សហព័ន្ធ​ប្រណាំង​កង់​អន្តរជាតិ ជ្រើស​រើស​កម្ពុជា​រៀបចំ​ព្រឹត្តិការណ៍​​ប្រណាំង​កង់​ពិភពលោក​នៅ​តំបន់ឆ្នេរ សម្រាប់​ឆ្នាំ​២០២០

238
ចែករម្លែក

ដោយ:​មូល​សម្បត្តិ​-​ភ្នំពេញ ​៖ នា​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩ នៅ​
​ទីស្តីការ​ក្រសួងទេសចរណ៍ លោក​ថោង ខុន បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​
​អន្តរក្រសួង ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​នៅ​តំបន់ឆ្នេរ​កម្ពុជា នា​ដើមឆ្នាំ​២០២០ ខាងមុខនេះ​។​

សហព័ន្ធ​ប្រណាំង​កង់​អន្តរជាតិ (UCI) ដែលជា​ស្ថាប័ន​រៀបចំ​កីឡា​ប្រណាំង​កង់​លំដាប់​ពិភពលោក បានជ្រើសរើស​ប្រទេស​កម្ពុជា​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍ «​ប្រណាំង​កង់​ពិភពលោក​នៅ​តំបន់ឆ្នេរ​សមុទ្រ​» ចាប់ពី​ថ្ងៃទី​០៤-០៦ ខែមករា ឆ្នាំ​២០២០ ខាងមុខនេះ​។ ព្រឹត្តិការណ៍​ពិភពលោក​នេះ រៀបចំឡើង​ក្រោម​កិច្ចសហការ​រវាង​ក្រសួងទេសចរណ៍ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា ក្លឹប​ឆ្នេរ​ស្អាត​បំផុត​លើ​ពិភពលោក និង​សហព័ន្ធ​ប្រណាំង​កង់​អន្តរជាតិ (UCI)​។​

​លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ និង​ជា​អគ្គលេខាធិការ NOCC បាន​បញ្ជាក់ថា រយៈពេល​៣​ថ្ងៃ នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់​លំដាប់​ពិភពលោក​នេះ នឹងត្រូវ​ឆ្លងកាត់​ខេត្តកោះកុង ខេត្តកំពត ខេត្ត​កែប និង​ខេត្ត​ព្រះសីហនុ ដែលជា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​របស់​កម្ពុជា ដែល​ត្រូវបាន​បែង​ចែកជា​៣​ដំណាក់កាល រួមមាន​៖

  • ដំណាក់កាល​ទី​១៖ នា​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២០ ចាប់ផ្ដើម​ចេញដំណើរ​ដំបូង​ពី​តំបន់​វិស្សមកាល​ទេសចរណ៍​តារា​សាគរ ឆ្លងកាត់​រង្វង់​មូល​ព្រឹទ្ធាចារ្យ សាយ ភូ​ថង (​ស្ថិតក្នុង​ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង​) ឆ្ពោះទៅ​ក្រុង​ខេមរភូមិន្ទ (​ទី​រួម​ខេត្តកោះកុង​) ដែលមាន​ចម្ងាយ​សរុប​ប្រមាណ ១៣៥​គីឡូម៉ែត្រ​។​
  • ដំណាក់កាល​ទី​២៖ នា​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២០ ចេញដំណើរ​ពី​រង្វង់​មូល​ព្រឹទ្ធាចារ្យ សាយ ភូ​ថង ឆ្លងកាត់​ផ្លូវបំបែក​ស្រែអំបិល ឆ្ពោះទៅ​រង្វង់​មូល​វាលរេញ (​ស្ថិតក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​) និង​បន្ត​ទៅកាន់​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ ខេត្តកំពត ដែលមាន​ចម្ងាយ​សរុប​ប្រមាណ ១៧០​គីឡូម៉ែត្រ​។​
  • ដំណាក់កាល​ទី​៣៖ ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០២០ ចេញដំណើរ​ពីមុខ​សាលាខេត្ត​កែប ឆ្លងកាត់​រង្វង់​មូល​សេះស ឆ្ពោះទៅកាន់​រង្វង់​មូល​ទុរេន នៃ​ខេត្តកំពត រួច​បន្ត​ទៅកាន់​រង្វង់​មូល​វាលរេញ ឆ្ពោះទៅ​រង្វង់​មូល​តោ​ពីរ នៃ​ខេត្ត​ព្រះសីហនុ ពេលទៅដល់​ជិះ​វង់​ជុំវិញ​រង្វង់​មូល​តោ​ពីរ​ចំនួន​៣​ជុំ ហើយ​បន្ត​ឆ្ពោះទៅ​រមណីយដ្ឋាន​ឆ្នេរ​សុខា រមណីយដ្ឋាន​ឆ្នេរ​ឯករាជ្យ ព្រះរាជដំណាក់ រួច​ចុះ​តាមផ្លូវ​ឆ្នេរ​ឯករាជ្យ តម្រង់​ទៅ​រង្វង់​មូល​តោ​ពីរ​វិញ ហើយ​បញ្ចប់​នៅ​ទីនោះ​តែម្ដង ដែលមាន​ចម្ងាយ​សរុប​ប្រមាណ ១៥៥​គីឡូម៉ែត្រ​។​

