សហប្រជាជាតិ​៖ ពន្ធ​របស់​ត្រាំ​បណ្តាល​អោយ​ចិន​ខាតបង់​៣៥​ពាន់​លាន និង​ប៉ះពាល់​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​

3128
ចែករម្លែក

​ការសិក្សា​មួយ​របស់​អង្គការសហប្រជាជាតិ​មួយ​បាន​បង្ហាញ​កាលពី​ថ្ងៃ​អង្គារ​ទី​៥​វិច្ឆិកា​ថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​កំពូល​ទាំង​២​ក្នុង​លោក​បាន​កាត់បន្ថយ​នី​ហរ​ណ​របស់​ចិន​ដល់​ទៅ​​ជាង​១​ភាគ​៤ ឬ​ស្មើនឹង​៣៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​នៅ​ឆមាស​ទី​១​នៃ​ឆ្នាំ​នេះ ហើយ​រុញ​អោយ​ទំនិញ​ឡើងថ្លៃ​សំរាប់​អ្នកប្រើប្រាស់​អាម៉េរិក​។​

​សូមបញ្ជាក់​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​វ៉ាស៊ីនតោន​បាន​ជាប់​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​មួយ​អស់​ពេល​១៦​ខែ​មក​ហើយ ទោះជា​យ៉ាងណា​នៅពេលនេះ​មាន​សង្ឃឹម​អំពី​កិច្ចព្រមព្រៀង​ដំណាក់កាល​ដំបូង​មួយ​​ចេញពី​ការចរចា​របស់​មន្ត្រី​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​។​

​តែ​បើ​មិន​មាន​ការសំរេច​កិច្ចព្រមព្រៀង​ទេ ទំនិញ​ចិន​នាំចូល​អាម៉េរិក​ស្ទើរ​ទាំងស្រុង តំលៃ​ប្រមាណ​៥០០​ពាន់​លាន អាច​ប៉ះពាល់​ពី​ការដំឡើង​ពន្ធ​របស់​អាម៉េរិក​។​

​បើ​តាម​ការសិក្សា​របស់​អង្គការ​UNCTAD ទំនិញ​ចិន​ដែល​នៅ​ក្រោម​ការ​វាយ​ពន្ធ​ពិន័យ​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​មក​នៅត្រឹម​៩៥​ពាន់​លាន​ដុល្លារ​រវាង​ខែមករា​និង​មិថុនា​ដោយ​ចុះ​ពី​ចំនួន​១៣០​ពាន់​លាន​ក្នុងអំឡុងពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៨​។​

​របាយការណ៍​បាន​និយាយថា​« ជា​សរុប លទ្ធផល​នេះ​បង្ហាញថា ពន្ធ​របស់​អាម៉េរិក​លើ​ទំនិញ​ចិន ប៉ះពាល់​ប្រទេស​ទាំង​ពីរ​ខាង​សេដ្ឋកិច្ច​។​ការខាតបង់​របស់​អាម៉េរិក​ទាក់ទង​នឹង​ថ្លៃ​ចំណាយ​ខ្ពស់​ឡើង​របស់​​អ្នកប្រើប្រាស់ នៅពេល​ការខាតបង់​របស់​ចិន​ពាក់ព័ន្ធ​នឹង​ការធ្លាក់​ចុះ​ការនាំចេញ​ដ៏​ធំ​សម្បើម​»​។​

​អ្នកនិពន្ធ​របាយការណ៍​លោក អា​ឡេស​សាន់​ដ្រូ នី​ស៊ី​តា ដែល​ជា​អ្នកសេដ្ឋកិច្ច​ប្រចាំ​UNCTAD​បាន​និយាយថា «​ក្នុង​អំឡុង​ពេល​នេះ បណ្តា​ក្រុមហ៊ុន​ចិន​រង​ផល​ពី​ការយកពន្ធ​អាម៉េរិក​ដោយ​ការនាំចេញ​​ធ្លាក់ចុះ​៨​ភាគរយ​នៅ​ត្រីមាស​ទី​២​នៃ​ឆ្នាំ​២០១៩ តែ​សល់​១៧​ភាគរយ​ទៀត​ធ្លាក់​លើ​ស្មា​អ្នកប្រើប្រាស់​អាម៉េរិក​»​។​

​វិស័យ​រងគ្រោះ​ខ្លាំង​ជាង​គេ​ពី​ការ​វាយ​ពន្ធ​ពិន័យ​អាម៉េរិក គឺ​គ្រឿង​ម៉ាស៊ីន​ការិយាល័យ​និង​ឧបករណ៍​ទូរគមនាគមន៍​ចិន ដែល​ការនាំចេញ​របស់​វា​ទៅកាន់​អាម៉េរិក​ធ្លាក់ចុះ​អស់​១៥​ពាន់​លាន​ដុល្លារ​។​

​ការសិក្សា​បាន​និយាយទៀតថា ក្នុងពេល​ជាមួយគ្នា ប្រទេស​និង​ទឹក​ដី​ផ្សេងៗ​បាន​ខិតខំ​បំពេញ​ចន្លោះប្រហោង​បន្សល់​ទុក​ដោយ​ចិន ពោលគឺ​កោះ​តៃវ៉ាន់​ជា​អ្នកទទួលផល​ធំជាងគេ ដោយ​បាន​នាំ​ចេញ​​បន្ថែម​ចំនួន​៤,២​ពាន់​លាន​ដុល្លារ​ទៅ​កាន់​សហរដ្ឋ​អាម៉េរិក​នៅ​ឆមាស​ទី​១​នៃ​ឆ្នាំ​នេះ​។​ទំនិញ​របស់​តៃវ៉ាន់​ភាគច្រើន​ជា​គ្រឿង​បរិក្ខា​ការិយាល័យ​និង​ទូរគមនាគមន៍​។​

​ម៉ិក​ស៊ិចក៏​បង្កើន​នីហរណ​ទៅកាន់​អាម៉េរិក​ចំនួន​៣,៥​ពាន់​លាន ភាគច្រើន​ជា​កសិផល​និង​គ្រឿង​បរិក្ខា​គមនាគមន៍​និង​គ្រឿងអគ្គិសនី​។​

​សហភាព​អឺរ៉ុប​បង្កើនបាន​២,៧​ពាន់​លាន ភាគ​ច្រើន​គ្រឿង​ម៉ាស៊ីន​។​

​របាយការណ៍​មិនបាន​និយាយ​អំពី​ផល​ប៉ះពាល់​ពី​ការយកពន្ធ​របស់​ចិន​លើ​ទំនិញ​អាម៉េរិក​នាំចូល​ចិន​ទេ ដោយសារ​មិន​មាន​ទិន្ន័យ​៕​ដោយ​៖​វាសនា​

ចិន​និង​អាម៉េរិក​ត្រូវ​រំពឹងថា​នឹង​បាន​ធូរស្រាល​ខ្លះ​ពី​ជម្លោះ​ពាណិជ្ជកម្ម ចំ​ពេល​មាន​ព័ត៌មាន​ថា​មេដឹកនាំ​នៃ​ប្រទេស​ទាំង​២ ត្រៀម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ដំបូង​មួយ​ក្នុង​​ពេល​ឆាប់ៗ​