សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ ប្រកាស​រុះរើ​មន្ត្រី​បច្ចេកទេស តាម​ស្ថានីយ៍ទូរទស្សន៍ ឡើងវិញ​

380
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ បាន​ជួបប្រជុំ​ជាមួយ ស្ថានីយ៍ទូរទស្សន៍ ចំនួន ៥ ដែលមាន​សង្វៀន​ប្រដាល់ ពេញ​មួយ​ព្រឹក ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩ នា​សាលប្រជុំ​មជ្ឈមណ្ឌល​ជាតិ ហ្វឹកហ្វឺន និង​កីឡា ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ ជា​អ្នកដឹកនាំ អង្គប្រជុំ​នេះ ។ ស្ថានីយ៍ទូរទស្សន៍​ទាំង ៥ នោះ មាន​ក្រុមហ៊ុន CBS ដែល​គ្រប់គ្រង​ស្ថានីយ៍ទូរទស្សន៍ ចំនួន​៣ គឺ CTN-CNC និង MYTV ទូរទស្សន៍​បាយ័ន ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ និង ទូរទស្សន៍ PNN ដែល​កំពុងតែ​ឮថា ត្រៀម​នឹង​រៀបចំ​ឲ្យ​មាន ប្រដាល់​ឡើងវិញ បន្ទាប់ពី​ម្ដង​មាន ម្ដង​អត់​មក​នោះ ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន អរគុណ​ដល់​ទូរទស្សន៍​ទាំង ៥ ស្ថានីយ៍​នេះ ដែល​ខិតខំ​ស្វែងរក​ការឧបត្ថម្ភ ដើម្បី​បង្កើត​កម្មវិធី​ប្រដាល់ ធ្វើ​ឲ្យ​មន្ត្រី​បច្ចេកទេស និង​កីឡាករ – កីឡាការិនី​ប្រដាល់ មានការ​ផ្លាស់ប្ដូរ​ជីវភាព ។ ជាមួយនឹង​ការថ្លែងអំណរគុណ ប្រមុខ​ប្រដាល់​គុន​ខ្មែរ ប្រកាស​រុះរើ​មន្ត្រី​បច្ចេកទេស តាម​ស្ថានីយ៍ទូរទស្សន៍​ទាំងអស់ ។ មេ​ប្រដាល់​រូបនេះ បានទាមទារ​កុំ​ឲ្យ​ស្ថានីយ៍​នានា អន្តរាគមន៍ ដើម្បី​ទុក​អ្នកនេះ ឬ​ទុក​អ្នកនោះ​ឲ្យ​សោះ ។ មន្ត្រី​បច្ចេកទេស​សហព័ន្ធ នឹងដាក់​ពិន័យ ទៅតាម​ការកំណត់ របស់​សហព័ន្ធ ។ ហេតុនេះ​សូម​ទូរទស្សន៍ កុំ​អន្តរាគមន៍ ចំពោះ​អ្នកមាន​កំហុស​។​

​លោក​បាន​អះអាងថា សហព័ន្ធ​ប្រដាល់ ចេញដំណើរ​ដំបូង មានការ​លំបាក​ណាស់ មន្ត្រី​បច្ចេកទេស ភាគច្រើន អក្សរ​ខ្មែរ ចេះ​ត្រឹមតែ​សរសេរ ឈ្មោះ​ខ្លួនឯង​ប៉ុណ្ណោះ ហើយ​ក្លិប និង​អ្នក​ប្រដាល់ ក៏​មិនមាន​ច្រើន​ដែរ ។ តែ​ពេលនេះ ទាំង​ធនធាន​មន្ត្រី​បច្ចេកទេស ទាំង​កីឡាករ គឺមាន​អាច​ថា គ្រាន់បើ​ដែរ​ហើយៗ ប្រដាល់​គុន​ខ្មែរ ថែមទាំង​មាន​សមត្ថភាព ដណ្ដើម​មេដាយមាស ប្រាក់ និង​សំរិទ្ធ ពី​ស៊ី​ហ្គេម មកទៀត​ផង ។ សហព័ន្ធ នឹង​បណ្ដុះបណ្ដាល មន្ត្រី​បច្ចេកទេស ដែល​បានបញ្ចប់​បរិញ្ញាប័ត្រ ឲ្យ​បាន​យ៉ាងហោចណាស់ ១៥ រូប​បន្ថែមទៀត ។ សហព័ន្ធ ក៏​មិន​បោះបង់ចោល អ្នក​ចាស់​ដែរ គឺ​ពង្រឹង​ចាស់ ពង្រីក​ថ្មី ដើម្បី​ឲ្យ​សហព័ន្ធ កាន់តែ​រឹងមាំ ។​

ទិដ្ឋភាព​ប្រជុំ​ជាមួយ តំណាង​ទូរទស្សន៍ ទាំង ៥

​លោក​ប្រធាន​សហព័ន្ធ បាន​សុំ​ឲ្យ​ទូរទស្សន៍ ពិនិត្យ​តម្លៃ​ពលកម្ម របស់​មន្ត្រី​បច្ចេកទេស ឡើងវិញ ប្រសិនបើ​អាច​នោះ ។ លោក ក៏បាន​ប្រកាស​ដែរ​ថា ក្នុងឆ្នាំនេះ លោក​នឹង​រៀបចំ​ឲ្យ​មាន វគ្គ​ក្រមសីលធម៌ និង​បណ្ដុះបណ្ដាល បច្ចេកទេស ឲ្យ​បាន​ពី ២ ទៅ ៣ វគ្គ​បន្ថែមទៀត ។​

​ពាក់ព័ន្ធ​ជាមួយ អ្នក​ប្រដាល់​បរទេស ដែល​ស្ថានីយ៍ ជា​អ្នក​នាំមក​ប្រកួត នៅ​ស្រុក​ខ្មែរ​នោះ ត្រូវ​ពិនិត្យមើល រាល់​លិខិតស្នាម​ឲ្យ​ច្បាស់ ពិសេស​លិខិតឆ្លងដែន ដើម្បី​ឲ្យ​ដឹងថា គេ​ជា​ជនជាតិ​អ្វី មកពី​ទីណា ពិតប្រាកដ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ វ៉ា ស៊ិន​ភិរម្យ ដែលជា​អនុប្រធាន​សហព័ន្ធ​នោះ ក៏បាន​សំណូមពរ ឲ្យ​ទូរទស្សន៍ និង​សហព័ន្ធ ធ្វើការ​ជាមួយគ្នា ដោយ​បេះដូង និង អធ្យាស្រ័យ ចំពោះ​គ្នា​ទៅវិញទៅមក ។ លោក​ហេង សុឃន ដែលជា​អនុប្រធាន​សហព័ន្ធ​ដែរនោះ ក៏បាន​សំណូមពរ ឲ្យ​ស្ថានីយ៍​ទាំង ៥ ផ្ដល់ឱកាស​ឲ្យ​កីឡាករ វ័យក្មេង បាន​ចូលរួម​ប្រកួត​ផង ព្រោះ​ពួកគេ គឺជា​ថ្នាល​បន្តវេន​ដ៏​ល្អ សម្រាប់​ថ្ងៃ​អា​នាគ​ត ៕v