សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា ចែក​សម្ភារ​សិក្សា ដល់​សិស្ស​នៃ​សាលា​ម្រុំ​ជើង​

165
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
លោក អ៊ូ រតនា អនុប្រធាន​ទី​១ សហព័ន្ធ​កីឡា វ៉ូ​វី​ណា​ម​កម្ពុជា កាលពី​ថ្ងៃទី​២៤ ខែសីហា កន្លងទៅ​ថ្មីៗ​នេះ បាន​ដឹកនាំ​ក្រុម​កីឡាករ កីឡា​ការ​នី ជម្រើសជាតិ​វ៉ូ​វី​ណា​ម​កម្ពុជា ទៅ​ចូលរួម​សម្តែង និង​ចែក​សម្ភារ​សិក្សា ដល់​សិស្សានុសិស្ស នៃ​សាលាបឋមសិក្សា ម្រុំ​ជើង (​ទី​រួម​ខេត្តកំពង់ស្ពឺ​) ដែលជា​អំណោយ​របស់ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា សប្បុរសជន និង​ក្រុម​អតីត​សិស្ស ដែល​ធ្លាប់​សិក្សា នៅ​ខេត្តកំពង់ស្ពឺ​។​

​លោក អ៊ូ រតនា ដែលជា​តំណាង​លោក​ឧ​ញ៉ា រ័ត្ន សុខន ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បាន​ចែកជូន​សម្ភារ ដល់​សិស្សានុសិស្ស នៃ​សាលាបឋមសិក្សា ម្រុំ​ជើង (​ទី​រួម​ខេត្តកំពង់ស្ពឺ​) ដូចជា​កង់ ឯកសណ្ឋាន ប័ណ្ណសរសើរ ដល់​សិស្ស​ពូកែ សិស្ស​ក្រីក្រ ដែលជា​អំណោយ​របស់ សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា សប្បុរសជន និង​ក្រុម​អតីត​សិស្ស​កំពង់ស្ពឺ និង​ជូន​ថវិកា ១​លាន​រៀល ដល់​សាលា​ទៀតផង​។​

​លោក​បាន​ឲ្យ​ដឹងថា អំណោយ​ទាំងនេះ ជា​របស់​ក្រុម​កីឡាករ កីឡាការិនី​វ៉ូ​វី​ណា​ម​កម្ពុជា ម្ចាស់​មេដាយមាស ប្រាក់ និង​សំរិទ្ធ នៃ​ព្រឹត្តិការណ៍​អន្តរជាតិ​នានា ក្រោយមក ក៏បាន​ជួយ​គាំទ្រ​ពី រដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​ដើម្បី​តបស្នង និង​ការចូល​រួមការ​អភិ​ឌ្ឍ​ប្រទេស និង​សង្គម ។ ពួកគេ​បាន​បរិច្ចាគ​ថវិកា ដែលជា​រង្វាន់ មេដាយ ផ្តល់ជូន​ដល់​អង្គការ​មនុស្សធម៌​វិញ​។​

​កន្លងមក ក្រុមកីឡា​វ៉ូ​វី​ណា​ម​កម្ពុជា នាំយក​ថវិកា ចំនួន ៥ លាន​រៀល ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ទ្រទ្រង់​ដល់​មន្ទីរពេទ្យ ក្នុងការ​ជួយសង្គ្រោះ ដល់​កុមារ​កម្ពុជា និង​លើក​នេះ ជា​លើក​ទី​២​ហើយ សម្រាប់​ក្រុមកីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​៕v

ការសំដែង​ និង​ ប្រគល់​សម្ភារ​សិក្សា​ដល់​សិស្ស​
#