សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ក្រសួងទេសចរណ៍​បង្កើត​កម្មវិធី “​កម្មសិក្សា​ក្នុង​វិស័យ​ទេសចរណ៍ – Internship”

1102
ចែករម្លែក

​ដោយ​: បូ​រិ​ន / ភ្នំពេញ​: អនុវត្តតាម​យុទ្ធនាការ​នៃ “​បុគ្គលិក​ម្នាក់ ជំនាញ​មួយ​” ក៏ដូចជា​ចលនា​ប្រឡងប្រណាំង “​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​” និង​យោង​លទ្ធផល​ថ្ងៃ​វេទិកា​ជាតិ​ទេសចរណ៍ លើក​ទី​១ ក្រោម​ប្រធានបទ “​យុវជន និង​ទេសចរណ៍​” កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧​។

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែងថា “​ខ្ញុំ​សូម​គ្រាំទ្រ​លើ​ការដាក់ចេញ​កម្មវិធី​កម្មសិក្សា – Internship ក្នុង​វិស័យ​ទេសចរណ៍​៖ ដើម្បី​អនុញ្ញាតឱ្យ​សិស្ស​-​និស្សិត​ដែល​សិក្សា​ជំនាញ​ទេសចរណ៍​មានឱកាស​សិក្សា​ស្វែងយល់​អំពី​ប្រព័ន្ធ​កម្មសិក្សា (Internship) ក្នុង​វិស័យ​ទេសចរណ៍ និង​ក្រេប​យក​បទពិសោធន៍​ល្អ​ពី​ស្ថាប័ន​ដែល​ខ្លួន​ចុះ​កម្ម​-​សិក្សា​នោះ​…” សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​វិស័យ​ទេសចរណ៍ ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួងទេសចរណ៍ និង​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​រៀបចំ​កម្មវិធី​កម្មសិក្សា – Internship ក្នុង​វិស័យ​ទេសចរណ៍ ដោយ​បង្កើត​នូវ Platform មួយ​សម្របសម្រួល និង​ផ្តល់ឱកាស​ឱ្យ​សិស្ស​-​និស្សិត​អាច​ស្វែងរក​ឱកាស​កម្មសិក្សា​ខ្លីៗ​នៅតាម​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ជា​ដៃគូ​។

សូមបញ្ជាក់ថា​កម្មវិធី​កម្មសិក្សា – Internship ក្នុង​វិស័យ​ទេសចរណ៍​នេះ ត្រូវ​បានដាក់​បង្ហាញ​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២ ស្ដីពី “​កិច្ចព្រមព្រៀង​ទទួលស្គាល់​គ្នា​ទៅវិញទៅមក លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន ក្រោម​ប្រធានបទ​៖ អភិវឌ្ឍ​ធនធានមនុស្ស ដើម្បី​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ប្រកបដោយ​និរន្តរភាព​” កាលពី​ថ្ងៃទី​២១-២២ ខែមិថុនា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ។

​យោងតាម លោក ណេ​ប សាមុត ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​វិស័យ​ទេសចរណ៍ និង​ជា​អគ្គនាយក​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ បានបញ្ជាក់​ថា​ភាគី​ពាក់ព័ន្ធ​អាច​ចូលរួម​ក្នុង​កម្មវិធី​រួមមាន​៖

​ទី​១.​សិស្ស​-​និស្សិត​ដែលមាន​បំណង​ស្នើសុំ​កម្មសិក្សា​៖
– និស្សិត​ទើប​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ
– ឬ​កំពុង​សិក្សា​ឆ្នាំ​ទី​២ ទី​៣ ឬ​ទី​៤ ក្នុង​មុខជំនាញ​ទេសចរណ៍ គណនេយ្យ ធនាគារ​និង​ហិរញ្ញវត្ថុ គ្រប់គ្រង​ធនធានមនុស្ស គ្រប់គ្រង​ធុរកិច្ច ជំនាញ​ទីផ្សារ កុំព្យូទ័រ និង​មុខជំនាញ​ដទៃទៀត​ដែលមាន​ឧបនិស្ស័យ​នឹង​វិស័យ​ទេសចរណ៍
​ទី​២.​ស្ថាប័ន​-​ក្រុមហ៊ុន​ដែល​ទទួល​កម្មសិក្សាការី​៖
​សហគ្រាស​ក្រុមហ៊ុន​នានា ដែល​ក្នុងនោះ​រួមមាន​៖ សណ្ឋាគារ និង​សេវា​ស្នាក់នៅ​, ការី​ទេសចរណ៍​, ទីភ្នាក់ងារ​ទេសចរណ៍​, រមណីយដ្ឋាន​ទេសចរណ៍​, សេវាកម្ម​មណ្ឌល​កម្សាន្ត​មនុស្សពេញវ័យ និង​សេវាកម្ម​កីឡា​ទេសចរណ៍​ជាដើម អាច​ចូលរួម​នៅក្នុង​កម្មវិធី​“​កម្មសិក្សា​ក្នុង​វិស័យ​ទេសចរណ៍​” នេះ ដែលជា​ការចូលរួម​ដល់​កិច្ចការងារ​សង្គម និង​ក៏ដូចជា​ការងារ​ពង្រឹង និង​ផ្តល់ឱកាស​ដល់​យុវជន​បានការ​បណ្តុះបណ្តាល​សម​ត្ថ​ភាព​ផង​។

កម្មវិធី​“​កម្មសិក្សា​ក្នុង​វិស័យ​ទេសចរណ៍​”​មាន​ក្តី​រីករាយ​សូម​ជម្រាប​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ ប្អូនៗ​យុវជន និង​សាធារណៈជន ដែលមាន​ចំណាប់អារម្មណ៍​សូម​ទំនាក់ទំនង​មក​តាមរយៈ​តំណ​លីង ដូចខាងក្រោម​៖

១. សម្រាប់​ព័ត៌មាន​បន្ថែម  http:/cambodiainternship.org/kh/
២.​សម្រាប់​ស្ថាប័ន​-​ក្រុមហ៊ុន​ដែលមាន​បំណង​ទទួល​កម្មសិក្សាការី អាច​ចុះឈ្មោះ​តាមរយៈ​ http://cambodiainternship.org/kh/registerc
៣.​សម្រាប់​សិស្ស​-​និស្សិត​ដែលមាន​បំណង​ស្នើសុំ​កម្មសិក្សា អាច​ចុះឈ្មោះ​តាមរយៈ​ http://cambodiainternship.org/kh/registers៕ ល​