សហភាព​អឺរ៉ុប​គឺជា​ដៃគូ​ដ៏​សំខាន់​មួយ​របស់​ក្រសួងកសិកម្ម​លើ​វិស័យ​ជលផល

1212
ចែករម្លែក

​ដោយ:សុផល​/​ព្រៃវែង ៖ ​ក្នុង​វិស័យ​ជលផល និង​ការ​ចិញ្ចឹមសត្វ​សហភាព​អឺរ៉ុប​គឺជា​ដៃគូ​ដ៏​សំខាន់​មួយ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ វិស័យ​ជលផល​កម្ពុជា ទទួលបាន​ថវិកា​៧​លាន​៣​សែន​អឺរ៉ូ​ពី​សហភាព​អឺរ៉ុប ខណៈ​វិស័យ​កសិកម្ម​ទាំងមូល​ទទួលបាន​ថវិកា​គាំទ្រ​ពី​សហភាព​អឺរ៉ុប​ចំនួន​២០​លាន​អឺរ៉ូ​សម្រាប់​ឆ្នាំ​២០១៣-២០១៨​។​

​កាលពី​សប្ដាហ៍​មុន ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ច​ច អេ​ដ​ហ្គា​រ​( GEORGE EDGAR) បាន​ចុះទៅ​កាន់​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប​បាទី ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។ ទីនេះ​គឺជា​កន្លែង​បង្កាត់​ពូជ និង​ភ្ញាស់​កូន​ត្រី​ធំជាងគេ​លំដាប់​ទី​២​នៅ​កម្ពុជា​និង​ជា​កន្លែង​ភ្ញាស់​បង្កង កង្កែប ផងដែរ​។​

​លោក​ឯកអគ្គរដ្ឋទូត បានឲ្យដឹងថា​ ​ការគាំទ្រ​របស់​សហភាព​អឺរ៉ុប​វិស័យ​ជលផល និង​ការ​ចិញ្ចឹមសត្វ​មាន​គោលដៅ​​រួមចំណែក​ដល់​ការសម្រេច​គោលដៅ​ជា​យុទ្ធសាស្ត្រ​សម្រាប់​វិស័យ​កសិកម្ម ដែល​ត្រូវបាន​ដាក់ចេញ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ហើយ​ក្នុងពេល​ជាមួយគ្នា ខិតខំ​ធានា​យ៉ាងណា​ឱ្យ​វិស័យនេះ​សម្រេច​បាន​នូវ​កំណើន​ប្រកបដោយ​សមធម៌​ ដើម្បី​ប្រយោជន៍​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ដែល​រស់​នៅតាម​តំបន់​ជនបទ​។ ក្នុង​អនុវិស័យ​ជលផល យើង​ធ្វើ​ការងារ​ជាមួយនឹង​រដ្ឋាភិបាល សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​នេសាទ​ប្រកបដោយ​ចីរភាព​ក្រោម​ក្របខ័ណ្ឌ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​វិស័យ​នេសាទ (SPF) ២០១០ – ២០១៩​។​

​ខណៈពេលដែល​ចំនួន​ប្រជាជន​កម្ពុជា​មានការ​កើនឡើង តម្រូវការ​ត្រី​ក៏មាន​ការកើនឡើង​ផងដែរ តែ​ក្នុង​ប្រទេស​​កម្ពុជា វារីវប្បកម្ម គឺជា​វិស័យ​ផលិតកម្ម ដែល​ទើប​ចាប់ផ្តើម​រីកចម្រើន កាលពីពេល​ថ្មីៗ ។​ដូច្នេះ​ក្រៅពី​ត្រី​ធម្មជាតិ​ចាំបាច់​ត្រូវ​ចិញ្ចឹម​បន្ថែម​ដើម្បី​បំពេញតម្រូវការ និង​បង្កើន​ចំណូល​។​

​លោក ស្រេង លីម​សុង អគ្គនាយករង​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា​ ការជួយ​លើ​វិស័យ​ជលផល​កម្ពុជា​របស់​ស​ហ​ភាព​អឺរ៉ុប មាន​ទំហំធំធេង​ណាស់​ដែល​មិន​ធ្លាប់មាន​ពីមុនមក​គឺ​ថវិកា​៧​លាន​៣​សែន​អឺរ៉ូ​។

