សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ពិនិត្យមើល​ការជាប់​ពាក់ព័ន្ធ​របស់​អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច ជាមួយ​ក្រុមហ៊ុន​ភ្នាល់​

1447
ចែករម្លែក

​កីឡាករ ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច (Zlatan Ibrahimovic) អាចមាន​បញ្ហា​ជាមួយ​សហព័ន្ធ បាល់ទាត់ អង់គ្លេស ជុំវិញ​ការពាក់ព័ន្ធ​ជាមួយនឹង​ក្រុមហ៊ុន​ភ្នាល់​បាល់​។​
​ ​
​អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច ខ្សែប្រយុទ្ធ​របស់​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​រំពឹងថា នឹង​ជួយ​ឃោសនា​ឲ្យ​ក្រុមហ៊ុន BetHard ដែលមាន​បំណង​ចង់​ក្លាយជា​ក្រុមហ៊ុន​ភ្នាល់​នាំមុខគេ​នៅ​តំបន់​អឺរ៉ុប​។​
​ ​
​ប៉ុន្តែ​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ត្រៀម​ពិនិត្យមើល​ការជាប់​ពាក់ព័ន្ធ​របស់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច ដើម្បី​ឲ្យ​ដឹងថា តើ​ខ្សែប្រយុទ្ធ​វ័យ​៣៦​ឆ្នាំ​រូបនេះ​បាន​រំលោភច្បាប់​និង​បទបញ្ញត្តិ​ដ៏​តឹងរ៉ឹង​ទាក់ទិន នឹង​ការ​ភ្នា​ក់​នេះ​មែនឬ​យ៉ាងណា​។​
​ ​
​ប្រសិនបើ​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​រកឃើញថា អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច​ពិតជា​បាន​រំលោភ​លើ​លក្ខ​ខ​ន្តិ​កៈ របស់ខ្លួន​មែន​នោះ​កីឡាករ​សញ្ជាតិ​ស៊ុយអែត​រូបនេះ​ទំនងជា​ត្រូវ​ស្នើ​ឲ្យ​បញ្ចប់​សកម្មភាព​របស់​ខ្លួន ជាមួយ​ក្រុមហ៊ុន​នេះ បើ​មិន​ដូច្នេះ​ទេ ត្រូវ​ប្រឈម​នឹង​ទណ្ឌកម្ម​។​
​ ​
​កីឡាករ រួមទាំង​អ្នកចាត់ការ គ្រូបង្វឹក​មន្ត្រី​រៀបចំ​ការប្រកួត​និង​បុគ្គលិក​របស់​ក្លឹប​មិន​ត្រូវបាន អនុញ្ញាត ឲ្យ​ភ្នាល់​លើ​ការប្រកួត​ការ​ទិញដូរ​កីឡាករ ការតែងតាំង​គ្រូបង្វឹក ការជ្រើសរើស ក្រុម​ឬ​វិធានការ​វិន័យ​ផ្សេងៗ​ទេ​។​
​ ​
​ច្បាប់​នេះ​ក៏បាន​ហាមឃាត់​បុគ្គល​ផ្សេងៗ​មិន​ឲ្យ​ធ្វើ​ពាណិជ្ជកម្ម​ឬ​ឃោសនា​សកម្មភាព​ភ្នាល់ ណាមួយ​ដែល​ត្រូវបាន​ហាមឃាត់ ហើយ​ចំណុច​នេះ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច ប្រហែលជា​បាន​បំពាន​។​
​ច្បាប់​របស់​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ត្រូវបាន​រឹតត្បិត​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មិន​គ្រាន់តែ ដើម្បី​ទប់ស្កាត់​ការ​ភ្នាល់​លើ​ការប្រកួត​នោះទេ ប៉ុន្តែ​ការពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ភ្នាល់ ដែល​ឃោសនា​ល្បែងភ្នាល់​។​

​ចូ​អ៊ី បា​ធិ​ន (Joey Barton ) ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​លេង​បាល់ រហូតដល់​ថ្ងៃទី​១​ខែមិថុនា បន្ទាប់ពី​ភ្នាល់​ប្រាក់​លើ​ការប្រកួត​១.២៦០​លើក ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​កន្លងមកនេះ​។​

ទោះបីជា​យ៉ាងណា អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច មិនបាន​ដាក់​ភ្នាល់​ណាមួយ​ទេ សហព័ន្ធ​បាល់ទាត់​ទំនងជា ចង់​បញ្ជាក់​ពី​វិសាលភាព​នៃ​ការជាប់​ពាក់ព័ន្ធ ដើម្បី​ឲ្យ​ដឹងថា តើ​កីឡាករ​រូបនេះ​បាន​រំលោភ លក្ខខណ្ឌ​ណាមួយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច (Zlatan Ibrahimovic)