សហព័ន្ធ​កីឡា​ជាតិ ១៨ ត្រៀម​បញ្ជូន​អត្ត​ព​លិ​ក ទៅធ្វើ​ការហ្វឹកហាត់ ក្រៅប្រទេស​

768
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​អូ​ឡា​ពិ​ក បាន​បើក​កិច្ចប្រជុំ ជាមួយ​សហព័ន្ធ​កីឡា​ជាតិ ចំនួន ១៨ ដែល​ត្រូវបញ្ជូន​កីឡាករ​-​កីឡាការិនី​របស់ខ្លួន ធ្វើការ​ហ្វឹកហាត់ ក្រៅប្រទេស ពង្រឹងសមត្ថភាព​បន្ថែមទៀត ត្រៀម​ព្រឹត្តិការណ៍ ការប្រកួត​កីឡា SEA GEAMS លើក​ទី​៣០ ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន ជាពិសេស ការប្រកួត​កីឡា SEA GEAMS លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដែលជា​ប្រធាន​អង្គប្រជុំ បាន​មានប្រសាសន៍ថា សហព័ន្ធ​កីឡា​ជាតិ ចំនួន ១៨ នេះ ត្រូវ​ត្រៀមខ្លួន ដើម្បី​បញ្ជូន​កីឡាករ កីឡាការិនី​របស់ខ្លួន ធ្វើការ​ហ្វឹកហាត់​ក្រៅប្រទេស ។ មួយចំនួនធំ ត្រូវបញ្ជូន​ហ្វឹកហាត់ នៅ​ប្រទេស​ចិន ប៉ុន្តែ​កីឡា​តេ​ក្វាន់​ដូ WT មិនអាច​ទៅ​ចិន​បានទេ គឺ​ទៅ​ប្រទេស​កូរ៉េខាងត្បូង វិញ​។​

​លោក​បាន​បន្តថា ចំពោះ​សហព័ន្ធ​កីឡា​ជាតិ​ណា ដែលមាន​គម្រោង ចេញទៅ​ចូលរួម ព្រឹត្តិការណ៍ ការប្រកួត​កីឡា​កម្រិត​អន្តរជាតិ រួមមាន ការប្រកួត​ថ្នាក់​តំបន់ ទ្វីប និង​ពិភពលោក ត្រូវ​ប្រាប់​គណៈកម្មការ​ស៊ី​ហ្គេម (CAMSOC) ឲ្យ​បាន​ដឹងផង​។​

​សហព័ន្ធ​កីឡា​ជាតិ ចំនួន ១៨ រួមមាន សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា សហព័ន្ធ​កីឡា កាយសម្ព័ន្ធ​កម្ពុជា សហព័ន្ធ​កីឡា​បាញ់ កាំភ្លើង​កម្ពុជា សហព័ន្ធ​កីឡា ទោចក្រយាន​កម្ពុជា ខេមរៈ​សហព័ន្ធ​កីឡា កា​រ៉ា​តេ ខេមរៈ​សហព័ន្ធ​កីឡា តេ​ក្វាន់​ដូ WT ខេមរៈ​សហព័ន្ធ កីឡា​យូ​ដូ សហព័ន្ធ​កីឡា សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា និង​សហព័ន្ធ​កីឡា បាល់ទាត់​កម្ពុជា​។​

​ក្នុងនោះ ក៏មាន​សហព័ន្ធ​កីឡា ជី​ជី​តស៊ូ​កម្ពុជា សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា សហព័ន្ធ​កីឡា​វាយ កូនគោល​កម្ពុជា សហព័ន្ធ​កីឡាប្រដាល់ សកល​កម្ពុជា សហព័ន្ធ​កីឡា ហុកគ្រី​កម្ពុជា សហព័ន្ធ​កីឡា អុកចត្រង្គ​កម្ពុជា សហព័ន្ធ​កីឡា ប្រដាល់​គុន​ខ្មែរ និង​សហព័ន្ធ​កីឡា ល្បុក្កតោ​កម្ពុជា​៕v