សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា បំពេញ​សមាជិក​ប្រតិបត្តិ មួយរូប និង​តែងតាំង​ទីប្រឹក្សា ជាន់ខ្ពស់​មួយរូប​

538
ចែករម្លែក
  • 6
    Shares

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា បានធ្វើ​មហាសន្និបាត ប្រចាំឆ្នាំ​របស់ខ្លួន នា​រសៀល​ថ្ងៃទី​២១ មីនា ដើម្បី​ពិនិត្យមើល ពី​របាយការណ៍​ការងា​រ ប្រចាំឆ្នាំ ២០១៨ និង របាយ​ការ​ហិរញ្ញវត្ថុ ឆ្នាំ​២០១៨ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក លី កុសល ប្រធាន​សហព័ន្ធ​កីឡា វាយ​សី​កម្ពុជា បាន​អញ្ជើញ​ចូលរួម ក្នុង​មហាសន្និបាត​នេះ ព្រមទាំង​មានការ​អញ្ជើញ ចូលរួម​ពី​សំណាក់​លោក ព្រំ ប៊ុណ្ណ​យី ទីប្រឹក្សា​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

ទិដ្ឋភាព​មហាសន្និបាត​សហព័ន្ធ​វាយ​សី

​ជាមួយនឹង​ការអនុម័ត លើ​របាយការណ៍​ឆ្នាំ​ចាស់ និង​របាយការណ៍ ចំណាយ​ចំណូល​ផង​នោះ សហព័ន្ធ បាន​បោះឆ្នោត​ជ្រើសរើស សមាជិក​ប្រតិបត្តិ បន្ថែម​មួយរូប​ទៀត ដោយសារតែ​លោក​វេជ្ជបណ្ឌិត ស្ដើង ជា ដែលជា​អគ្គលេខាធិការ បាន​លាឈប់ ព្រោះ​គ្មាន​ពេលវេលា​គ្រប់គ្រាន់ ។ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ ប៉ាង បានទទួល​ការគាំទ្រ ជា​សមាជិក​ប្រតិ​ប​ត្ត​ថ្មី ជំនួស​លោក​វេជ្ជបណ្ឌិត ស្ដើង ជា ដែល​សុំលាលែង ។

​ជាមួយគ្នានេះ សហព័ន្ធ ក៏បាន​តែងតាំង​លោក​ឧកញ៉ា អ៊ឹម​ភ័​ណ្ឌ សុផល ជាទី​ប្រឹក្សា​ជាន់ខ្ពស់ ។ ទីប្រឹក្សា​នេះ មាន​សិទ្ធិ​ដឹកនាំ​អង្គប្រជុំ ជំនួស​ប្រធាន​សហព័ន្ធ ក្នុងខណៈ​ដែលមាន​សិទ្ធិ​ប្រទាន ពី​ប្រធាន​សហព័ន្ធ ។ ទីប្រឹក្សា​ជាន់ខ្ពស់ មាន​ភារកិច្ច​គៀងគរ យក​ការឧបត្ថម្ភ ពីស​ប្បុ​សជន​នានា ដើម្បី​ជា​ផលប្រយោជន៍ របស់​សហព័ន្ធ ។​

ទិដ្ឋភាព​មហាសន្និបាត​សហព័ន្ធ​វាយ​សី

​តាមរយៈ របាយការណ៍​មហាសន្និបាត ក្នុង​ឆ្នាំ​២០១៨ កន្លងមក សហព័ន្ធ បានទទួល​ស្គាល់​ក្លិប ចំនួន​៣​ទៀត ជា​សមាជិក​ពេញសិទ្ធិ របស់​សហព័ន្ធ ។

ពេលនេះ សមាជិក​ពេញសិទ្ធិ ដែលជា​សមាជិក របស់​សហព័ន្ធ មាន​ចំនួន ៣១ សមាគម​-​ក្លិប ។ គិត​ត្រឹម​ឆ្នាំ​២០១៨ សហព័ន្ធ មាន​កីឡា​សរុប ចំនួន ៧៦០ នាក់ ក្នុងនោះ ៧៨ នាក់ ជា​កីឡាការិនី និង គ្រូបង្វឹក មាន​ចំនួន ៤៥ រូប ។​

​ចំពោះ​អាជ្ញាកណ្ដាល និង ចៅក្រម មាន​ចំនួន​៤៤​រូប ។ តារាង​វាយ​សី ដែល​បាន​ក្រាល​កៅស៊ូ​ហើយ នៅ​ទូទាំង​រាជធានី​-​ខេត្ត មាន​ចំនួន ៥៣ តារាង លើ​៥៦ តារាង ។​

​ទិសដៅ​សំខាន់ របស់​សហព័ន្ធ​នោះ គឺ​ប្រមូលផ្ដុំ​សិស្សសាលា ជុំវិញ​រាជធានី​ភ្នំពេញ ដែល​បានទទួល​សម្ភារ​វាយ​សី ពី​សហព័ន្ធ ឲ្យ​ចូលទៅ​ហាត់ នៅ​ក្លិប​ពហុ​កីឡដ្ឋាន​ជាតិ និង​ក្លិប​នានា នៅ​ជិត​សាលារៀន ។ ជម្រុញ​ការបណ្ដុះបណ្ដាល កីឡាករ​-​កីឡាការិនី វ័យក្មេង សម្រាប់​ជា​គ្រឹះ​បន្តវេន គឺជា​កត្តា​សំ​ខា​បន់​ពុំ​អាច​ខ្វះ​បាន ៕v

ទិដ្ឋភាព​មហាសន្និបាត​សហព័ន្ធ​វាយ​សី