គម្រោង​ដែល​ទៀប​នឹង​ចប់​ថ្មីៗ​នេះ បាន​ឆ្លើយតប​ចំពោះ​បញ្ហា​ជាច្រើន​។ ក្នុងចំណោម​បញ្ហា​ប្រឈម​ធំៗ​នានា ក្នុង​វិស័យ វារីវប្បកម្ម បញ្ហា​ប្រឈម​មួយ គឺ​កង្វះ​នូវ​ជំនាញ​បច្ចេកទេស​គ្រប់គ្រាន់់​់ក្នុងចំណោម កសិករ អ្នកផ្តល់​សេវាសាធារណៈ និង​យុវជន​ជំនាន់​ក្រោយ ក៏ដូចជា​កង្វះ​និស្សិត​ដែល​កំពុង​សិក្សា​ជំនាញ​នេះ ។ រដ្ឋបាល​ជលផល កំពុង​ប្រឹងប្រែង​ពង្រឹងសមត្ថភាព​ស្រាវជ្រាវ និង​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​អំពី​បច្ចេកទេស​ចិញ្ចឹម​ត្រី​ដែលមាន​ប្រសិទ្ធភាព និង​លើកកម្ពស់​ការគ្រប់គ្រង​វិស័យ​នេសាទ​ប្រកបដោយ​ចីរភាព​។ ចាប់តាំងពី​ឆ្នាំ ២០១៦ មក ប្រជាពលរដ្ឋ​ចំនួន ២.៦៤២ នាក់ ស្រី ៥៣៨ នាក់ បានទទួល​ការបណ្តុះបណ្តាល​។ សាងសង់​ស្រះ​បន្ថែម អគារ សម្ភារៈ ឧបករណ៍ អាង​ភ្ញាស់​ត្រី​ច្រើន​ប្រភេទ ។ ​ការគាំទ្រ​របស់​សហភាព​អឺរ៉ុប​បាន​ជួយ​នាំមក​នូវ​ការអភិវឌ្ឍ​យ៉ាងច្រើន ក្នុង​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប (FARDeC) ដែលមាន​ទីតាំង​ក្នុង​ឃុំ​បាទី​។ ការគាំទ្រ​នេះ ក៏​ផ្តល់​លទ្ធភាព​ឱ្យមាន​ការស្រាវជ្រាវ​សំខាន់ៗ​អំពី​ការ​បង្កាត់​ពូជ​ត្រី និង​ការពង្រីក​សកម្មភាព​ការងារ​របស់​មជ្ឈមណ្ឌល​នេះ​ផងដែរ​។ សមត្ថភាព​ស្រាវជ្រាវ​របស់​អ្នកស្រាវជ្រាវ និង​និស្សិត​ជាច្រើន ក្នុង​មជ្ឈមណ្ឌល​នេះ ក៏មាន​ការរីកចម្រើន​គួរឱ្យកត់សម្គាល់​ផងដែរ​។
​ជា​រៀងរាល់ឆ្នាំ មានការ​ផលិត​កូន​ត្រី​ជាង​បួន​លាន​ក្បាល​។ កូន​ត្រី​ទាំងនេះ ត្រូវបាន​ប្រើប្រាស់ ដើម្បី​គាំទ្រ​ដល់​សកម្មភាព​ផ្សព្វផ្សាយ​វារីវប្បកម្ម ក្នុង​ខេត្ត​ចំនួន ១៣​។

លើសពីនេះ កូន​ត្រី​មួយចំនួន ត្រូវបាន​លែង​ទៅក្នុង​បឹង​ទន្លេ​ធម្មជាតិ ក្នុង​ទិវា​មច្ឆា​ជាតិ ដើម្បី​បង្កើន​ផលិតភាព​ត្រី​ធម្មជាតិ​ឡើងវិញ​។

​លោក អោ វាសនា ដែលជា​មន្ត្រី​ម្នាក់​ដែល​បាន​ចូលរួម​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​កន្លងមក បាន​និយាយថា “​សំខាន់ បំផុត យើង​ត្រូវ​ការជំនាញ​បច្ចេកទេស​។ ប្រសិនបើ​ពុំមាន​ជំនាញ​បច្ចេកទេស​ទេ យើង​ពុំ​អាច​ទទួល​បាន​ជោគជ័យ​នោះឡើយ​។ ដូច្នេះហើយ​បានជា​ក្រុមការងារ​របស់​យើង កំពុង​រៀបចំ​គោលការណ៍​ណែនាំ​បច្ចេកទេស​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ដល់​កសិករ​”​។

​ការអភិវឌ្ឍ​វិស័យ​វារីវប្បកម្ម បាន​ចូលរួម​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​អ្នកភូមិ (​សន្តិសុខ​ស្បៀង អត្ថប្រយោជន៍​ផ្នែក​សុខភាព និង​ការសង​បំណុល​) ក្នុង​ឃុំ​ជាច្រើន​។ ការបង្កើន​សមត្ថភាព​ស្រាវជ្រាវ នឹង​កសាង​នូវ​មូលដ្ឋាន​សម្រាប់​ពង្រឹង និង​បង្កើន​ផលិតភាព​វិស័យ​វារីវប្បកម្ម​បន្ថែមទៀត​។​

​លោក ម៉េង សុ​ថៃ ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប​បាទី ស្រុក​ពាម​រក៍ ខេត្តព្រៃវែង បានឱ្យដឹងថា​ ​ក្នុង​មួយឆ្នាំ​មជ្ឈមណ្ឌល​ចែកចាយ​ពូជ​ត្រី​ដល់​ប្រជាជន​ជាង​២​លាន​ទៅដល់​៤​លាន​កូន​។ ​នៅ​ឆ្នាំ​២០១៦ បាន​ផ្គត់ផ្គង់​ត្រី​ពូជ​ដល់​ជាង​៣០០​គ្រួសារ និង​ឆ្នាំ​២០១៧ ជាង​៥០០​គ្រួសារ និង​ឆ្នាំ​២០១៨​បាន​បែងចែក​ត្រី​រហូតដល់​ជាង​១៥០០​គ្រួសារ​ដែល​រស់នៅ​ព​ន្តា​ខេត្ត​នានា​ព្រៃវែង ត្បូងឃ្មុំ កំពង់ចាម តាកែវ កំពង់ឆ្នាំង កំពង់ធំ បាត់ដំបង បន្ទាយមានជ័យ​។​

​លោក​បាន​បញ្ជាក់ថា​ ​ការចិញ្ចឹម​ត្រី បង្កង ឬ​កង្កែប មាន​សារៈសំខាន់​ណាស់ ជួយ​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ផង និង​បង្កើន​ចំណូល​សម្រាប់​ជីវភាព​គ្រួសារ​ផង​៕B/