​របស់​អង្គការសហប្រជាជាតិ​នេះ​គឺ​ទទួលខុសត្រូវ ២២ ភាគរយ​នៃ​ថវិកា​ចំណាយ​ធម្មតា​ទាំងនេះ​។ រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ីន​​តោន​នៅ​ជំពាក់​ថវិកា​៣៨១ លាន​ដុល្លារ​សម្រាប់​ថវិកា​ចំ​ណ​យ​ធម្មតា​កាលពីមុន​និង ៦៧៤ លាន​ដុល្លារ​សម្រាប់​ថវិកា​ចំណាយ​ធម្មតា សម្រាប់​ឆ្នាំ ២០១៩ ៕​ដោយ​៖​សុខា​/sn

លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ កំពុង​ឈឺ​ក្បាល​ដោយសារ​ខ្វះ​លុយ​ចំណាយ សូម្បូ​តែ​បើក​ប្រាក់ខែ​អោយ​បុគ្គលិក