សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​នឹង​ស្វែងរក​ឱកាស​ភ្ជាប់​ទំនាក់ទំនង​បន្ថែមទៀត​ជាមួយ​ចិន​

103
ចែករម្លែក

​ការលេង​ក្របខ័ណ្ឌ Italian Super Cup ឬ Italian Cup វគ្គ​ផ្តាច់ព្រ័ត្រ​នៅក្នុង​ប្រទេស​ចិន​នឹង​ស្ថិត​ក្នុងចំណោម​សំណើ​ដែល​ត្រូវ​ពិភាក្សា នៅពេល​គណៈប្រតិភូ​មួយ​ទាក់ទង​ទៅនឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ស៊ី​ជីន​ពីង​ជួប​ជាមួយ​សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​នៅ​ថ្ងៃអាទិត្យ​ទី​២៤​មីនា​។​

​កិច្ចប្រជុំ​ជាមួយនឹង​ប្រធាន​ក្រុមហ៊ុន China Media Group លោក​សេន សៃ​ស៊័​ង ក៏​នឹង​ផ្តោតទៅលើ​មាតិកា​ទូរទស្សន៍ ការសហការ​លើ​ការអភិវឌ្ឍ​កីឡាករ​វ័យ​ក្មេង​របស់​ចិន​នៅក្នុង​ប្រទេស​អ៊ីតាលី និង​ការណែនាំ​សម្រាប់​ការប្រើ​អាជ្ញាកណ្តាល​ជំនួយការ​វីដេអូ (VAR)​។​

​សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​សង្ឃឹមថានឹង​លេង​ការប្រកួត​នៅ​ប្រទេស​ចិន​ក្នុង​រយៈពេល​បី​ឆ្នាំ​ខាងមុខ​, នេះ​បើ​យោងតាម​របៀបវារៈ​កិច្ចប្រជុំ​ដែល​បាន​សង្កេតឃើញ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន The Associated Press កាលពី​ថ្ងៃ​សុក្រ​ទី​២២​មីនា បើទោះបីជា​សហព័ន្ធ​បាន​និយាយថា ការលើក​ក្របខ័ណ្ឌ Serie A ទៅ​ប្រទេស​ចិន​គឺ​មិន​ស្ថិតក្នុង​ការពិចារណា​ក៏ដោយ​។​

​វា​ក៏​អាច​នឹងមាន​ការប្រកួត​មិត្តភាព​រវាង​ក្រុម​ជម្រើសជាតិ​ទាំងពីរ និង​វគ្គ​សិក្សា​សម្រាប់​គ្រូបង្វឹក​ចិន​ផងដែរ​។​

​មាន​ទំនាក់ទំនង​បាល់ទាត់​ដ៏​រឹងមាំ​រួចទៅហើយ​រវាង​ប្រទេស​ទាំងពីរ ជាមួយ​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​លោក​ហ្វា​ប៊ី​អូ កា​ណា​វ៉ា​រ៉ូ ទើបតែ​ចូល​ជំនួស​តំណែង​អតីត​គ្រូបង្វឹក​អ៊ីតាលី​លោក​ម៉ា​សេ​ឡូ លី​ប​ពី ជា​គ្រូបង្វឹក​ជម្រើស​ជាតិចិន​។​

​ការប្រកួត​ដំបូង​របស់លោក​កា​ណា​វ៉ា​រ៉ូ​គឺ​ចាញ់​ថៃ​១-០​ក្នុងការ​ប្រកួត​បើកឆាក​នៃ​ការប្រកួត​ដណ្តើមពាន​រង្វាន់ China Cup ដែលមាន​៤​ប្រទេស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​ចិន​ស៊ី​ជីន​ពីង​ចាប់ដៃ​ជាមួយ​ប្រធានាធិបតី​អ៊ីតាលី​លោក​សឺ​ជី​អូ ម៉ា​តា​រ៉េ​ឡា​ក្នុង​ទីក្រុង​រ៉ូម​កាលពី​ថ្ងៃទី​២២​មីនាឆ្នាំ​២០១៩