សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ប្រាប់​មូលហេតុ​ពី​អង្ករ​កម្ពុជា​ទទួលបាន​ពានរង្វាន់​ល្អ​ដាច់​គេ​លើ​ពិភពលោក​នា​ឆ្នាំនេះ​

1194
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: បន្ទាប់ពី​ប្រទេស​កម្ពុជា ទទួលបាន​ពានរង្វាន់​អង្ករ​ល្អ​ជាងគេ​លើ​ពិភពលោក​ឆ្នាំ​២០១៨​នេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានបញ្ជាក់​ពី​មូល​ហេតុថា គឺ​បានមកពី​ការខិតខំ​ប្រឹងប្រែង​ក្នុង​ការធ្វើ​បន្សុទ្ធ​ពូជស្រូវ ការពង្រឹង​គុណភាព​ស្រូវ​អង្ករ ការបង្កើន​ស្តង់ដារ​រោង​ម៉ាស៊ីន​ជា​កម្រិត​អន្តរជាតិ​ដើម្បី​កិន​កែច្នៃ​អង្ករ​ឲ្យ​មាន​ស្តង់ដារ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត​មាន​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បង្ហាញ​នៅ​ល្ងាច​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨ បានលើកឡើង​បន្តថា កម្ពុជា​ធ្លាប់​ទទួលបាន​ពានរ​ង្វា់​អង្ករ​ល្អ​ជាងគេ​បំផុត ក្នុង​ពិភពលោក រយៈពេល​០៣​ឆ្នាំ​ជាប់ៗ​គ្នា​២០១២, ២០១៣ និង​ឆ្នាំ​២០១៤ ហើយ​នៅ​ឆ្នាំ​បន្តបន្ទាប់​គឺ​២០១៥, ២០១៦ និង​ឆ្នាំ​២០១៧ កម្ពុជា​នៅ​រក្សាបាន​លំដាប់​លេខ​២ ជាពិសេស​ឆ្នាំ​២០១៨​នេះ​កម្ពុជា​យើង​បានទទួល​ពានរង្វាន់​ល្អ​ជាងគេ​បំផុត​ក្នុង​ពិភពលោក​ត្រឡប់មកវិញ​។ លើសពីនេះ​ទៀត ការដែល​កម្ពុជា​អាច​ទទួលបាន​ពាន​រង​ដ្វា​ន់​អង្ករ​ល្អ​ដាច់​គេ​នេះ ដោយសារ​កម្ពុជា​មានពូជ​ស្រូវ​ដែល​ល្អ​និង​អង្ករ​មាន​រសជាតិ​ក្រអូប​ឆ្ងាញ់​ដែល​ពូជស្រូវ​នោះបាន​បន្សល់ទុក​តាំងពី​ដូនតា​មក​។ ហើយ​កម្ពុ​ជាមាន​ទីតាំង​ភូមិសាស្ត្រ​អំណោយផល​សម្រាប់​វិស័យ​កសិកម្ម ពិសេស​សម្រាប់​ស្រូវ​អង្ករ​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​និង​ទន្លេមេគង្គ​ជាដើម​។

​ប្រភព​ខាងលើ​បញ្ជាក់ទៀតថា ស្របពេល​ជាមួយគ្នានេះ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាននិងកំពុង​តែ​ខិតខំ​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្នុងការ​ធ្វើ​ម៉ាក​វិញ្ញាតកម្ម​អង្ករ​ជាតិ “​ម្លិះ​អង្ករ​” ដែល​បាន​គ្របដណ្តប់​លើ​អង្ករ​ក្រអូប​ប្រណិត​ជាច្រើន​របស់​កម្ពុជា ដើម្បី​បញ្ជាក់​និង​រក្សា​ឲ្យ​បាន​នូវ​គុណភាព​អង្ករ​គុណភាព​អង្ករ​ល្អ​ជាងគេ និង​មាន​រសជាតិ​ក្រអូប​ឆ្ងាញ់​ពិសារ​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក​និង​នាំចេញ​ទៅកាន់​ទីផ្សារ​ពិភពលោក​។​ការទទួលបាន​នូវ​ពានរង្វាន់​លើក​នេះ​នឹង​ជួយ​លើកតម្កើង​មុខមាត់ គុណ​តម្លៃ​អង្ករ​កម្ពុជា និង​ភាពងាយស្រួល​ក្នុងការ​ផ្សព្វផ្សាយ​ពី​ម៉ាក​វិញ្ញាតកម្ម​អង្ករ​ជាតិ ម្លិះ​អង្ករ ក៏ដូចជា​អង្ករ​កម្ពុជា ទាំង​នៅ​កម្រិត​ជាតិ​និង​អន្តរជាតិ​។​

​សូមបញ្ជាក់ថា អង្ករ​ក្រអូប​ប្រណីត​កម្ពុជា​ដែល​ឈ្នះ​ពានរង្វាន់​អង្ករ​ល្អ​ជាងគេ​បំផុត​ក្នុង​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៨​នេះ គឺ​ក្នុងចំណោម​ប្រទេស​នានា​ដែល​បានដាក់​ប៉ាន់​អង្ករ​សរុប​ទាំងអស់​ចំនួន​៣៦​សំណាក​អង្ករ នៅក្នុង​សន្និសីទ​ស្រូវ​-​អង្ករ​ពិភពលោក​លើក​ទី​១០ ដែល​រៀបចំ​ដោយ The Rice Trader (TRT) មាន​រយៈពេល​០៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១០ ដល់ទី​១២ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហាណូយ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។

​នៅក្នុង​ពិធី​ខាងលើនេះ លោក សុខ ពុទ្ធិ​វុ​ធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានធ្វើ​បទ​បង្ហាញ​ដោយ​លើកយក​ប្រធានបទ​ស្តីពី “Cambodia’s Key Export Origin in Focus” ដោយ​សង្កត់ធ្ងន់​លើ​ការនាំចេញ​អង្ករ​កម្ពុជា ដោយបាន​សង្កត់ធ្ងន់​លើ​ការនាំចេញ​អង្ករ​កម្ពុជា អង្ករ​ដែលមាន​គុណភាព​ប្រណីត ការធ្វើ​ពិពិធ​កម្ម​និង​ការពង្រីក​ទីផ្សារ ការធ្វើ​ទំនើបកម្ម​សង្វាក់​ផលិតកម្ម​ស្រូវ​អង្ករ និង​ការ​ឈានទៅ​ការធ្វើ​ការចុះ​ម៉ាក​សញ្ញា​សំគាល់​ភូមិសាស្ត្រ (GI) នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​ដែលមាន​លក្ខណៈពិសេស និង​មាន​ប្រពៃណី​ដាំ​ដុះ​ស្រូវ​ដែលមាន​គុណភាព​ដ៏​យូរលង់​ណាស់​មកហើយ​។ ពិសេស​ជាងនេះទៀត គឺ​ផ្តោតលើ​លក្ខណៈសម្បត្តិ​អង្ករ​នៅ​មុនពេល​ចម្អិន​(​ស​ពោះ ភាព​បាក់ ទំហំ ពណ៌​) និង​ក្រោយ​ចម្អិន (​ភាព​ភ្លឺរលោង ភាព​ស្អិតរ​មួ​ត រសជាតិ ក្លិន ភាព​ងាយ​ក្នុងការ​បរិភោគ​)៕ ល​