សហប្រជាជាតិ​អំពាវនាវ​អោយ​អត់ធ្មត់ ដើម្បី​កុំអោយ​ជម្លោះ​មជ្ឈិមបូព៌ា​រីក​រាលដាល​បន្ទាប់ពី​អ៊ីស្រាអែល​បាញ់​កាំជ្រួច​៧០​ដើម​នៅ​ស៊ី​រី​

3248
ចែករម្លែក

អគ្គលេខាអង្គការសហប្រជាជាតិលោក អង់តូញ៉ូ ហ្គូទឺរេស កំពុងអំពាវនាវអោយ”បញ្ឈប់អំពើអរិភាពទាំងអស់ជាបន្ទាន់” និងអំពើបង្ករឿងដើម្បីបញ្ចៀស”ចលាចលថ្មីមួយនៅមជ្ឈិមបូព៌ា។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ បានប្រាប់អ្នកយកព័ត៌មានថា កងកម្លាំងថែរក្សសន្តិភាពរបស់អង្គការសហប្រជាតិនៅតំបន់ខ្ពង់រាបហ្គោឡង់ហាយ បានរក្សាការទាក់ទងជាមួយយោធាស៊ីរីនិងអ៊ីស្រាអែល ដោយអំពាវនាវអោយភាគីទាំង២ធ្វើការអត់ធ្មត់ជាអតិបរមា និងគោរពកិច្ចព្រមព្រៀងឈប់បាញ់ឆ្នាំ១៩៧៤។

ក្នុងពេលជាមួយគ្នា នាយករដ្ឋមន្រ្តីអ៊ីស្រាអែលនិយាយថា ការវាយប្រហារលើទីតាំងយោធាអ៊ីរ៉ង់នៅក្នុងទឹកដីស៊ីរី ជាការបញ្ជូនសារច្បាស់មួយទៅកាន់ប្រធានាធិបតីស៊ីរីលោកបាសសា អាសាត ថាកុំវាយប្រហារអ៊ីស្រាអែល។

អាមេរិកនិងប្រទេសអឺរ៉ុបរួមទាំងអារ៉ាបខ្លះបានគាំទ្រចំណាត់ការតតបរបស់អ៊ីស្រាអែលនិងថ្កោលទោសការបាញ់រ៉ុក្កែតចូលតំបន់ហ្គោឡង់ហាយកាលពីចុងសប្តាហ៍តែរុស្ស៊ីនិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលលើទីតាំងអ៊ីរ៉ង់នៅស៊ីរី កត់សំគាល់ការវិវត្តន៍កាន់តែគ្រោះថ្នាក់ ដោយទទូចអោយទាំងអ៊ីស្រាអែលនិងអ៊ីរ៉ង់ជៀស
វាងការបង្ករឿងដាក់គ្នា។

រដ្ឋមន្រ្តីការបរទេស សឺហ្កេ ឡាវរ៉ូវ បាននិយាយថា រដ្ឋាភិបាលក្រុងមូស្គូ មើលឃើញការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ជា”ការវិវត្តន៍គួរប្រកាសអាសន្ន”មួយ។

អ៊ីស្រាអែលបានវាយប្រហារទីតាំងអ៊ីរ៉ង់ជាងដប់កាលពីម្សិលមិញ ជាការឆ្លើយតបនឹងការវាយប្រហារដោយរ៉ុក្កែតលើទីតាំងអ៊ីស្រាអែលនៅហ្គោឡង់ហាយ ជាការវាយប្រហារធំបំផុតនៅស៊ីរីចាប់តាំងពីសង្រ្គាមឆ្នាំ១៩៧៣។

យោធាស៊ីរីនិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលកាលពីយប់មិញសម្លាប់មនុស្ស៣នាក់ របួស២នាក់និងបំផ្លាញស្ថានីយរ៉ាដាមួយ ឃ្លាំងគ្រាប់មួយនិងបំផ្លាញទីតាំងការពារដែនអាកាសមួយចំនួន។តែក្រុមតាមដានសង្រ្គាមស៊ីរីមួយដែលលម្អៀងទៅលោកខាងលិច និយាយថា ការវាយប្រហាររបស់អ៊ីស្រាអេលបានសម្លាប់យុទ្ធជនគាំទ្ររដ្ឋាភិ​បាល​​ចំនួន២៣នាក់ រួមមានទាហានស៊ីរី៥នាក់។

ជុំវិញការវាយប្រហារនេះដែរ យោធារុស្ស៊ីនិយាយថា អ៊ីស្រាអែលបានបាញ់កាំជ្រួចជាង៧០ដើមដាក់ទីតាំងអ៊ីរ៉ង់នៅស៊ីរី និងថាកងការពារអាកាសស៊ីរីបានបាញ់ទម្លាក់ពាក់កណ្តាលនៃចំនួននេះ។ក្រសួងការពារជាតិរុស្ស៊ីក៏បាននិយាយថា យន្តហោះF-15 និង F-16របស់អ៊ីស្រាអែលបានបាញ់កាំជ្រួចពីអាកាសមកដីប្រមាណ៦០ដើម
ក្នុងអំឡុងពេលវាយប្រហារ២ម៉ោងកាលពីដើមថ្ងៃព្រហស្បតិ៍។អ៊ីស្រាអែលក៏បានបាញ់កាំជ្រួចពីអាកាសទៅអាកាសចំនួន១០ដើមផងដែរ៕ដោយ៖វាសនា

រុស្ស៊ីអះអាងថា កាំជ្រួចអ៊ីស្រាអែលពាក់កណ្តាលត្រូវបានបាញ់ទម្លាក់មុនធ្លាក់ចំគោលដៅ

#