​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​នេះ ក៏​ជាការ​គាំទ្រ​ដល់​កម្ពុជា​ក្នុងការ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ផងដែរ មានន័យថា វា​នឹងចូលរួម​ជំ​រុញឱ្យ​កីឡាករ និង​ប្រជាជន​កម្ពុជា​បង្កើន​ការលេង ការហ្វឹកហាត់​កីឡា​ឱ្យបាន​ច្រើន ដើម្បី​បង្កើន​សមត្ថភាព​របស់​ខ្លួន និង​ឈោង​ចាប់​ជំនាញ​កីឡា​ណាមួយ​ឱ្យបាន​ច្បាស់លាស់ សំដៅ​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ខាងមុខ​នោះ​។​

​ជាងនេះទៀត ព្រឹត្តិការណ៍​ប្រណាំង​កង់​នេះ ក៏​នឹង​ជួយ​ជា​លក្ខណៈ​បច្ចេកទេស​ដល់​សហព័ន្ធ​កីឡា​ប្រណាំង​កង់​កម្ពុជា​ផងដែរ ដែល​កំពុងតែ​ហ្វឹកហាត់​យ៉ាង​សកម្មភាព ដើម្បី​ត្រៀម​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​នានា ពិសេស​គឺ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ខាងមុខ​។​

​តាម​ការបញ្ជាក់​របស់​លោក វ៉ា​ត់ ចំរើន សម្រាប់​ក្រុម​កីឡាករ​កម្ពុជា គឺជា​បទពិសោធន៍​ថ្មី​មួយ​ក្នុង​ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ពិភពលោក​មួយ​នេះ ពីព្រោះ​កន្លងមក​កម្ពុជា​បានត្រឹមតែ​ចូលរួម​ជាមួយ​ព្រឹត្តិការណ៍​ថ្នាក់ជាតិ ថ្នាក់​តំបន់ ឬ​ការប្រកួត​ដណ្ដើម​ជើងឯក​នៅ​ប្រទេស​មួយចំនួន​ប៉ុណ្ណោះ ពោលគឺ​មិនដែល​បាន​ចូលរួម​ប្រណាំង ក្នុង​កម្មវិធី​ប្រតិទិន​របស់​សហព័ន្ធ​ប្រណាំង​កង់​អន្តរជាតិ​បែបនេះ​ឡើយ​។

​មកដល់​ថ្ងៃនេះ មាន​ក្រុម​កីឡាករ​ចំនួន​២០​ប្រទេស​ហើយ ដែល​បាន​ចុះឈ្មោះ​ចូលរួម​ប្រណាំង​កង់​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​នេះ​។ ក្នុងនោះ​នៅ​កម្ពុ​ជាមាន​ចំនួន ១​ក្រុម​។ មកពី​ម៉ាឡេស៊ី​ចំនួន ២​ក្រុម ។​ឥណ្ឌូនេស៊ី​ចំនួន ១​ក្រុម សិង្ហ​បុរី​ចំនួន ១​ក្រុម ។​ហ្វីលីពីន​ចំនួន ១​ក្រុម​។ ថៃ​ចំនួន ១​ក្រុម​។ កូរ៉េខាងត្បូង​ចំនួន ១​ក្រុម ។​ជប៉ុន​ចំនួន ១​ក្រុម​។ ចិន​ចំនួន ១​ក្រុម​។ អូស្ត្រាលី​ចំនួន ១​ក្រុម ។​អ៉ី​តា​លី​ចំនួន ២​ក្រុម ។​កា​ហ្សា​ក់​ស្ថាន​ចំនួន ១​ក្រុម​។ បារាំង​ចំនួន ២​ក្រុម​។ សហរដ្ឋអាមេរិក​ចំនួន ១​ក្រុម ។​អេស្បាញ​ចំនួន ១​ក្រុម និង​អង់គ្លេស​ចំនួន ១​ក្រុម​។​

​គួរ​កត់សំគាល់ថា នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ខាងលើនេះ បាន​ផ្ដោត​សំខាន់​លើ​បញ្ហា​ផ្លូវ​ធ្វើដំណើរ និង​ប្រណាំង ដែល​កំពុង​រង​ការខូចខាត​នៅ​ផ្នែក​មួយចំនួន ដូចជា​ផ្លូវ​ចេញពី​ក្រុង​ខេមរភូមិន្ទ​មក​រង្វង់​មូល​ស្រែអំបិល ផ្លូវ​ចេញពី​ក្រុងព្រះសីហនុ​ឆ្លងកាត់​វាលរេញ​ទៅ​ក្រុង​កំពត ក៏ដូចជា​បញ្ហា​កកស្ទះ​នៅ​ក្រុងព្រះសីហនុ​ជាដើម ប៉ុន្តែ​ទោះជា​យ៉ាងណា លោក ថោង ខុន ក៏បាន​ជំរុញ​ឱ្យ​ព​ន្លឿ​ន​ការជួសជុល និង​ដោះស្រាយ​ឱ្យបាន​ទាន់​ព្រឹត្តិការណ៍​មកដល់​ផងដែរ​៕​B/