សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា បានទទួល​ស្គាល់​ពី​សហ​ព័ន្ធ​ពិភពលោក និង​អាស៊ី​

926
ចែករម្លែក
ទិដ្ឋភាព​សន្និសីទកាសែត និង​លោក​ថោង រដ្ឋ​សក្តិ (​រូប​៖ រ៉ូ​ហ្សា​)

​ភ្នំពេញ​: សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា បានធ្វើ​សន្និសីទកាសែត​មួយ នា​ព្រឹក​ថ្ងៃទី​២៦​កក្កដា ដើម្បី​ប្រកាស​ឲ្យ​ដឹងថា សហព័ន្ធ​ថ្មី​មួយ​នេះ ត្រូវបាន​ទទួលស្គាល់​ពី​សហព័ន្ធ​ពិភពលោក និង​សហព័ន្ធ​អាស៊ី​កាលពីពេល​ថ្មីៗ​នេះ​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា មានប្រសាសន៍​ឲ្យ​ដឹងថា សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា បាន​បង្កើតឡើង​នៅ​ថ្ងៃទី​១៧​សីហា​ឆ្នាំ​២០១៥​។ បន្ទាប់ពី​បានទទួល​ស្គា​ល់ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សហព័ន្ធ​មួយ​នេះ បានធ្វើ​សកម្មភាព​ជាច្រើន​។ វា​ជា​ប្រភេទ​កីឡា​អូឡាំពិក ដែល​កន្លងមក​កម្ពុជា ពុំ​ធ្លាប់បាន​បញ្ជូនទៅ​ប្រកួត នៅក្រៅ​ប្រទេស​នោះទេ​។​

​លោក​បន្តថា ប្រភេទ​កីឡា​នេះ ទាមទារ​នូវ​ធនធាន​ច្រើន និង​ទីកន្លែង​ហ្វឹកហាត់​មាន​ស្ដង់ដារ ពិសេស​សមុទ្រ​ដែលមាន​ខ្យល់ និង​ឆ្នេរ​ត្រឹមត្រូវ​។​

​លោក ថា​ង ហ្គោ​ដុន ដែលជា​សេដ្ឋី​សឹង្ហ​បូរី​សញ្ជាតិ​កម្ពុជា​មួយរូប គឺជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា គឺជា​ប្រធាន​សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា​។ លោក​គឺជា​អ្នកចេញ​ធនធាន​ផ្ទាល់ខ្លួន សម្រាប់​ហ្វឹកហាត់ និង​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​។​

​សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា សម្រិតសម្រាំង​បាន​កីឡាករ​ល្អ​ចំនួន ១០​រូប ដែល​ក្នុងនោះ​មាន ៣​រូប​ជាប់​ជា​កីឡា​ជម្រើសជាតិ ដែល​លេង​លេង ២​វិញ្ញាសា​។ កីឡាករ សូត្រ មេសា និង​កីឡាករ ហៀ​ង សុខ​ហេង ដែលមាន​អាយុ​១៥​ឆ្នាំ លេង​វិញ្ញាសា Windsurfing RS:One និង កីឡាករ​ឌុ​ច ព៊ុ​ន​ធឿន ដែលជា​នាវិក​ប្រចាំ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​មាន​អាយុ ៣៣​ឆ្នាំ​នោះ Laser​។​

​លោក ថោង រដ្ឋ​សក្តិ ដែលជា​អនុប្រធាន​សហព័ន្ធ​កីឡាករ​ទាំង​៣​រូបនេះ បាន​ចេញទៅ​ហ្វឹកហាត់​នៅ​ចិន និង​នៅ​ប្រទេស​ថៃ​។ មិនតែប៉ុណ្ណោះ ពួកគេ​បាន​ចេញទៅ​ប្រកួត​នៅ​ប្រទេស​ថៃ និង​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ 2017 RS:One World Championships និង Viet Nam Sailing Open 2017 ដោយ​ទទួលបាន​លទ្ធផល​មិនជា​អាក្រក់​នោះទេ​។​

​លោក​អនុប្រធាន​សហព័ន្ធ​បន្តថា ពេលនេះ​ឧបករណ៍​ហ្វឹកហាត់ គឺមាន​គ្រប់​គ្រាន់តែ​សហព័ន្ធ ជួប​ការលំបាក​កន្លែង​ហ្វឹកហាត់​បន្តិច​។ សម្រាប់​ស៊ី​ហ្គេម​លើក​ទី​២៩ ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី នា​ខែសីហា​ខាងមុខនេះ សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា នឹង​បញ្ជូន​កីឡាករ ៣​រូប ទៅ​ចូលរួម​ប្រកួត​លើ​វិញ្ញាសា Windsurfing RS:One និង វិញ្ញាសា Laser Radial៕ ដោយ៖ រ៉ូហ្សា