សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​បំពេញបន្ថែម​សមាជិក​ប្រតិបត្តិ​ដែល​លាឈប់​

1070
ចែករម្លែក

​ដោយ​៖​រ៉ូ​ហ្សា / ភ្នំពេញ​៖ ពេញ​មួយ​ល្ងាច​ថ្ងៃទី​១៥​មីនា សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា បានធ្វើ​មហាសន្និបាត​ប្រចាំឆ្នាំ​របស់ខ្លួន ដែល​ក្នុងនោះ ក៏មាន​ការបោះ​ឆ្នោ​បំពេញ​សមាជិក​ប្រតិបត្តិ​ថ្មី​មួយរូប​ជា​ស្ត្រី ក្នុងខណៈដែល​សមាជិក​ប្រតិបត្តិ​មួយរូប បានប្រកាស​លាលែង​នោះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក លី កុសល ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា លោក ព្រំ ប៊ុណ្ណ​យី តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សមាជិក​ប្រតិបត្តិ​សហព័ន្ធ​។ តំណាង​ក្លិប​សមាគម​បាន​ចូលរួម​ក្នុង​មហាសន្និបាត សមាជិក​ចូលរួម​ចំនួន​៦៥​នាក់ ដែល​មកពី​តំណាង​ក្លិប​សមាគម​ចំនួន​១៩ មកពី​ទូទាំងប្រទេស​។​

​លោក អាំង សំបូរ ជា​សមាជិក​ប្រតិបត្តិ​ចាស់ និង​ជា​អគ្គលេខាធិការរង​សហព័ន្ធ​ផង​នោះ បានប្រកាស​លាលែង ហើយ​ត្រូវបាន​បោះឆ្នោត​ជ្រើស​កញ្ញា គីន សំណាង ជា​សមាជិក​ប្រតិបត្តិ​ថ្មី​ជំនួស​។ ជាមួយនេះ សហព័ន្ធ​ក៏​សម្រេចចិត្ត​ជ្រើសតាំង​កញ្ញា អ៊ុង វរ​ល័ក្ខណ៍​ទេវី ដែលជា​កីឡាការិនី​វាយ​សី​ជើងចាស់ និង​ជាម​ន្ត្រី​សហព័ន្ធ​កីឡា​វាយ​សី​ផង​នោះ ជា​ជំនួយការ​របស់​សហព័ន្ធ​។​

​សូមបញ្ជាក់ថា លោក​វេជ្ជបណ្ឌិត ស្ដើង ជា ដែលជា​អគ្គលេខាធិការ​របស់​ស​ហ​ព័ន្ធ ក៏បាន​សម្រេចចិត្ត​លាលែង​ពី​តំណែង​ដោយ​ស្ម័គ្រចិត្ត ឈរ​ជា​សមាជិក​ប្រតិបត្តិ​ធម្មតា ដោយសារតែ​ការងារ​របស់លោក​មមា​ញឹក​ពេក ព្រោះ​លោក​ជា​ប្រធាន​អនុគណៈ​កម្ម​វេជ្ជសាស្ត្រ​អម​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ទទួលបន្ទុក​ដូ​ពីង​ទៀត​នោះ លោក​មិន​អាចមាន​ពេលវេលា​គ្រប់គ្រាន់​។​

​លោក លី កុសល ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា បាន​មានប្រសាសន៍ថា ក្នុង​ឆ្នាំ​២០១៨ សហព័ន្ធ​មាន​ទិសដៅ​៥​ចំណុច​ធំ សម្រាប់​ព្រឹត្តិការណ៍​ក្រៅប្រទេស រួមមាន​គ្រោង​ប​ញ្ជូ​ល​មន្ត្រី​ចំនួន​២​នាក់​ចូលរួម​វគ្គ​សិក្សា​រដ្ឋបាល និង​ការរៀបចំ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា នៅ​ប្រទេស​ម៉ាឡេស៊ី ព្រមទាំង​ស្វែងរក​ដៃគូ​ឧបត្ថម្ភ ដើម្បី​បង្កើន​ការប្រកួត​មិត្តភាព​ក្នុង និង​ក្រៅប្រទេស និង​ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​សិស្ស​នៅ​ប្រទេស​អា​ហ្ស​ង់​ទីន​៕ L