សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ រៀបចំ​សេណារីយោ ឆ្នាំ​ថ្មី និង​ពង្រឹង​ការប្រមូលផ្ដុំ​កីឡា​ថ្នាល​

414
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
ភ្នំពេញ​: សមាជិក​ប្រតិបត្តិ សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ បានរៀបចំ​ការប្រជុំ​ពិសេស​មួយ កាលពី​ថ្ងៃទី​១១ កុម្ភៈ ដើម្បី​ប្រមូល​គំនិត ពង្រឹងគុណភាព​ការងារ គុណភាព​កីឡាករ គុណភាព នៃ​ការប្រកួត មន្ត្រី​បច្ចេកទេស ពិសេស​ការប្រមូលផ្ដុំ​កីឡា​ថ្នាល ។​

​ជាមួយនឹង​ការប្រគល់ លិខិត​តែងតាំង​ជា​ផ្លូវការ ដល់​លោក ហេង សុឃន ជា​អនុប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​នោះ សហព័ន្ធ បាន​បែងចែក​ការងារ ដល់​អនុប្រធាន​ទាំង ៣ របស់​សហព័ន្ធ ដែល​ក្នុងនោះ លោក​ឧ​ត្ត​ម​សេនីយ៍ វ៉ា ស៊ិន​ភិរម្យ ទទួលបន្ទុក​ជា ប្រធាន​ក្រុមប្រឹក្សាវិន័យ និង​ជា​ប្រធាន អនុគណៈកម្មការ​វិន័យ ។ លោក​វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន ទទួល​បច្ចេកទេស និង ជា​ប្រធាន​អនុគណៈកម្មការ​សង្គ្រោះ ។ លោក​ហេង សុឃន ទទួលបន្ទុក​ឃោសនា ផ្សព្វផ្សាយ​ព័ត៌មាន និង​ហិរញ្ញវត្ថុ ។​

ជាមួយគ្នានេះ សហព័ន្ធ បាន​បង្កើត​អនុគណៈកម្មការ មួយចំនួន ដើម្បី​ជា​ជំនួយ ក្នុង​កិច្ចការងារ ដូចជា អគ្គលេខាធិការដ្ឋាន ដែលមាន​សមាជិក ១០ រូបនោះ មាន​លោក ម៉ិ​ល កាដូ ដែលជា​អគ្គលេខាធិការ​សហព័ន្ធ ជា​ប្រធាន ។ អនុគណៈកម្មកា​វិន័យ មាន​សមាជិក ៣ រូបនោះ មាន​លោក ឯម ហៀ​ង ជា​ប្រធាន ។ អនុគណៈកម្មការ​បច្ចេក​ទេស ចំនួន ៩ រូប មាន​លោក មាស សុខ​គ្រី ជា​ប្រធាន ។ អនុគណៈកម្មការ​គ្រូបង្វឹក មាន​លោក ទេស សូរ ជា​ប្រធាន ។ អនុគណៈកម្មការ​ស្រាវជ្រាវ អភិរក្ស និង​ឃោសនា ផ្សព្វផ្សាយ ដែលមាន​សមាជិក ៩ រូបនោះ មាន​លោក​ឧ​ត្ត​ម​សេនីយ៍ រាជ សុ​ផែន ជា​ប្រធាន ។ អនុគណៈកម្មការ​ហិរញ្ញវត្ថុ ដែលមាន​សមាជិក ៤ រូបនោះ មាន​អ្នកស្រី ប៉ឹង សំអាង ជា​ប្រធាន និង​អនុគណៈកម្មការ​សង្គ្រោះ ដែលមាន​សមាជិក ៣ រូបនោះ មាន​លោកគ្រូ​ពេទ្យ ជឹម ផល្លា ជា​ប្រធាន ។​

អង្គប្រជុំ បាន​ឯកភាពគ្នា លើ​ការប្រមូលផ្ដុំ​កីឡាករ​ថ្នាល ដោយ​នៅក្នុង​ការជ្រើសរើស​នោះ ត្រូវ​អញ្ជើញ​អាណាព្យាបាល របស់​ពួកគេ មកជា​មួយ ដើម្បី​ស្វែងរក​ការឯកភាព ពី​ពួកគាត់ ក្នុងការ​ឲ្យ​កូនៗ​របស់​ពួកគាត់ មក​ហ្វឹកហាត់ រៀងរាល់ឆ្នាំ ។ កីឡាករ​ថ្នាល សុទ្ធ​តែមាន​អាយុ​ក្រោម ១៨ ឆ្នាំ ហើយ​ពួកគេ កំពុងតែ​ស្ថិតក្នុង​បន្ទុក របស់​អាណាព្យាបាល ហេតុនេះ ត្រូវតែមាន​ការយល់ព្រម ពី​អាណាព្យាបាល ។​ជា​គ្នា​នេះ​ក៏ត្រូវ​មានការ​ឯកភាព​ពី​គ្រូបង្វឹក និង ក្លិប​របស់​ពួកគេ​ដែល កំពុង​ហ្វឹកហាត់​ទៀតផង ។​

​ម្យ៉ាងវិញទៀត កីឡាករ​ថ្នាល មិនអាច​ឆ្នាំនេះ មនុស្ស​ផ្សេង ហើយ​ឆ្នាំក្រោយ មនុស្ស​ផ្សេង​នោះទេ ព្រោះ​ជា​កីឡាករ ត្រៀម​សម្រាប់ ឆ្នាំ​២០២៣ ។ ចំពោះ​កីឡា​ជម្រើសជាតិ គឺជា​រឿង​ផ្សេង គឺ​នរណា​ដណ្ដើមបាន​ចំណាត់ថ្នាក់ ក្នុងការ​ប្រកួត​ជើងឯក​ជាតិ អ្នកនោះ ត្រូវ​ជាប់​ជា​ជម្រើសជាតិ ៕v

ទិដ្ឋភាព​ប្រជុំ និង ប្រគល់​លិខិត​តែងតាំង​
ទិដ្ឋភាព​ប្រជុំ និង ប្រគល់​លិខិត​តែងតាំង​