សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ ប្រាប់​ទូរទស្សន៍​ទាំងអស់ ឱ្យ​សម្រាក​មួយ​សប្ដាហ៍ មុនពេល​ប្រកួត​ជើងឯក​

189
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ របស់លោក​ឩ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន បានកំណត់​ពី​កាលបរិច្ឆេទ ដើម្បី​ប្រកួត​ដណ្ដើម​ជើងឯក​ជាតិ ឆ្នាំ​២០១៩ ហើយ​។​

​ជាមួយនឹង​ពេលវេលា នៃ​ការប្រកួត​ជើងឯក​ជាតិ ជិត​ចូល​មកដល់​នោះ នៅ​ព្រឹក​ថ្ងៃទី​២៧ សីហា សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ បាន​ជួប​ជាមួយ​តំណាង ទូរទស្សន៍​ទាំង​៥​គឺ ស៊ី​អិន​ស៊ី បាយ័ន ភី​អិន​អិន អាស៊ីអាគ្នេយ៍ និង​ទូរទស្សន៍​កងយោធពល​ខេមរភូមិន្ទ បាន​ជួបគ្នា ដើម្បី​សុំ​ផ្អាក​ការប្រកួត មួយ​សប្ដាហ៍ នៅ​គ្រប់​ស្ថានីយ៍ទូរទស្សន៍​នានា ដើម្បី​ទុក​ឱកាស​សម្រាប់​អ្នក​ប្រដាល់ បាន​សម្រាក ដើម្បី​ត្រៀមខ្លួន​ប្រកួត​ជើងឯក​។​

​នៅក្នុង​សេចក្ដីជូនដំណឹង ស្ដីពី​ការប្រកួត​នោះ បាន​បញ្ជាក់ថា ការប្រកួត នឹង​ចាប់ផ្ដើម ពីថ្ងៃ​ទី​៧ ដល់ទី​១១ ខែតុលា ដែល​នេះ​ជាការ​ប្រកួត ដោយ​ប្រើប្រាស់​ថវិកា ក្រសួង​អប់រំ យុវជន និង កីឡា ។​

​លោក​ឩ​ត្ត​ម​សេនីយ៍​ទោ វ៉ា​ស៊ិន​ភិរម្យ ដែលជា​អនុប្រធាន​ទី​១ សហព័ន្ធ បាន​បញ្ជាក់ថា សម្រាប់​ការប្រកួត​ជើងឯក​នេះ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ បានទទួល​សិទ្ធ​ផ្សាយ​បន្ត​ផ្ទាល់ តែ​លោក​ក៏​សុំ​ឲ្យ​ទូរទស្សន៍​ដទៃទៀត ជួយ​គាំទ្រ​ផង ។​

​លោក ហេង សុឃន ដែលជា​អនុប្រធាន សហព័ន្ធ​ដែរនោះ បាន​បញ្ជាក់ថា នេះ​ជាការ​ប្រកួត​ជើងឯក​ជាតិ ហេតុនេះ ទូរទស្សន៍​នានា អាច​ចូលរួម​ជួយ ផ្សព្វផ្សាយ បាន​ដោយ​គ្មាន​បញ្ហា ។​

ទិដ្ឋភាព​ប្រជុំ​

​ការប្រកួត សម្រាប់​បុរស មាន ៨ ប្រភេទ​ទម្ងន់​គឺ ទម្ងន់ ៤៨​គីឡូក្រាម ៥១​គីឡូក្រាម ៥៤​គីឡូក្រាម ៥៧​គីឡូក្រាម ៦០​គីឡូក្រាម ៦៣,៥០​គីឡូក្រាម ៦៧​គីឡូក្រាម និង ៧១​គីឡូក្រាម ។ ចំពោះ​នារី​វិញ មាន ៦ ប្រភេទ​ទម្ងន់​គឺ ៤៨​គីឡូក្រាម ៥១​គីឡូក្រាម ៥៤​គីឡូក្រាម ៥៧​គីឡូក្រាម ៦០​គីឡូក្រាម និង​៦៣,៥០​គីឡូក្រាម ។ ការទទួល​ពាក្យ​ចូលរួម​ប្រកួត ចាប់ផ្ដើម​ពី​ពេលនេះ រហូតដល់​ថ្ងៃទី​៣០ ខែកញ្ញា ខាងមុខ​។​

​លោក​ឩ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ដែលជា​ប្រមុខ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ បាន​មានប្រសាសន៍ថា កីឡាករ កីឡាការិនី ត្រូវ​ប្រុងប្រយ័ត្ន និង​ជៀសវាង​ឲ្យ​បាន​ដាច់ខាត នូវ​ការប្រើប្រាស់ សារធាតុ​លើក​កម្លាំង ថ្នាំ​បញ្ចុះ​ទឹកនោម ថ្នាំស្ពឹក ថ្នាំ​បំបាត់​ការឈឺចាប់ និង​ប្រភេទ​ថ្នាំញៀន​ទាំងឡាយ ដែល​បាន​ហាមឃាត់ ។​

​ការប្រកួត​នេះ នឹងធ្វើ​ដូច​រាល់​ឆ្នាំ​ដែរ គឺ​សមាគម ក្រសួង រាជធានី ខេត្ត ត្រូវ​ធ្វើការ​ចម្រាញ់​រក កីឡាករ កីឡាការិនី​ខ្លាំងៗ​របស់ខ្លួន ដោយ​មួយ​ប្រភេទ​ទម្ងន់ យកតែ​មួយរូប​ប៉ុណ្ណោះ ។​

​លោក​ឩ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ដែលជា​ប្រធាន​សហព័ន្ធ បាន​អះអាងថា តាម​គោលការណ៍ ការប្រកួត​ជើងឯក​បែបនេះ សម្រាប់​អ្នក​បាន​ចំណាត់ថ្នាក់​លេខ​១ បាន​រង្វាន់ ៣០ ម៉ឺន​រៀល លេខ​២ បាន ២០ ម៉ឺន​រៀល និង​លេខ​៣ បាន ១០ ម៉ឺន​រៀល ។ សម្រាប់​ឆ្នាំនេះ សហព័ន្ធ នឹង​ស្វះស្វែង​រកប្រាក់​រង្វាន់ សម្រាប់​ជ័យលាភី​លេខ​១ មិន​ទាប​ជាង ៣០០ ដុល្លារ​ឡើយ ឯ​លេខ​២ បាន ២០០ ដុល្លារ និង​លេខ​៣ បាន ១០០ ដុល្លារ ៕v